COVID-19
ជាតិ
អាជ្ញាធរខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ ដែលផ្សាយព័ត៌មានមិនពិតពីកូវីដ-១៩ តាមបណ្ដាញសង្គម
26, Feb 2021 , 3:50 pm        
រូបភាព
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងឃាត់ខ្លួន កាលពីថ្ងៃទី២៥ កុម្ភៈ ក្រោមហេតុផលថា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បុរសដែលត្រូវបានឃាត់ខ្លួននេះ បានប្រើប្រាស់គណនីWechat និងហ្វេសប៊ុក បង្ហោះតាមក្រុមទំនាក់ទំនងសង្គម(Group Chat) ថា «យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ»។

រដ្ឋបាលខេត្តស្វាយរៀង បានអះអាងថា នៅខេត្តស្វាយរៀង គ្មានករណីឆ្លងកូវីដ-១៩ ដូចការផ្សផ្សាយរបស់បុរសនេះទេ។ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ដូច្នេះថា៖«នៅក្នុងភូមិសាស្រ្តក្រុងបាវិត មានសភាពស្ងប់ស្ងាត់ធម្មតា គឺមិនមានការឆ្លងជំងឺកូវីដ១៩  ដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។ ដោយឡែកបុគ្គលដែលបានបង្ហោះព័ត៌មានក្លែងក្លាយនេះ ក៏បានទទួលស្គាល់កំហុស និងធ្វើលិខិតសុំទោស ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ផ្សព្វផ្សាយព័ត៌មានខុសឆ្គងបែបនេះបន្តទៀតនៅថ្ងៃក្រោយ »។
 
រដ្ឋបាលខេត្តស្វាយរៀង ក៏អំពាវនាវពលរដ្ឋ ចែករំលែកព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យប្រឈមមុខច្បាប់។«សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះរាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនមានប្រភពច្បាស់លាស់ ដែលជាប្រភពនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ និងបង្កនូវចលាចលនៅក្នុងសង្គម»។ នេះជាការលើកឡើងរបស់អាជ្ញាធរខេត្តស្វាយរៀង។
 
កាលពីថ្ងៃទី២៥ កុម្ភៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បានបណ្ដេញជនជាតិចិន លោក Shen Kaidong ដែលជាម្ចាស់កាសែត Angkor Today ទៅប្រទេសចិនវិញ ក្រោយពីស្ថាប័នព័ត៌មានលោក បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ លោក Shen Kaidong ត្រូវបានបណ្តេញចេញនិងលែងអនុញ្ញាតឱ្យចូលកម្ពុជាវិញឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com