ជាតិ
ទិវាជាតិទីក្រុងស្អាត! នាយករដ្ឋមន្ត្រីលើកកម្ពស់ «ទម្លាប់ថ្មីដើម្បីទីក្រុងស្អាត» 25, Feb 2021 , 9:59 pm
× សម្ដេច ហ៊ុន សែន ចេញសារលិខិត ក្នុងទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ « ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត » ដោយស្នើឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង វិធានសុវត្ថិភាពសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកសាងទំនុកចិត្ត ដល់ភ្ញៀវទេសចរក្នុងវិបត្តិកូវីដ-១៩។
ក្នុងសារលិខិតរបស់សម្ដេច ហ៊ុន សែន គឺបានស្នើឱ្យអ្នកបំរើការក្នុងវិស័យទេសចរណ៍ ត្រូវទម្លាប់ខ្លួនរស់នៅក្នុងបរិបត្តិកូវីដ-១៩។ ត្រូវមានការពារ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ព្រោះការបង្កើននូវទំនុកចិត្ត និងភាពទុកចិត្ត ជាចំណុចសំខាន់សម្រាប់ទាក់ទាញទេសចរ។
សម្ដេចបានសង្កត់ធ្ងន់ថែមទៀតថា ៖ « អ្វីៗនឹង មិនត្រលប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្របខ្លួនរៀនរស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឱ្យសោះ » ។
សម្ដេចក៏បានស្នើឱ្យ ក្រុមហ៊ុនទេសចរណ៍ អាជីវកម្មទេសចរណ៍ គិតគូរពីគំរូអាជីវកម្មបែបថ្មី ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលជាជំនួយ។ អាជីវករត្រូវ ពង្រឹងសមត្ថភាព បង្កើនផលិតភាព ដើម្បីត្រៀមខ្លួនប្រកួតប្រជែកទីផ្សារការងារ។
ស្នើ អាជ្ញាធរមូលដ្ឋាន គ្រប់គ្រងខណ្ឌ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានកាន់តែសកម្មស្របតាមយុទ្ធនាករ « ទីក្រុងស្អាត៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើម » ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ នេះជាការស្នើរបស់សម្ដេចនាយករដ្ឋមន្ត្រី ដល់អាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើឱ្យ ប្រជាពលរដ្ឋ បន្សាំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវយល់ដឹងពីការរស់នៅ មានអនាម័យ និងគោរពវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលកុំឱ្យអាក់ខាន បន្ថែមពីនេះ ប្រជាជនត្រូវទម្លាប់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ។
សូមជម្រាបផងដែរថា នេះជាលើកទី៩ ហើយដែលកម្ពុជា ប្រារព្ធទិវាទីក្រុងស្អាត ដោយឆ្នាំនេះ ទិវាទីក្រុងស្អាត ក៏អមជាមួយចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com