ជាតិ
«បឹងស្នោ» ទីប្រជុំទៅដោយធនធានធម្មជាតិនៅកណ្តាលក្រុងសំរោង ខេត្តឧត្តរមានជ័យ
27, Feb 2021 , 8:59 pm        
រូបភាព
ដោយ៖ ហុង ស្រីណា

ផ្ទះតាម៉ុក ប្រាសាទតាក្របី ប្រាសាទតាមាន់ ទឹកធ្លាក់រួតចំប៉ី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត និងរលុះធំ ជាដើម។ ទាំងនេះ ជាតំបន់ទេសចរណ៍ដែលយើងនឹកឃើញបំផុតនៅមុនដំណើរទៅកាន់ខេត្តឧត្តរមានជ័យ។ ប៉ុន្តែពេលទៅដល់ទីរួមខេត្ត យើងមិនត្រូវមើលរំលង «បឹងស្នោ» នោះឡើយ។

 
 
 
ស្ថិតនៅចំកណ្តាលក្រុងសំរោង ខេត្តឧត្តរមានជ័យ អាងទឹកបឹងស្នោ ជាប្រភពធនធានធម្មជាតិដ៏សម្បូរបែបនៅភូមិភាគឧត្តរមួយនេះ។ ជាជម្រកនៃមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ បឹងស្នោក៏ជាប្រភពទឹកផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅទីប្រជុំជនក្រុងសំរោងទាំងខែប្រាំង និងវស្សា ផងដែរ។
 
មិនមានឯកសារច្រើននោះឡើយដែលសរសេរអំពីប្រវត្តិបឹងស្នោ ប៉ុន្តែសារព័ត៌មានថ្មីៗ អាចបង្ហាញបានខ្លះៗតាមរយៈ អត្ថបទដកស្រង់មួយពីសៀវភៅមគ្គុទេ្ទសក៏នៃមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ ឈ្មោះ «បឹងស្នោ» កើតចេញពីការនិយាយតៗគ្នារបស់អ្នកស្រុក ដោយសារវត្តមានដើមស្នោដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងជើង និងខាងកើត។ នៅចំកណ្តាលបឹងសម្បូរទៅដោយ ដើមកក់ ដើមភ្លង់ និងដើមឈូកដែលអាចផ្តល់ជម្រកដល់ពពួក មច្ឆា និង សត្វស្លាប ជាច្រើនប្រភេទដូចជាប្រភេទសត្វស្លាប ទោម ប្រវឹក កុក ជាដើម។ 
 
បន្ថែមពីលើនេះ លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា៖« បឹងស្នោនេះ គឺជាបឹងបុរាណមួយ ដែលមានបណ្តោយ ១៤០០ម៉ែត្រ និងទទឹង ៩១០ ម៉ែត្រ។ ដើមឡើយ មិនមានទឹកពេញទេ ដែលវាមានដីគោកនៅកណ្តាល ហើយពោរពេញទៅដោយដើមស្នោដុះយ៉ាងច្រើន ហើយក៏មានដើមកក់ ដើមភ្លង និងដើមឈូក ផងដែរ។ ប៉ុន្តែ នៅពេលកកើតខេត្តឡើងវិញនៅឆ្នាំ ១៩៩៩ ខាងខេត្តក៏បានជីកបឹងបន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះទឹក និងដើម្បីរៀបចំអភិវឌ្ឃន៍បឹងស្នោនេះ ឲ្យក្លាយទៅជាតំបន់សក្តានុពលសម្រាប់ ក្រុងសំរោងផ្ទាល់»។


 
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា បឹងស្នោត បេះដូងនៃក្រុងសំរោង ជាបឹងប្រវត្តិសាស្ត្រមួយដែលមានពលរដ្ឋមានជំនឿលើអារក្សអ្នកតានៃបឹង                                                                                                                                                                                                                                                                                   ។ 
លោកអភិបាលខេត្ត បានអះអាងពីការបន្តគម្រោងអភិវឌ្ឍន៍ និងកែលម្អទីរួមខេត្ត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញបឹង ដូចជាការរៀបចំសួនច្បារលម្អចម្រុះពណ៌ មានដើមឈើអមជុំវិញបឹង និងក្រាលការ៉ូឡា សម្រាប់ប្រពលរដ្ឋដើរហាត់ប្រាណ ជាដើម។ 
 
