រថយន្ត
អន្តរជាតិ
ព្រុយណេជាប្រទេសតែមួយគត់នៅអាស៊ានដែលមានតួលេខលក់រថយន្តកើនឡើង
01, Mar 2021 , 7:19 pm        
រូបភាព
រថយន្តចរាចរនៅផ្លូវក្នុងក្រុងបង់ដាសិរិបេហ្គាវ៉ាន។ រូបថត AFP
រថយន្តចរាចរនៅផ្លូវក្នុងក្រុងបង់ដាសិរិបេហ្គាវ៉ាន។ រូបថត AFP
ដោយ: ធីតា
ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្តចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធយានយន្តអាស៊ាន (AAF)។
 
នារយៈពេល១១ខែឆ្នាំ២០២០ ព្រុយណេលក់រថយន្តបាន១២ ៥០៥គ្រឿង ពោលគឺកើន១៤,២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ របាយការណ៍ AAF មិនបានបង្ហាញតួលេខដែលព្រុយណេលក់រថយន្តបាននាអំឡុងខែធ្នូនោះឡើយ ប៉ុន្តែបើគិតជាភាគរយរួម ព្រុយណេនៅតែមានកំណើនទីផ្សារ៥ភាគរយ។
 
របាយការណ៍ AAF បានបង្ហាញពីការធ្លាក់ចុះទីផ្សារយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែការរឹតត្បឹតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ និងក្រោមហេតុផលហិរញ្ញវត្ថុ ខណៈព្រុយណេ ជាប្រទេសដ៏កម្រមួយដែលមានអត្រាកំណើន។
 
AAF បានបង្ហាញពីតួលេខធ្លាក់ចុះនៃការលក់រថយន្តនៅសមាជិកអាស៊ានផ្សេងទៀត ដែលក្នុងនោះ ឥណ្ឌូណេស៊ី ធ្លាក់ ជាង៤៨ភាគរយ, ម៉ាឡេស៊ីធ្លាក់ ១៣,៥ភាគរយ, មីយ៉ាន់ម៉ាធ្លាក់ជាង១៩ភាគរយ, ហ្វីលីពីនធ្លាក់៣៩,៥ភាគរយ, សិង្ហបុរីធ្លាក់ជាង៣៧,៥ភាគរយ, ថៃធ្លាក់ជិត២១,៥ភាគរយ និងវៀតណាមធ្លាក់៨ភាគរយ។
 
បើប្រៀបធៀបរយៈពេលចន្លោះខែមករា ដល់ខែវិច្ឆិកា  កាលពីឆ្នាំ២០១៩ ការលក់រថយន្តអាស៊ីអាគ្នេយ៍ ធ្លាក់ចុះ២៩ភាគរយ ពោលគឺពីជាង៣,៤៦លានគ្រឿង មកត្រឹម២,៤៥លានគ្រឿង។
 
រីឯតួលេខនៃការផលិតឯណោះវិញ AAF មានទិន្នន័យតែពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាមប៉ុណ្ណោះ ដោយជារួមមានការធ្លាក់ចុះ៣១,១ភាគរយ ដោយធ្លាក់ពីជាង២,១លានគ្រឿងនៅឆ្នាំ២០១៩ មកត្រឹមជាង២,៨លានគ្រឿងនៅឆ្នាំ២០២០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com