ជាតិ
រដ្ឋ​ចំណាយ​ប្រា​ក់ជាង​២៣០​លាន​ដុល្លារ ផ្ដល់​ឲ្យ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​វិបត្តិ​កូ​វីដ​-១៩
25, Feb 2021 , 9:29 pm        
រូបភាព
រូបតំណាង៖ (រូបពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា )
រូបតំណាង៖ (រូបពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា )
ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤​កុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​បានផ្ដល់​សាច់ប្រាក់​តាមរយៈ​ប័ណ្ណ​សមធម៌​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ អស់​ជាង​២៣០​លាន​ដុល្លារ​។ នេះ​បើតាម​សេច​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

​ការបើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៤ លើក​ទី​២ ជា​ប្រាក់​ប្រចាំខែ​កម​រា​ឆ្នាំ​២០២១​នេះ គឺ​ត្រូវ​បានបញ្ចប់​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​នេះ ដែល​រដ្ឋាភិបាល​ចំណាយ​ប្រាក់​អស់​ជាង​៣០​លាន​ដុល្លារ​។ ក្រសួង​សង្គមកិច្ច បាន​បញ្ជាក់ថា  ប្រាក់ឧបត្ថម្ភ​សម្រាប់​ខែមករា គឹ​ផ្ដល់​ឲ្យ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ជាង​៦៨​ម៉ឺន​គ្រួសារ​។ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជុំ​ទី​៤ ដល់​គ្រួសារ​ដែល​ប័ណ្ណ​សមធម៌​នេះ គិត​ចាប់ពី​ថ្ងៃទី​២៥​មិថុនា ឆ្នាំ​២០២០ ដល់​២៤​កុម្ភៈ​ឆ្នាំ​២០២១ ។ 
 
​កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ គឺ​មិន​អចិន្ត្រៃយ៍​ឡើយ ពោលគឺ​កម្មវិធី​នេះ អាច​នឹងត្រូវ​លុបចោល​វិញ នៅពេល ដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ធូរស្រាល ហើយ​ស្ថានការណ៍ វិល​មក​ប្រក្រតីភាព​ឡើងវិញ​។​
 
​រដ្ឋាភិបាល​ក៏​ធ្លាប់​ប្រកាសថា ភាពក្រីក្រ​នៅ​កម្ពុជា នៅសល់​ក្នុង​រង្វង់​១០​ភាគរយ​។ តែ​ធនាគារពិភពលោក ព្យាករ​ថា ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អាច​នឹងធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កើនឡើង​ពី ៣ ទៅ ១១​ភាគរយ​បន្ថែមទៀត​។ 
 
​រដ្ឋាភិបាល​បាន​បញ្ជា​មន្ត្រី​ឲ្យ​ដើរ​ចែក​ស្បៀង ដូចជា អង្ករ​និង​ត្រីខ ជាដើម រួមទាំង​ម៉ាស់​និង​ក្រមា​ផងដែរ ទៅដល់​គ្រួសារ​ក្រីក្រ​។ ជាមួយគ្នានេះ រដ្ឋាភិបាល បាន​ឧបត្ថម្ភ​ថវិកា​៤០​ដុល្លារ ក្នុង​១​ខែ ដល់ក​ម្មករ​-​កម្មការិនី​ម្នាក់ៗ ដែល​ត្រូវ​ព្យួរការងារ​។ នៅពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​នេះ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​៣​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​បញ្ហា​ផ្សេងៗ​៕ 

Tag:
 ឧបត្ថម្ភ​ប្រាក់​
  គ្រួសារ​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com