ជាតិ
អ្នកនាង ពេល សូលីដា ខំត្បាញកន្សែង និងសំពត់ជនជាតិដើមភាគតិចទំពួន ដើម្បីថែអត្តសញ្ញាណខ្លួន
27, Feb 2021 , 4:59 pm        
រូបភាព
រតនគិរី៖ អ្នកនាង ពេល សូលីដា ដែលជាជនជាតិដើមភាគតិចទំពួន មានទីលំនៅក្នុងភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងសកម្មត្បាញសំពត់ និងកន្សែងប្រពៃណីទំពួន ដើម្បីលក់ឱ្យភ្ញៀវខ្មែរ និងបរទេស ជាពិសេសដើម្បីថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណជនជាតិរបស់ខ្លួន។ ក្រៅពីការត្បាញកន្សែងប្រពៃណី និងបង្រៀនបន្តទៅក្មេងជំនាន់ក្រោយ អ្នកនាង ពេល សូលីដា ក៏ដូចជាអ្នកភូមិល្អឺនក្រែនទាំងអស់ នៅប្រើភាសារបស់ខ្លួនគ្រប់គ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

 
 
អ្នកនាង ពេល សូលីដា គឺជាជនជាតិដើមភាគតិចតំពួនមួយរូប ដែលបានខ្នះខ្នែងថែរក្សា ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង តម្បាញកន្សែង និងសំពត់ប្រពៃណីដូនតា ទៅក្មេងៗជំនាន់ក្រោយ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីដូនតាខ្លួន អ្នកនាង ពេល សូលីដា ដែលមានទីលំនៅក្នុងភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ក្នុងខេត្តរតនគិរី ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនចេះត្បាញកន្លែង និងសំពត់តាំងពីនៅក្មេងៗម្ល៉េះ។
 
អង្គុយត្បាញសំពត់ប្រពៃណីទំពួន នៅក្នុងរោងសហគមន៍ “ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី” បណ្តើរ អ្នកនាង ពេល សូលីដា រៀបរាប់បណ្តើរថា ដើមឡើយការត្បាញកន្សែង សំពត់ ឬភួយជនជាតិដើមភាគតិចទំពួន គឺសម្រាប់តែស្លៀក និងប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែតាំងពី ឆ្នាំ២០១០ ពោលគឺពេលដែល “ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី” ត្រូវបានបង្កើតឡើង រហូតដល់បច្ចុប្បន្ន អ្នកភូមិល្អឺនក្រែនស្ទើរតែទាំងអស់ ក៏ចាប់ផ្តើមត្បាញកន្សែង សំពត់ប្រពៃណីរបស់ខ្លួន សម្រាប់លក់ និងផ្សព្វផ្សាយ ទៅកាន់ភ្ញៀវទេសចរខ្មែរ និងបរទេសថែមទៀត។ ការណ៍នេះ បាននាំឱ្យចំនួនអ្នកត្បាញកន្សែង និងសំពត់ នៅក្នុងភូមិ មានការកើនឡើង។  
 
សូមជម្រាបថា “ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី” មានតួនាទីផ្សព្វផ្សាយ និងរកទីផ្សារសម្រាប់តម្បាញសំពត់ និងកន្សែងប្រពៃណីជនជាតិដើមភាគតិចទំពួន និងមានសកម្មភាពមួយចំនួនទៀតដែលជួយដល់ប្រយោជន៍អ្នកភូមិទាំងមូល។ 
 
បើតាមអ្នកនាង សូលីដា ដោយសារទីផ្សារលក់សំពត់ និងកន្សែងប្រពៃណីមានច្រើន បានជំរុញចិត្តក្មេងស្រីជនជាតិដើមភាគតិចទំពួនវ័យជំទង់ ដែលកំពុងរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ មកត្បាញសំពត់ និងកន្សែងកាន់តែច្រើន។ ទោះជាយ៉ាងណា ក្មេងស្រីទាំងនោះអាចត្បាញបានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ ព្រោះថ្ងៃចន្ទដល់ថ្ងៃសុក្រ ពួកគេជាប់រៀនចំណេះដឹងទូទៅនៅសាលា។
 
