អន្តរជាតិ
អង្គការក្រៅរដ្ឋាភិបាលមកពីប្រទេស៣១ ស្នើឱ្យ UN ដាក់ទណ្ឌកម្មអាវុធលើរបបសឹកមីយ៉ាន់ម៉ា 25, Feb 2021 , 7:59 pm
ប៉ូលិសមីយ៉ាន់ម៉ាឈរយាមវលើដងវិថីមួយក្នុងក្រុងយ៉ាំងហ្គោន។ រូបភាព៖ AFP
× អង្គការក្រៅរដ្ឋាភិបាលចំនួន១៤០ មកពីប្រទេសចំនួន៣១ នៅថ្ងៃទី២៤ ខែកុម្ភៈ បានចេញលិខិតចំហមួយ ដែលអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្មលើការលក់អាវុធឱ្យមីយ៉ាន់ម៉ា។ ប៉ុន្តែ ការស្នើនេះ ទំនងពិបាកទៅរួច សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៣ គឺជាដៃគូលក់អាវុធដ៏សំខាន់ឱ្យមីយ៉ាន់ម៉ាទៅហើយ។
Relate
«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែប្រញាប់ដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធសម្រាប់មីយ៉ាន់ម៉ា»។ អង្គការក្រៅរដ្ឋាភិបាលចំនួន១៤០ មកពី៣១ប្រទេស បានបញ្ជាក់បែបនេះ នៅក្នុងលិខិតចំហមួយដែលផ្ញើទៅក្រុមប្រឹក្សាសន្តិសុខ។ បើតាមអង្គការក្រៅរដ្ឋាភិបាល ការហាមឃាត់លក់អាវុធឱ្យមីយ៉ាន់ម៉ា គឺដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា និងទបស្កាត់របបសឹកមិនឱ្យប្រើប្រាស់សកម្មភាពរំលោភបំពានថែមទៀត។
លិខិតដដែលនេះ ក៏បានអំពាវនាវឱ្យដៃគូសំខាន់ៗរបស់មីយ៉ាន់ម៉ាឈប់លក់អាវុធ គ្រាប់កាំភ្លើង និងអាវុធផ្សេងទៀតឱ្យរដ្ឋាភិបាលផងដែរ។ ដៃគូសំខាន់ៗរបស់មីយ៉ាន់ម៉ាមានដូចជា ចិន ឥណ្ឌា រុស្ស៊ី អ៊ីស្ត្រាអែល កូរ៉េខាងជើង ហ្វីលីពីន និងអ៊ុយក្រែន។
យ៉ាងណាមិញ ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា ទំនងជាមិនអាចកើតឡើងឡើយ ព្រោះក្នុងចំណោមដៃគូទាំងនោះ មានប្រទេសចំនួន៣ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសទាំងនោះមានដូចជា ចិន រុស្ស៊ី និងឥណ្ឌាដែលជាសមាជិកមិនអចិន្ត្រៃយ៍។ ចិន និងរុស្ស៊ីអាចប្រើសិទ្ធិវេតូរបស់ខ្លួនលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានគ្រប់ពេល។
មិនតែប៉ុណ្ណោះ អង្គការក្រៅរដ្ឋាភិបាលខាងលើ ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មលើបុគ្គលជាក់លាក់ ការហាមឃាត់លើការធ្វើដំណើរជាសកល និងបង្កកទ្រព្យសម្បត្តិលើមេដឹកនាំយោធា និងក្រុមហ៊ុនដែលមានទាក់ទិនជាមួយយោធាផងដែរ។
ដោយឡែកបណ្តាញសង្គម Facebook ឯណោះវិញ នៅក្នុងថ្ងៃទី២៥ ខែកុម្ភៈ ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បានប្រកាសបិទគណនី Facebook និងពាណិជ្ជកម្មទាំងអស់ ដែលពាក់ព័ន្ធក្រុមយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយក្រុមយោធា។ ចំណាត់ការនេះ ធ្វើឡើងដោយសារក្រុមហ៊ុន ចាត់ទុកស្ថានការណ៍នៅមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ ជាស្ថានភាពអាសន្ន ព្រោះតែការបង្ក្រាបបាតុកររហូតដល់មានបាត់បង់ជីវិត។ ដូចគ្នានឹង Facebook បណ្តាញសង្គម Instagram ក៏ហាមឃាត់បែបនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com