ទាក់ទងនឹងធនធានសត្វ លោកបានមានប្រសាសន៍ថា៖ «សត្វស្លាប ជាច្រើនប្រភេទបានមករស់នៅក្នុងបឹងនេះ ហើយយើងមិនទាន់អាចកំណត់បាននៅឡើយទេថាមានប៉ុន្មានប្រភេទ។ ខេត្តក៏កំពុងគិតថា ត្រូវដាំដើមឈើអ្វី ឲ្យដុះក្នុងបឹង ហើយអាចផ្តល់ជាជម្រកដល់សត្វស្លាបបាន។ ក្រៅពីនេះ យើងមានការហាមឃាតមិនឲ្យស្ទូចត្រី ឬឆក់អ្វីទេ ដើម្បីរក្សាទុក និងអភិរក្សត្រីពូជ នៅក្នុងបឹងនេះ»។
 



បច្ចុប្បន្ន ខេត្តកំពុងចូលរួមកែលម្អជម្រកសត្វនៅក្នុងបឹងឲ្យកាន់តែមានភាពល្អប្រសើរ។ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានរៀបរាប់ថា៖« ខាងមន្ទីរបរិស្ថានមិនទាន់បានសិក្សាអំពីប្រភេទសត្វស្លាបនៅក្នុងបឹងនេះនៅឡើយទេ ហើយអ្វីដែលកំពុងខិតខំប្រឹងប្រែង គឺកែលម្អជម្រករបស់វាឲ្យមានសភាពប្រសើរឡើង។ ចំពោះ មច្ឆា ដែលរស់នៅក្នុងបឹងនេះវិញ យើងមានការអភិរក្ស និងព្រលែងត្រីចម្រុះជាច្រើនប្រភេទជារៀងរាល់ឆ្នាំនៅថ្ងៃ ទិវាមច្ឆាជាតិ ហើយក៏គ្រោងព្រលែងបន្ថែមក្នុងឆ្នាំ២០២១»។
 
បឹងស្នោជាទីជួបជុំដ៏ធំរបស់អ្នកខេត្តឧត្តរមានជ័យ ជាពិសេសនាពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ នៅជុំវិញបឹង មានភោជនីយដ្ឋាន និងអាហារដ្ឋានតាមផ្លូវដ៏សម្បូរបែប។ សួនច្បារពោរពេញទៅដោយរុក្ខជាតិបៃតង សកម្មភាពកម្សាន្តផ្សេងៗ ក៏ដូចជាសំឡេងបក្សាបក្សីទ្រហឹងអឺងកង។
 
នៅវត្តប្រាសាទរាជាសំរោងដ៏ចំណាស់ និងសាលាខេត្ត រួមទាំងមន្ទីររដ្ឋបាលនានារបស់ខេត្ត សុទ្ធតែមានទីតាំងនៅក្បែរបឹងដ៏ធំមួយនេះ។
 
យោងតាមរបាយការណ៍ឆ្នាំ២០២០របស់រដ្ឋបាលខេត្តឧត្តរមានជ័យ  ខេត្តមួយនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ៧កន្លែង ទេសចរណ៍វប្បធម៌១៤៤កន្លែង សហគមន៍ទេសចរណ៍៣កន្លែងដូចជា ទឹកធ្លាក់រួតចំប៉ី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត និងរលុះធំ) និងតំបន់ប្រវត្តិសាស្ត្រ១៤កន្លែងដែលបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ៕






 
 

Tag:
 ខេត្តឧត្តរមានជ័យ
  ក្រុងសំរោង
  រមណីយដ្ឋាន បឹងស្នោ
© រក្សាសិទ្ធិដោយ thmeythmey.com