ជាតិ
អ្នកជំនាញ​សេដ្ឋកិច្ច​ថា អត្រា​នៃ​ភាព​អត់​ការងារ​ធ្វើ​នឹង​កើនឡើង ខណៈ​ព្រឹត្តិការណ៍​២០​កុម្ភៈ​កាន់តែ​រីក​រាលដាល
01, Mar 2021 , 10:59 pm        
រូបភាព
លោក វន់ ពៅ (ខាងឆ្វេង) និង លោក ឆេង គីមឡុង (ខាងស្ដាំ)។
លោក វន់ ពៅ (ខាងឆ្វេង) និង លោក ឆេង គីមឡុង (ខាងស្ដាំ)។
​ភ្នំពេញ​៖ អ្នកជំនាញ​សេដ្ឋកិច្ច លោក ឆេង គីម​ឡុង ថា​អត្រា​នៃ​ភាព​អត់​ការងារ​ធ្វើ​នឹង​កើនឡើង ក្រោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ​រីក​រាលដាល​កាន់តែ​ធំ ហើយនឹង​ប៉ះពាល់​ដល់​ចរន្ត​នៃ​វិស័យសេដ្ឋកិច្ច​នៃ​នៅ​ទូទាំងប្រទេស​ទៀតផង​។ ដើម្បី​ជា​វិធានការ​ដោះស្រាយ​បញ្ហា​នេះ លោ​កថា​រដ្ឋាភិបាល​នឹង​បង្កើន​ការចំណាយ​ថវិកា លើ​បន្ត​យន្តការ​ដែលមាន​ស្រាប់​ជួយ​ដល់​អ្នករងគ្រោះ​។


​លោក ឆេង គីម​ឡុង ជានា​យក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​មើលឃើញថា ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ នឹងធ្វើ​ឲ្យ​អត្រា​នៃ​ភាព​អត់​ការងារ​ធ្វើ​និង​អ្នក​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​-១៩ បន្ត​កើន​​ឡើង​។ ការលើកឡើង​បែបនេះ ដោយសារ​លោក សង្កេតឃើញ​អាជីវកម្ម​បន្ត​ផ្អាក​ដំណើរការ​ជា​បន្តបន្ទាប់ ហើយ​ពលករ​ចំណាកស្រុក​នៅតែ​បន្ត​ត្រឡប់​មកហើយ​ខ្លះ​ក៏​ព្យាយាម​ត្រ​ទៅវិញ​។ 
 
​លោក គីម​ឡុង បញ្ជាក់ថា ក្រោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ក្នុងស្រុក​និង​ក្រៅ​ស្រុក ពិសេស​គឺ​សេដ្ឋកិច្ច​ទាំងមូល​នៅ​កម្ពុជា​។ ក្នុង​ផលប៉ះពាល់​នេះ នឹង​ប៉ះពាល់​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម រួមទាំង​កម្លាំង​ពលកម្ម​ផងដែរ​។ 
 
«​ផលប៉ះពាល់​ដំបូង​គឺ​សេដ្ឋកិច្ច​គ្រួសារ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម ហើយ​ខ្នាត​ធំៗ​ក៏​ប៉ះពាល់​ដែរ​ក្នុង​តែ​កម្រិត​ផ្សេងទៀត​។ ការប៉ះពាល់​នេះ នឹង​នាំ​ឲ្យ​មានការ​ប៉ះពាល់​បន្ត​ដល់​កម្លាំង​ពលកម្ម​...​មួយទៀត​គឺ​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ពី​ថៃ​។ ទាំង​២​នេះ គឺ​សុទ្ធតែ​ប៉ះពាល់​ទាំងអស់​ក្រោយ​ការផ្ទុះ​កូ​វិដ​-១៩ ពិសេស​ព្រឹត្តិការណ៍​២០​កុម្ភៈ​កាលពីពេល​ថ្មីៗ​នេះ ឃើញថា​ស្ថានភាព​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​»​។ នេះ​បើតាម​លោក គីម​ឡុង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ ដោយ​បញ្ជាក់ថា​សេដ្ឋកិច្ចកម្ពុជា​ប្រមូលផ្ដុំ​ទៅដោយ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ជាង​៧០​ទៅ​៨០​ភាគរយ​។ លោក​អះអាងថា កត្តា​ខាងលើ​នេះហើយ ដែល​នាំ​ឲ្យ​អត្រា​នៃ​ភាព​អត់​ការងារ​ធ្វើ​នឹង​កើនឡើង ព្រោះ​អាជីវកម្ម​មួយចំនួន​បានចាប់ផ្ដើម​ផ្អាក​ដំណើរការ​។ 
 
