COVID-19
ជាតិ
COVID-19៖ ករណីថ្មី៤៤បន្ថែមទៀត ដោយ៤០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
26, Feb 2021 , 7:56 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ​នេះ បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៤ នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ៤០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សរុបមកដល់ពេលនេះ កម្ពុជាមានអ្នកកូវីដ-១៩ ចំនួន៧៤១នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈឡើងដល់២៣៤នាក់។


ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍៤០នាក់ មានជនជាតិ​៧នាក់ ដែលមានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងគោលបំណង​វិលទៅចិនវិញ បុគ្គលទាំង​៧រូប បានទៅធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាព កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយលទ្ធផលវិជ្ជមានកូវីដ-១៩។ អ្នកជំងឺត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

រីឯអ្នកជំងឺ​៣៣នាក់ទៀត មានជនជាតិចិន ២៤នាក់ វៀតណាម​៦នាក់ ខ្មែរ២នាក់ និងម៉ាឡេស៊ី១នាក់ សុទ្ធតែមានអាសយដ្ឋានក្នុងរាជធានីភ្នំពេញ។ ជនជាតិ​ចិន៤នាក់តេស្តឃើញវិជ្ជមាន នៅពេលទៅសុំលិខិតបញ្ជាក់សុខភាពកាលពីថ្ងៃទី២៤ ខែកុម្ភៈ រីឯអ្នកផ្សេងទៀត ជាការចម្លងតៗគ្នាក្នុងសហគមន៍។ អ្នកជំងឺ​ទាំង​៣៣នាក់ ត្រូវបាន​ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។​

ចំណែក​ករណី៤ផ្សេងទៀត មាន​បុរសជនជាតិខ្មែរអាយុ២៤ឆ្នាំ កងទ័ពមួកខៀវដែលមកពីប្រទេសអាហ្វ្រិក ហើយដល់កម្ពុជាកាលពីថ្ងៃទី២១ខែកុម្ភៈ។ គាត់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។ ស្ត្រីឥណ្ឌូណេស៊ីអាយុ២៨ឆ្នាំ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកុម្ភៈ និងស្ត្រីចិន​២នាក់ដែលមកដល់កម្ពុជានៅថ្ងៃទី១១ ខែកុម្ភៈ។ អ្នកជំងឺបរទេសទាំង៣ចុងក្រោយ សម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ សរុបនៅកម្ពុជាឡើងដល់​៧៤១នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ។ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់២៣៤នាក់ ដោយបន្ទាប់ពីរាជធានីភ្នំពេញ ករណីនេះបានរាលដាលដល់ខេត្តព្រះសីហនុ និងខេត្តកណ្តាល៕


© រក្សាសិទ្ធិដោយ thmeythmey.com