ជាតិ
សង្គមជាតិ
ស៊ុយអែតផ្តល់សៀវភៅគោលជាង៣ម៉ឺនក្បាលដល់សាលារៀន៥០ ដែលដាក់ជាមណ្ឌលចត្តាឡីស័ក 26, Feb 2021 , 8:59 am
សិស្សានុសិស្សមួយចំនួនកំពុងសិក្សានៅក្នុងសាលារៀនមួយនៅខេត្តបាត់ដំបងក្រោយពីសាលារៀនរបស់ពួកគេត្រូវបានក្លាយជាមណ្ឌលចត្តាឡីស័ក រូបភាពពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
× ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែតបានចំណាយថវិកាទិញសៀវភៅសិក្សាគោលជាង៣ម៉ឺនក្បាល សម្រាប់ផ្តល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអង្គការយូនីសេហ្វប្រចាំកម្ពុជា ដើម្បីចែកជូនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ទី១២ជាង៣ម៉ឺននាក់ នៅសាលារៀនចំនួន៥០ ដែលកំពុងតែដាក់ជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករមកពីថៃ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការខ្វះសៀវភៅសិក្សាជាបញ្ហាប្រឈមដ៏ធំសម្រាប់សិស្សានុសិស្ស ដែលរៀនពីចម្ងាយ ឬនៅតាមសាលារៀន។ បើតាមលោក ហង់ជួន ណារ៉ុន សៀវភៅសិក្សាទាំងនេះ នឹងជួយឲ្យសិស្សនៅតាមសាលារៀន ដែលកំពុងរៀបចំជាកន្លែងធ្វើចត្តាឡីស័ក អាចបន្តការសិក្សាផងដែរ។ រដ្ឋមន្ត្រីក្រសួងអប់រំ បាននិយាយដូច្នេះថា៖«ទោះបីជាយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏យើងត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីឲ្យសិស្សអាចនៅតែបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ»។
លោក ប៊ីយ៉ន ហ៊ែហ្កម៉ាឃ ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានលើកឡើងថា
ជំនួយនេះ នឹងជួយដល់កុមារដែលរស់នៅតាមខេត្ត ដែលងាយប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអាចទទួលបានការសិក្សាគ្រប់គ្រាន់។
គិតត្រឹមថ្ងៃទី២៥ កុម្ភៈនេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៩៧នាក់ ដោយក្នុងនោះ មាន៤៧៧នាក់ បានជាសះស្បើយ៕
Tag:
ស៊ុយអែត
សៀវភៅ
សិស្ស
សាលារៀន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com