​ជាមួយគ្នា​ដែរ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏​មើលឃើញ​ពី​បញ្ហា​នេះ​ដូចគ្នា​ដែរ គឺ​អត្រា​នៃ​អ្នក​អត់​ការងារ​នឹង​កើនឡើង​។ លោក​ថា ការឆ្លង​ចូល​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​លើក​នេះ គឺមាន​សភាព​ធ្ងន់​ជា​ព្រឹត្តិការណ៍​មុនៗ ដែល​នាំ​អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ​កាន់តែ​រង​ផលប៉ះពាល់​និង​អត់​ការងារ​ធ្វើ​។ 
 
​លោក ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រាន់តែ​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ភ្នំពេញ មាន​អាជីវកម្ម​ជាង​៧០​កន្លែង និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ផ្សេងទៀត​ក៏បាន​ផ្អាក​ដំណើរការ​ដែរ​។ អ៊ីចឹង អ្នករត់​ម៉ូតូ ម៉ូតូ​កង់​បី អ្នកលក់​អីវ៉ាន់ ដែល​ទទួលផល​ពី​កន្លែង​និង​មនុស្ស​នៅ​ជុំវិញ​នោះ អត់​មាន​អ្វី​ប្រក​បរបរ​ទៀត​ទេ ព្រោះ​ស្ងាត់​មនុស្ស បាត់​ចំណូល​ប្រចាំថ្ងៃ​។ វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ខ្លាំង​មែន​ទែ​ន‌​! ហើយ​ពលករ​ចំណាកស្រុក​ក៏​មក ហើយ​ក្នុងស្រុក​កាន់តែ​អត់​ការងារ​ធ្វើ​, អ៊ីចឹង អត្រា​នៃ​ការ​អត់​ការងារ​ធ្វើ​នឹង​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់ ប្រសិនបើ​ស្ថាន​កូ​វីដ​-១៩​កាន់តែ​រីក​ធំ​ទៅៗ​»​។ 
 
​រដ្ឋាភិបាល​មាន​យន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​កូ​វីដ​-១៩ ចាប់តាំងពី​ព្រឹត្តិការណ៍​មុខៗ​មកម្ល៉េះ មាន​ពីរ​ធំៗ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​កូ​វីដ​-១៩ និង​វិធានការ​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ រួមទាំង​លើ​លែង​ពន្ធ​ដល់​អាជីវកម្ម​មួយចំនួន​ទៀតផង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកជំនាញ​សេដ្ឋកិច្ច លោក គីម​ឡុង ហើយ​សង្កត់ធ្ងន់ថា វិធានការ​ដោះ​ស្រាយស្ថាន​ការ​ក្រោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ រដ្ឋា​ភិ​បាល​នឹងត្រូវ​បន្ថែម​ថវិកា​លើ​យន្តការ​ដែលមាន​ស្រាប់ ដើម្បី​ជួយ​ដល់​អ្នក​ដែល​រងគ្រោះ ពិសេស​អ្នក​អត់​ការងារ​ធ្វើ​។ 
​អ្នកសេដ្ឋកិច្ច​រូបនេះ អះអាងថា​៖ «​ការជួយ​ដល់​អ្នក​អត់​ការងារ​ធ្វើ​ឬ​អ្នក​គ្មាន​ប្រភព​ចំណូល ពិសេស​ពលករ តាមរយៈ​យន្តការ​ណាមួយ​ឲ្យ​តែ​ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ គឺ​ដូច​ជួយ​សេដ្ឋកិច្ចកម្ពុជា​ដែរ​។ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ការជួយ​ពួកគេ គឺ​ដើម្បី​កុំ​ឲ្យ​មាន​អំពើហិង្សា​ផ្សេង​ក្នុងសង្គម ដូចជា ឃាត់​កម្ម ចោរកម្ម កាលណា​គ្មាន​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ឬ​ក្នុង​គ្រួសារ​វា​អាចឈាន​ដល់​នឹង​ហើយ​»​។ អ្នកជំនាញ​សេដ្ឋកិច្ច​ថា ការគិតគូរ​និង​មាន​វិធាន​ជួយ​ដល់​អ្នក​អត់​ការងារ គឺ​វិធាន​ការពារ​ភាព​ច​ល​ល​ច​ល់​ក្នុងសង្គម​ផងដែរ​។ លើសពីនេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ស្ថាន​ការ​នៃ​ការ​រាលដាល​កូ​វីដ​-១៩ រួមទាំង​ផលប៉ះពាល់​។ 
 
