COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​
26, Feb 2021 , 7:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ត្រួតពិនិត្យការចាក់វ៉ាក់សាំង។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ត្រួតពិនិត្យការចាក់វ៉ាក់សាំង។ រូបថត AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​ហើយ​។ អ្នក​ដែល​រង​ផលវិបាក​ធ្ងន់ធ្ងរ​រហូតដល់​ពិការ ឬ​ស្លាប់​ដោយសារ​វ៉ាក់សាំង នឹង​ទទួលបាន​អត្ថប្រយោជន៍​រហូតដល់​ជិត ៤០​ម៉ឺន​ដុល្លារ​។ ដោយ​ផ្អែក​តាម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានដាក់​គោលដៅ​បណ្តុះ​ប្រព័ន្ធ​ភាគ​ស៊ាំ​ជា​សហគមន៍​ត្រឹម​ខែវិច្ឆិកា​ខាងមុខ​។
 
​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ​ច្រើនជាង ៥​ពាន់​នាក់ បានចាប់ផ្តើម​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ទូទាំង​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​AstraZeneca ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ក្នុងស្រុក SK Bioscience ផ្ទាល់​។ វ៉ាក់សាំង​ប្រភេទ​នេះ ត្រូវ​ចាក់​សម្រាប់តែ​មនុស្ស​ក្រោម​អាយុ ៦៥​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ក្រុមមនុស្ស​អាយុ​លើសពី​៦៥​ឆ្នាំ ត្រូវ​រងចាំ​លទ្ធផល​ពិសោធន៍​ល្អិតល្អន់​របស់​វ៉ាក់សាំង​បន្ថែមទៀត​។ 
 
​អ្នក​ដំបូង​ដែល​ទទួល​វ៉ាក់សាំង AstraZeneca ជា​គ្រូពេទ្យ​មាន​វ័យ ៦១​ឆ្នាំ និង​ធ្វើការ​នៅ​មណ្ឌល​សុខភាព​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ចែកចាយ​ទៅ​កន្លែង​ចាក់​វ៉ាក់សាំង​ផ្សេងៗ​នៅក្នុង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ សម្រាប់​គ្រូពេទ្យ​ប្រមាណ ២៨៩០០០​នាក់​។ កញ្ចប់​វ៉ាក់សាំង​លើកដំបូង ដែល​ផលិត​នៅក្នុង​ស្រុក​នេះ នឹង​អាច​ចាក់​បាន​មនុស្ស​ចំនួន ៧៨៥០០០​នាក់ និង​ត្រូវ​ចែកចាយ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ចំនួន ១៩០០​កន្លែង​។ 
 
​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ កូរ៉េខាងត្បូង ក៏​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់​ក្រុមហ៊ុន Pfizer​។ ប៉ុន្តែ​វ៉ាក់សាំង Pfizer ទុក​សម្រាប់​ចាក់​លើ​ក្រុមគ្រូពេទ្យ​ដែល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​ដែលមាន​ប្រមាណ ៥៥០០០​នាក់ ហើយ​ចាក់​នៅ​ទីតាំង​ចំនួន ៤​កន្លែង​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន ១២០​កន្លែង​បន្ថែមទៀត​ដែរ​។ 
 
​បើតាម​គោលដៅ រដ្ឋាភិបាល​កូរ៉េខាងត្បូង​គ្រោង​បញ្ចប់​ការចាក់​វ៉ាក់សាំង​លើកដំបូង​របស់ខ្លួន នៅក្នុង​ខែមីនា ខាងមុខ​។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បាន​ប្រកាស​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ខ្លួន​ឱ្យបាន ៧០​ភាគរយ ត្រឹម​ខែកញ្ញា និង​បណ្តុះ​ប្រព័ន្ធ​ភាពស៊ាំ​ជា​សហគមន៍​ឱ្យបាន​ត្រឹម​ខែវិច្ឆិកា​។ 
 
​ខុសពី​បណ្តា​ប្រទេស​មួយចំនួន ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏បាន​ត្រៀម​សំណង​សម្រាប់​អ្នករងគ្រោះ​ពី​ផលប៉ះពាល់​ដោយសារ​វ៉ាក់សាំង​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ដូចជា​ពិការ ឬ​បាត់​បង់ជីវិត ដោយសារតែ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នឹង​ទទួលបាន​អត្ថប្រយោជន៍ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣៨៨០០០​ដុល្លារ​ឯណោះ​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់ឱ្យ​មនុស្ស​រហូតដល់ ៧៩​លាន​នាក់ ខណៈពេល​បច្ចុប្បន្ន​កូរ៉េខាងត្បូង មាន​ប្រជាជន​សរុប​ជាង ៥១​លាន​នាក់​ប៉ុណ្ណោះ​។ កន្លងមក​កូរ៉េខាងត្បូង បាន​ទិញ​វ៉ាក់សាំង​ក្រោម​គម្រោង COVAX, ក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន Johnson & Johnson ជាដើម​៕ 

Tag:
 ​កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com