ជាតិ
បទសម្ភាសន៍
សហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារ ប្រើស្លឹកចេកខ្ចប់អាហារ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក
02, Mar 2021 , 7:59 am        
រូបភាព
ស្ទឹងត្រែង៖ ពលរដ្ឋក្នុងសហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង បានយកស្លឹកចេកខ្ចប់ម្ហូបអាហារជូនភ្ញៀវទេសចរ ជំនួសការប្រើប្រាស់ប្លាស្ទិក។ លោក ឈួន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានប្រាប់ ThmeyThmey25 ថា នេះជាសកម្មភាព ដែលសហគមន៍ ចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានក្នុងតំបន់។

សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មាន ThmeyThmey25 និងលោក ឈួន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ ដូចតទៅ៖
 
តំបន់ដីសើម«រ៉ាមសារ» ខេត្តស្ទឹងត្រែងត្រូវបានបែងចែកជា២ គឺសហគមន៍អេកូទេសចរណ៍ និងសហគមន៍នេសាទ។ សហគមន៍ទាំង២នេះ សុទ្ធតែបានចូលរួមចំណែកថែរក្សាបរិស្ថាន តាមរយៈការស្លឹកចេក ជំនួសប្លាស្ទិក ដើម្បីខ្ចប់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ។
 
លោក ឈួន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ការប្រើប្រាស់ស្លឹកចេកមិនត្រឹមតែជួយថែរក្សាបរិស្ថានទេ ប៉ុន្តែក៏ជាការលើកកម្ពស់ការប្រើប្រាស់ធនធានដែលមានស្រាប់ ដែលអាចកាត់បន្ថយចំណាយរបស់សហគមន៍ដែរ។ ជាពិសេសគឺការបង្ហាញគំរូល្អមួយដល់ក្មេងៗជំនាន់ក្រោយ។ លោក ឈួន ឆន ពន្យល់បន្ថែម៖ «នៅទីនេះ រាល់ថ្ងៃយើងកំពុងអប់រំពួកគាត់ លើការវេចខ្ចប់។ យើងដាក់ស្លឹកចេក ដើម្បីកាត់បន្ថយថង់ប្លាស្ទិក ព្រោះតំបន់យើងជាតំបន់ទេសចរណ៍ ចឹងការប្រើប្រាស់ប្លាស្ទិកវាអត់ល្អ វាប៉ះពាល់ដល់ជីវចម្រុះក្នុងតំបន់ដីសើមយើង»។ 
 
បើតាមអនុប្រធានរូបនេះ បច្ចុប្បន្នប្រជាសហគមន៍ បានយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ប្លាស្ទិកទៅបរិស្ថាន ក៏ដូចជាជីវចម្រុះក្នុងតំបន់ការពារ និងតំបន់អភិរក្សផ្សេងទៀត។ មិនតែប៉ុណ្ណោះ លោក ឆន ក៏អរគុណដល់ភ្ញៀវទេសចរផងដែរ ដែលតែងជួយផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍នានាក្នុងស្រុក ពិសេសតំបន់រ៉ាមសារ ហើយក៏បានចូលរួមសំអាតបរិស្ថាន ក៏ដូចជាធនធានធម្មជាតិទៀតផង៕
 

Tag:
 បរិស្ថាន
 អេកូទេសចរណ៍
 ឈួន ឆន
 ស្លឹកចេក
 ប្លាស្ទិក
  តំបន់រ៉ាមសារ
 ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com