COVID-19
អន្តរជាតិ
ហ្វីលីពីន ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ Sinovac
01, Mar 2021 , 3:12 pm        
រូបភាព
ហ្វីលីពីន បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១ ខែមីនា។ រូបថត Xinhua
ហ្វីលីពីន បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១ ខែមីនា។ រូបថត Xinhua
ហ្វីលីពីន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech របស់ចិននៅថ្ងៃទី១ ខែមីនា។ ហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងមួយដោយសារការរាលដាលជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍។

ហ្វីលីពីន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មួយទៀតដែលចាប់ផ្ដើមយុទ្ធនាការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ។ ក្នុងយុទ្ធនាការដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា ប្រទេសនេះ ប្រើប្រាស់វ៉ាក់សាំង CoroVac របស់ក្រុមហ៊ុនចិន Sinovac Biotech ដែលចិនបរិច្ចាគឱ្យចំនួន៦០ម៉ឺនដូសនៅថ្ងៃទី២៨ ខែកុម្ភៈ។ បុគ្គលិកសុខាភិបាល កងទ័ព ប៉ូលិស និងមន្ត្រីជាន់ខ្ពស់ ស្ថិតក្នុងចំណោមអ្នកដែលទទួលបានវ៉ាក់សាំងមុនគេ។ 
 
ប្រធានមន្ទីរពេទ្យមួយនៃទីក្រុង Manila លោកវេជ្ជបណ្ឌិត Gerardo Legaspi ជាមនុស្សដំបូងដែលទទួលការចាក់វ៉ាក់សាំងមុនគេបង្អស់។ បន្ទាប់ពីវេជ្ជបណ្ឌិតរូបនេះ គឺសមាជិកគណៈរដ្ឋមន្រ្តី និងមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន។
 
បន្ថែមពីលើវ៉ាក់សាំងដែលបានបរិច្ចាគ រដ្ឋាភិបាលហ្វីលីពីន ក៏បានបញ្ជាទិញវ៉ាក់សាំងពី SinoVac ចំនួន២៥លានដូសទៀតដែរ។ លើសពីនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៥២៥,៦០០ដូស នឹងទៅដល់ហ្វីលីពីននៅពេលខាងមុខទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque។ 
 
ខណៈរងគ្រោះខ្លាំងដោយសារកូវីដ-១៩ហ្វីលីពីន ហាក់ប្រឈមមុខខ្លាំងក្នុងការស្វែងរកវ៉ាក់សាំង។ ការបរិច្ចាគរបស់ចិន ជាចំណែកតូចមួយនៃគម្រោងដែលរដ្ឋាភិបាលហ្វីលីពីនចង់បានចំនួនដល់ទៅ១៤៨លានដូស ដែលត្រូវចាក់លើប្រជាជនប្រមាណ៧០លាននាក់។ រដ្ឋាភិបាលហ្វីលីពីន ប្រើទាំងលុយជំនួយបរទេស និងកម្ចីដើម្បីធានាបានវ៉ាក់សាំង៕ 
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com