​វិធាន​ការជួយ​ដល់​អ្នករងគ្រោះ​និង​អ្នក​អត់​ការងារ​ធ្វើ​នេះ លោក វន់ ពៅ លើកឡើងថា រដ្ឋាភិបាល​គួរ​មាន​វិធាន​ជួយ​ដល់​ពលរដ្ឋ​ដែល​អត់​ការងារ​ធ្វើ ពិសេស​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​និង​អ្នក​ចំណាកស្រុក​។ វិធានការ​នេះ លោក ផ្ដោតលើ​ការជួយ​បង្កើន​ប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស និង​ផ្នែក​ទីផ្សារ លើ​វិស័យ​កសិកម្ម​។ ការធ្វើ​បែប​ទាំងនេះ គឺ​វិធានការ​មួយ​ដែល​ជួយ​ដោះស្រាយ​អត្រា​នៃ​ភាព​អត់​ការងារ​នៅ​ក​កម្ពុជា​ផងដែរ​។ 
 
​ជុំវិញ​ការមើលឃើញ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​និង​មេ​សហជីព​ខាងលើនេះ សារព័ត៌មាន​ថ្មីៗ​មិនអាច​សុំ​ការឆ្លើយតប​ពី លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឡើយ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។ 
 
​ចាប់តាំងពី​ថៃ​រឹតបន្តឹង​ច្រកព្រំដែន នៅ​ខែមីនា​ដល់​ខែធ្នូ ឆ្នាំ​២០២០ មាន​ពលរ​កម្ពុជា​ប្រមាណ​១២​ម៉ឺន​នាក់​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ រយ​បាយ​ការណ៍ អង្គការ​ទេ​អង្គការ​ទេស​សន្តរ​ប្រវេសន៍​អន្តរជាតិ​ប្រចាំ​កម្ពុជា​(IOM) និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA)​បាន​រកឃើញថា  ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​បរទេស​វិញ បន្ទាប់ពី​ផ្ទុះ​កូ​វីដ​-១៩​កាលពី​ឆ្នាំ​២០២០ មាន​៦០​ភាគរយ​ក្នុងចំណោម​ជាង​១​ពាន់​នាក់ គ្មាន​ប្រភព​ចំណូល​។ 
 
​កាលពី​ដើមខែ​កម​រា ឆ្នាំ​២០២១​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បាន​ត្រៀម​ការងារ​ជាង​២​ម៉ឺន​កន្លែង​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ ដើម្បី​ជៀសវាង​ពួកគេ​ត្រឡប់​ទៅ​ថៃ​វិញ​។ ការងារ​ជាង​២​ម៉ឺន​កន្លែង​នេះ ជា​ប្រភេទ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និង​កម្ម​សិ​កម្ម​។ ទន្ទឹមនឹងនេះ លោក វន់ ពៅ មើលឃើញថា ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​គិតដល់​ពលករ​នៅ​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។ ប៉ុន្តែ​ការងារ​២​ម៉ឺន​កន្លែង​នេះ មិនទាន់​បំពេញតម្រូវការ​ពលរ​ដ្ឋ​ខ្មែរ​ឡើយ ខណៈ​កម្មករ​រោងចក្រ និង​ពលរដ្ឋ​ផ្សេងទៀត​កំពុង​ប្រឈម​បាត់បង់​ការងារ​ធ្វើ​ដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​ពលករ​ដែល​ត្រឡប់​ពី​ថៃ​វិញ​នេះ លោក វន់ ពៅ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​នៅ​ថ្ងៃទី​១​មីនា​នេះ​ថា ភាគច្រើន​ពួកគេ​ទាំងនោះ គឺជា​អ្នកធ្វើការ​សំណង់ ហើយ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ពួកគេ​មានការ​ងារ​ធ្វើ​ក្នុងស្រុក​នៅ​ឡើង​ទេ​។ លោក​ប្រាប់ថា​៖ «​បើតាម​ការមើលឃើញរ​បស់​ខ្ញុំ អ្នក​ដែល​មក​(​ពលករ​ត្រឡប់​ពីថ្ងៃ​) ភាគច្រើន​មិនទាន់​ឃើញ​មាន​ការងារ​ធ្វើ​នៅឡើយ​ទេ ហើយ​ឃើញ​មាន​អ្នកខ្លះ​បានទទួល​លក់​គ្រឿង​សមុទ្រ​អាំង​តិចតួច​តាមផ្លូវ​។ ក្រៅពី​មិនទាន់​ឃើញ​មាន​ការងារ​ជាក់​លា​កើ​ណាមួយ​នៅឡើយ​ទេ​»​។ 
 
​នៅ​រយៈពេល​ផ្ទុះ​កូ​វីដ​-១៩​ចុងក្រោយ​នេះ ដែល​គិត​ចាប់ពី​ចុងខែ​ធ្នូ ថ្ងៃទី​២០ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៨​កុម្ភៈ ឆ្នាំ​២០២១ ពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​មាន​ជាង​១,៨​ម៉ឺន​នាក់​។ ក្នុង​រយៈពេល​ដូចគ្នា កម្ពុជា​បានទទួល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​អាជ្ញាធរ​ថៃ​ជាង​១​ពាន់​នាក់​។ នេះ​បើតាម​លោក កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍​៕ 
 

Tag:
 ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com