ជាតិ
សេវា​ដឹក​ភ្ញៀវ​នៅ​សហគមន៍​តា​តៃ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឃុំ​តា​តៃ​ក្រោម ត្រូវ​ផ្អាក​១៥​ថ្ងៃ
26, Feb 2021 , 7:59 am        
រូបភាព
រូបភាពទាំងអស់ពីលោក សាគុណ ភក្ដី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង
រូបភាពទាំងអស់ពីលោក សាគុណ ភក្ដី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង
ដោយ:
​រដ្ឋបាល​ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង បានសម្រេច​ផ្អាក​ការដឹកជញ្ជូន​ភ្ញៀវ​ដើរ​កម្សាន្ត នៅក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​តា​តៃ ក៏ដូចជា​សេវាកម្ម​កម្សាន្ត​នានា​នៅក្នុង​ឃុំ រយៈពេល​១៥​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ឃុំ​តា​តៃ​ក្រោម នៅ​ថ្ងៃទី​២៣ កុម្ភៈ​។

​ជុំវិញ​ការផ្អាក​តំបន់​ទេសចរណ៍​នេះដែរ លោក សា​គុណ ភក្ដី ប្រធានការិយាល័យ​ព័ត៌មាន​ទេសចរណ៍​ខេត្តកោះកុង បាន​ប្រាប់ Thmeythmey25 ថា​ខេត្តកោះកុង ទើប​មាន​ការបិទ​ការកម្សាន្ត នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​តា​តៃ មួយ​ប៉ុណ្ណោះ​។ 
 
​ការបិទ​នេះ​ទៀតសោត គឺ​ផ្ដោតទៅលើ​ការ​ជិះទូក​កម្សាន្ត ការដឹក​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទឹកធ្លាក់ ក្នុង​សហគមន៍​។ ចំណែក​ការ​ស្នាក់នៅ​ល​ម្អែ តាម​រី​សត​ផ្សេងៗ នៅ​ដំណើរ​ការធម្មតា​។ លោក សា​គុណ ភក្ដី ពន្យល់​ដូច្នេះ​ថា​៖ « ការបិទ​នេះ គឺ​បិទ​តែ​សេវាកម្ម​សហគមន៍​តែប៉ុណ្ណោះ​។ សម្រាប់​រី​សត ការ​ស្នាក់នៅ​មិនបាន​បិទ​ទេ គា​ត់បិទតែ​ក្នុង​មូលដ្ឋាន​សហគមន៍​គាត់​ប៉ុណ្ណោះ​»​។​
 
​បើតាម​ប្រធានការិយាល័យ​ព័ត៌មាន​ទេសចរណ៍​ខេត្តកោះកុង នេះ​មិនមែនជា​លើក​ទី​១​នោះទេ ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​នៅក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​តា​តៃ ត្រូវបាន​ផ្អាក​។ តំបន់​តា​តៃ ក៏​ធ្លាប់​ផ្អាក​ការផ្តល់សេវា​ទេសចរណ៍ នា​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍ កន្លងមក​ដែរ​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៥ កុម្ភៈ​នេះ កម្ពុ​ជាមាន​កូ​វីដ​-១៩ សរុប​៦៩៧​ករណី ដោយ​សះស្បើយ​៤៧៧​ករណី និង​២១៧​ករណី​កំពុង​សម្រាក​ព្យាបាល​។ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​បាន​ឆ្លង​រាលដាល​ដល់​ខេត្ត​ព្រះសីហនុ​នោះ បាន​កើន​ឡើងដល់​១៩៤​នាក់​ហើយ ភាគច្រើន​ជា​ជនជាតិ​ចិន​៕

Tag:
 ឃុំ​តា​តៃ​ក្រោម​
  កោះកុង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com