អន្តរជាតិ
ឥណ្ឌូណេស៊ីស្នើឲ្យភាគីជម្លោះនយោបាយមីយ៉ាន់ម៉ាចរចា និងបញ្ចៀសការបង្ហូរឈាមគ្នា
25, Feb 2021 , 2:26 pm        
រូបភាព
លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។  (រូបភាព៖ AFP)
លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។ (រូបភាព៖ AFP)
ប្រមុខការទូតឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានអះអាងថា ខ្លួនបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងរដ្ឋាភិបាលយោធាពីវិបត្តិនយោបាយមីយ៉ាន់ម៉ា។ នាជំនួបនោះ រដ្ឋមន្រ្តីការបរទេសរូបនេះបានជំរុញឱ្យរាល់ភាគីប្រឹងគ្រប់គ្រងស្ថានការណ៍ និងបញ្ចៀសការបង្ហូរឈាមគ្នា។

 
 
ឥណ្ឌូណេស៊ីកំពុងស្វះស្វែងយ៉ាងខ្លាំងក្នុងការជួយដោះស្រាយវិបត្តិនយោបាយមីយ៉ាន់ម៉ាដែលកំពុងតានតឹង ក្នុងនាមជាបងធំអាស៊ាន។ គេឃើញរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី  លោកស្រី Retno  Marsudi  បំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ានជាច្រើនដូចជា ព្រុយណេ សិង្ហបុរី  និងចុងក្រោយនេះថៃ។
 
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ប្រមុខការទូតមីយ៉ាន់ម៉ា លោកWunna Maung Lwin ក៏ស្កាត់ទៅជួបសមភាគីឥណ្ឌូណេស៊ីនៅក្រុងបាងកកផងដែរ។
 
ទាក់ទិននឹងបញ្ហានយោបាយមីយ៉ាន់ម៉ានេះ លោកស្រី Marsudi បានបញ្ជាក់ថា ខ្លួនបានពិភាក្សារួចហើយជាមួយសមាជិកសភាមកពីបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងរដ្ឋាភិបាលយោធា។ 
«យើងស្នើឱ្យភាគីទាំងអស់ កាត់បន្ថយ  និងមិនត្រូវប្រើហិង្សា… ដើម្បីបញ្ចៀសការស្លាប់ និងការបង្ហូរឈាមគ្នា»។ ប្រមុខការទូតឥណ្ឌូណេស៊ីបានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីជួបជាមួយសមភាគីមីយ៉ាន់ម៉ា និងសមភាគីថៃ លោក Don Pramudwinai។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅរាជធានីបាងកក គេឃើញ ប្រជាជនមីយ៉ាន់ម៉ា ក្នុងថ្ងៃទី ២៤ ខែកុម្ភៈ បន្តធ្វើបាតុកម្មនៅមុខស្ថានទូតប្រទេសសមាជិកអាស៊ានជាច្រើន ដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ដើម្បីទាមទារឱ្យក្រុមប្រទេសទាំងនោះ គាំទ្រប្រជាជនមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស៊ីវិល។ សម្រែក «ក្រុមយោធាមិនរក្សាសន្យា» ឬ «ឈប់ចរចាជាមួយពួកគេ» ត្រូវបានគេលឺជាហូហែរ នៅក្នុងចំណោមបាតុករដែលប្រមូលផ្តុំគ្នានៅមុខស្ថានទូតទាំងនោះ។
 
ទំនងឆ្លើយតបនឹងក្រុមយោធា និងកាត់បន្ថយកំហឹងប្រជាជនមីយ៉ាន់ម៉ា លោកស្រី Marsudi  បានបញ្ជាក់បន្ថែមថា ឥណ្ឌូណេស៊ីនឹងនៅជាមួយប្រជាជនមីយ៉ាន់ម៉ា។ យ៉ាងណាមិញ លោកស្រីមិនបានលើកឡើងឡើយពីបញ្ហាបោះឆ្នោត ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ពីសារសំខាន់ដំណើរការប្រជាធិបតេយ្យដែលពេញលេញ ដែលមានកិច្ចចរចា ការផ្សះផ្សាជាតិ និងការកសាងទំនុកចិត្តគ្នារវាងភាគីពាក់ព័ន្ធ ហើយសុវត្ថិភាពរបស់ប្រជាជនមីយ៉ាន់ម៉ាត្រូវបានយកចិត្តទុកដាក់ជាចម្បងបំផុតដែរ។
 
សូមបញ្ជាក់ថា  មកទល់ពេលនេះ  ប្រជាជនមីយ៉ាន់ម៉ា  នៅតែបន្តធ្វើបាតុកម្មប្រឆាំងក្រុមយោធានៅពាសពេញផ្ទៃប្រទេស។ យ៉ាងណាមិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញការអត់ធ្មត់ និងមិនចាត់វិធានការខ្លាំងក្លាណាស់ណាប្រឆាំងក្រុមបាតុករឡើយ។ ចំណែកឯសហគមន៍អន្តរជាតិ ក៏បានដាក់ទណ្ឌកម្ម និងសម្ពាធ មកលើក្រុមយោធាជាច្រើនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com