COVID-19
ជាតិ
អាជ្ញាធរខេត្តកំពង់ចាម ចុះយកសំណាកអ្នកពាក់ព័ន្ធជាបន្ទាន់ ក្រោយបុរសម្នាក់វិជ្ជមានកូវីដ-១៩ បានចូលរួមពិធីមង្គលការ ក្នុងភូមិកោះតូច 27, Feb 2021 , 6:10 pm
រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល ឲ្យចុះទៅយកសំណាកពីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសថា មានបុរសម្នាក់វិជ្ជមានកូវីដ-១៩ បានទៅចូលរួមពិធីមង្គការនោះ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផលបង្ហាញវិជ្ជាមានជំងឺកូវីដ-១៩ លើបុរសនោះ បានចេញកាលពីថ្ងៃទី២៦ ខែកុម្ភៈ។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា លោក អ៊ុន ចាន់ដា ចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ និងរៀបចំទីតាំងចំនួន២ សម្រាប់យកសំណាក។ ទីតាំងទី១ នៅភូមិកោះតូច និងទីតាំងទី២ នៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។
លោក អ៊ុន ចាន់ដា អំពាវនាវដល់អ្នកពាក់ព័ន្ធ និងចូលរួមមង្គលការខាងលើ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងទាំងពីរខាងលើ។ ចំពោះអ្នកពាក់ព័ន្ធដែលនៅឆ្ងាយពីទីតាំងខាងលើ ត្រូវទៅពិនិត្យ និងយកសំណាកតាមមណ្ឌលសុខភាព ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com