តាមពិតទៅ អ្នកនាង ពេល សូលីដា មិនមែនមានតែមុខរបរត្បាញកន្សែងតែមួយមុខនេះប៉ុណ្ណោះទេ ប៉ុន្តែនាងមានមុខរបរលក់ដូរចាប់ហួយបន្តិចបន្តួចនៅផ្ទះ និងត្រូវទៅធ្វើចម្ការស្រែនៅទីឆ្ងាយពីផ្ទះ រួមទាំងការងារជាមេផ្ទះជាច្រើនទៀត។ ទោះការងារច្រើនយ៉ាងណាក៏ដោយ ក៏ស្ត្រីកូនមួយរូបនេះ នៅតែអាចឆ្លៀតពេល រួមចំណែកកសាងអ្នកបន្តវេន តាមរយៈការបង្រៀនជំនាញតម្បាញកន្សែង និងសំពត់ទៅក្មេងជំនាន់ក្រោយបានមួយចំនួនដែរ ដើម្បីឲ្យពួកគេស្គាល់អ្វីជាអត្តសញ្ញាណខ្លួន។
 
ថ្វីដ្បិតតែស្ត្រីជនជាតិដើមភាគតិចរូបនេះ ពុំបានដឹងថាកន្សែង និងសំពត់ដែលខ្លួនកំពុងត្បាញនេះ ចាប់កំណើតឡើងនៅពេលណាក៏ពិតមែន ប៉ុន្តែតាំងពីដឹងក្ដីកាលណា អ្នកនាងតែងឃើញចាស់ៗក្នុងភូមិ ត្បាញវានៅតាមផ្ទះរៀងៗខ្លួន។ នេះក៏ជាដើមហេតុ ដែលនាំឱ្យស្ត្រីវ័យ២៤ឆ្នាំ សូលីដា ខំបង្រៀន និងត្បាញកន្សែងនេះបន្តទៀត ដើម្បីអភិរក្សប្រពៃណីដូនតាខ្លួន។  
 
បើទោះបីជាភូមិល្អឺនក្រែន មានកំណើនការត្បាញកន្សែង និងសំពត់ប្រពៃណីក៏ពិតមែន ប៉ុន្តែជនជាតិដើមភាគតិចទំពួន ដែលរស់នៅទីនេះ មិនបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ក្នុងជីវភាពប្រចាំថ្ងៃឡើយ គឺគេស្លៀកតែក្នុងពេលមានពិធីបុណ្យតែប៉ុណ្ណោះ។ 
 
ថ្វីបើទីផ្សារលក់កន្សែង និងសំពត់ត្បាញមានច្រើនក៏ពិតមែន ប៉ុន្តែអ្នកនាង ពេល សូលីដា ក៏នៅមានកង្វល់ខ្លះ ព្រោះតម្លៃឡើងចុះតាមតែឈ្មួញកំណត់។ ហើយស្ថិតក្នុងអំឡុងពេលកូវីដ-១៩ នេះផង ការលក់កន្សែងប្រពៃណីកាន់តែមានវិបត្តិ ដោយសារមិនមានភ្ញៀវបរទេសមកទិញដល់ក្នុងភូមិ ឈ្មួញក៏មិនបញ្ជាទិញបន្ថែម ហើយការដើរលក់នៅតាមទីផ្សារ ក៏មិនសូវដាច់។
 
ក្រៅតែពីការត្បាញកន្សែង ជនជាតិដើមភាគតិចទំពួនទាំងអស់ ដែលរស់ក្នុងភូមិល្អឹនក្រែន នៅរក្សាបានទំនៀមទម្លាប់ត្បាញកាផា ការធ្វើម្ហូបជនជាតិដើមភាគតិច ជាពិសេសការប្រើភាសាកំណើតជនជាតិដើមភាគតិចទំពួនគ្រប់ៗគ្នា៕ 
 
 

Tag:
 រតនគិរី
 ជនជាតិដើមភាគតិច
  ទំពួន
  អត្តសញ្ញាណ
  តម្បាញ
  កន្សែង
© រក្សាសិទ្ធិដោយ thmeythmey.com