ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា បង្កើត​ច្បាប់​ថ្មី​មួយទៀត ដើម្បី​ទប់ស្កាត់​ជំ​ងី​កូ​វីដ​-១៩
01, Mar 2021 , 9:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
​រដ្ឋាភិបាល​កម្ពុជា បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់​ថ្មី​មួយទៀត គឺ «​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។ សេចក្តីព្រាងច្បាប់​នេះ បាន​ឆ្លងកាត់​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​តាក់តែងឡើង ក្នុង​កាលៈទេសៈ ដែល​ពិភពលោក កំពុង​ប្រឈម​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​សាហាវ ហើយ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ វិស័យសេដ្ឋកិច្ច ព្រមទាំង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ​។ 
 
​ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់​នេះ ក៏​លេច​រូបរាង​ឡើង ក្នុង​បរិបទ ដែល​កម្ពុជា កំពុងមាន​ករណី​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍​សាជាថ្មី​ដែរ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​)​។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លើក​នេះ ថា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​និង​ធ្ងន់ធ្ងរ​ជាង​លើក​មុនៗ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា សេចក្តីព្រាងច្បាប់​នេះ បានកំណត់​ពី​វិធានការ​សុខាភិបាល និង វិធានការ​រដ្ឋបាល ជាដើម សម្រាប់​អនុវត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ​ផ្សេងទៀត ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ សណ្តាប់​សាធារណៈ ហើយក៏​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន អះអាងថា​៖«​សេចក្តីព្រាងច្បាប់​នេះ បង្កើត​ឲ្យ​មាន​មូលដ្ឋាន​គតិយុត្តិ​រឹងមាំ​បន្ថែមទៀត ដល់​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។ 
 
​សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំពូក និង​១៨​មាត្រា ដោយ​ក្នុងនោះ ក៏មាន​មាត្រា ដែល​កំណត់​ពី​ការដាក់ទោសទណ្ឌ​ដែរ​។​
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋសភា បានទទួល​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​រួចហើយ​។ ប៉ុន្តែ​លោក មិនទាន់​អាច​លើកឡើង​ពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​បានឡើយ ដ្បិត​លោក មិនទាន់បាន​អាន​។ 

ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនធ្វើអត្ថាធិប្បាយពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះទេ ដោយលោក លើកហេតុផលថា សេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យរបស់រដ្ឋសភានៅឡើយ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា ក្រោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនិងត្រូវបានព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ រដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានពន្យល់ជាសាធារណៈតែម្តង។ 

យ៉ាងណា មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ ថ្លែងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺដើម្បីអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ បន្ថែមពីលើច្បាប់និងអនុក្រឹត្យផ្សេងៗ ដែលមានកន្លងមក។ 
 
​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២០​កន្លងទៅ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន សម្រាប់​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​ដ៏​ចាំបាច់ ពេល​ប្រទេសជាតិ ជួប​ភាពវឹកវរ​ឬ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ណាមួយ ដូចជា គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត ជាដើម​។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា មិនទាន់បាន​ប្រើ​ច្បាប់​នេះ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ឡើយ ហើយ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ប្រកាស​រួចហើយ​ដែរ​ថា មិន​ចង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ​។ 

អត្ថបទទាក់ទង

 
​បច្ចុប្បន្ន យន្តការ​ដ៏​សំខាន់​មួយ ដែល​រដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល កំពុង​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គឺ​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការដាក់ពិន័យ​លើ​អ្នក​បំពាន​វិធានការ​សុខាភិបាល​។ យោងតាម​អនុក្រឹត្យ​នេះ អ្នក មិន​ព្រម​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ពី១​លាន​រៀល​ ដល់​៥​លាន​រៀល អ្នក កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​លួច​រត់ចេញ ត្រូវ​ពិន័យ​ពី​១​លាន​រៀល​ ដល់​៥​លាន​រៀល​ដូចគ្នា ខណៈ អ្នក ដែល​នាំ​អ្នកដទៃ គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ពី​១០​លាន​រៀល ដល់​៥០​លាន​រៀល​។ ក្រៅពី​បង់ប្រាក់ អ្នក​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ ក៏​ប្រឈម​នឹង​ការ​ទទួលទោស​ព្រហ្មទណ្ឌ​ផងដែរ​។​
 
​បន្ថែម​ពីនេះ រដ្ឋាភិបាល បានចេញ​គោល​ការ​មួយទៀត គឺ​នឹង​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា ហើយ​អាច​នឹង​លែង​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​វិញ បើ​ជនបរទេស​នោះ មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ដូចជា មិន​ធ្វើ​ច​ត្តា​ឡី​ស័ក គេចវេះ​មិន​ព្រម​ចូល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង មិន​សហការ​ផ្តល់ព័ត៌មាន​អំពី​ការស្រាវជ្រាវ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាដើម​។​
 
​វិធានការ​កា​ពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល តែង​ដាស់តឿន​ជារឿយៗ ឲ្យ​ប្រជាជន​ប្រកាន់យក គឺ​៣​ការពារ និង​៣​កុំ​។ ក្រសួងសុខាភិបាល ប្រាប់​ប្រជាជន​ថា ការចាក់​វ៉ាក់សាំង មិនអាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​១០០​ភាគរយ​នោះទេ ដូច្នេះ ត្រូវ​ទាមទារ​ឲ្យ​ប្រុងប្រយ័ត្ន​ដដែល ហើយ​បន្ត​អនុវត្ត​វិធានការ ​៣​ការពារ និង​៣​កុំ ទោះជា​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ​៕ 
 

Tag:
 ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com