ជាតិ
តំបន់រ៉ាមសារ ជាប្រភពចំណូលដ៏សំខាន់របស់លោក សាន ម៉ៅ អ្នកបើកទូកទេសចរណ៍
01, Mar 2021 , 7:59 am        
រូបភាព
ស្ទឹងត្រែង៖ លោក សាន ម៉ៅ ជាអ្នកបើកបរទូកដឹកភ្ញៀវទេសចរ ក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង។ លោក ប្រកបរបរមួយនេះ តាំងពីយូរណាស់មកហើយ ពោលគឺមុនពេលតំបន់រ៉ាមសារខេត្តស្ទឹងត្រែងនេះ ត្រូវបានបង្កើតឡើងទៅទៀត។  សក្តានុពលទេសចរណ៍នៅតំបន់រ៉ាមសារ មិនត្រឹមតែជាប្រភពចំណូលចម្បងសម្រាប់លោក សាន ម៉ៅ និងប្រជាសហគមន៍ដទៃទៀតទេ  ប៉ុន្តែក្នុងនាម ជាអ្នករស់នៅក្នុងតំបន់នោះតាំងពីដើមមកស្រាប់ផង លោក សាន ម៉ៅ ចាត់ទុកថា តំបន់នេះជាផ្នែកមួយនៃជីវិតរបស់លោកដែរ។


សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖

 
តំបន់«រ៉ាមសារ»ខេត្តស្ទឹងត្រែង ជាតំបន់ព្រៃលិចទឹកស្ថិតនៅតាមដងទន្លេមេគង្គនៃព្រំដែនខ្មែរ-ឡាវ។ តំបន់ដីសើមមួយនេះ មានកោះជាង៥០ គ្របដណ្ដប់ដោយព្រៃលិចទឹកនៅព័ទ្ធជុំវិញ ដែលជាជម្រកមច្ឆជាតិចម្រុះ រួមទាំងសត្វស្លាបកម្ររាប់រយប្រភេទផងដែរ។ 
 
លោក សាន ម៉ៅ គឺជាអ្នកបើកបរទូកដល់ភ្ញៀវទេសចរមួយរូប ក្នុងចំណោមពលរដ្ឋជាច្រើនទៀត នៅក្នុងសហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង។ ក្រៅពីបើកទូកទេសចរណ៍ លោក សាន ម៉ៅ ដែលមានស្រុកកំណើតនៅតំបន់នេះស្រាប់  ក៏ឆ្លៀតធ្វើស្រែចម្ការ ចិញ្ចឹមសត្វ និងដាំបន្លែផងដែរ ដ្បិតរបរបើកទូកទេសចរណ៍នេះ មិនបានផ្តល់ចំណូលច្រើនដល់បុរសវ័យ៥៥ឆ្នាំរូបនេះឡើយ។ 
 
បើតាមលោក សាន ម៉ៅ ចំណូលដែលខ្លួនរកបានពីការបើកបរទូកទេសចរណ៍ គឺអាស្រ័យទៅលើតំបន់ដែលភ្ញៀវចង់ទៅទស្សនា។ លោក សាន ម៉ៅ បន្ថែម៖ «តំបន់ជិត គឺបាន២ម៉ឺនរៀល ទៅ៤ម៉ឺនរៀល។ តំបន់មធ្យម បានពី៦ម៉ឺនរៀល ទៅ១២ម៉ឺនរៀល។ តំបន់ឆ្ងាយ គឺពី២០ម៉ឺន ទៅ២៥ម៉ឺនក្នុងមួយជើង»។
 
តាមពិតទៅ លោក សាន ម៉ៅ ប្រកបរបរនេះ តាំងពីមុនពេលសហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារបង្កើតទៅទៀត។ សម្រាប់អ្នកបើកទូកទេសចរណ៍ដដែល លោកពេញចិត្តនឹងការងារបច្ចុប្បន្ន ព្រោះខ្លួនបានរួមចំណែកបង្ហាញសក្ដានុពលអេកូទេសចរណ៍ និងធនធានធម្មជាតិដែលមាននៅក្នុងតំបន់ ទៅដល់ភ្ញៀវទេសចរ។ «សក្ដានុពល ក្នុងតំបន់របស់យើងគឺល្អ។ វាខុសប្លែកពីតំបន់គេផ្សេងៗ មានព្រៃលិចទឹក ដែលគេហៅថាតំបន់រ៉ាមសារ មានជួរថ្ម មានទឹកហូរ មានសត្វចម្រុះ ដែលគេថាជីវចម្រុះហ្នឹង»។
 
លោកកាន់តែត្រេកអរថែមទៀតនៅពេលដែល បានភ្ញៀវទេសចរដែលទៅកម្សាន្ត កោតសរសើរពីទេសចរណ៍សម្បូរបែបនៃតំបន់រ៉ាមសារខេត្តស្ទឹងត្រែងនេះ។ លោក សាន ម៉ៅ បន្តថា៖ «ទាំងភ្ញៀវជាតិ អន្តរជាតិពួកគាត់ ពេញចិត្តជាងគេតំបន់រ៉ាមសារ ដែលមានព្រៃលិចទឹកនេះឯង។ ហើយពេលជួបប្រទះសត្វ និងជីវចម្រុះម្ដងៗ ពួកគាត់សរសើរ និងលើកទឹកចិត្តយើងដែរ។ គេថា យើងមានសក្ដានុពលទេសចរណ៍ល្អៗ ហើយក៏មានការនាំភ្ញៀវទៅដល់គោលដៅណា ដែលភ្ញៀវចង់ឃើញ ចង់មើល»។
 
ទោះបីរបរមួយនេះ មិនបានផ្ដល់ចំណូលដល់លោក និងគ្រួសារច្រើនមែន តែលោក សាន ម៉ៅ គ្មានគំនិតបោះបង់របរនេះឡើយ។ ផ្ទុយទៅវិញ លោកប្តេជ្ញាបម្រើសេវាកម្មដឹកភ្ញៀវទេសចរកម្សាន្តនៅតំបន់នេះ ឲ្យកាន់តែល្អថែមទៀត៕
 

Tag:
 រ៉ាមសារ
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com