COVID-19
ជាតិ
អ្នកចាក់វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន កើនដល់ ២.៨ម៉ឺននាក់
01, Mar 2021 , 9:32 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី១ មីនា នេះ អ្នកស្ម័គ្រចិត្តចាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិន មានចំនួន ២៨ ៩៧១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី១ មីនា។
 
បើតាមតួលេខរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២៨ ៩៧១នាក់ មានអ្នកចាក់រួចចំនួន ២៤ ៣៣១នាក់ និងអ្នកមិនអនុញ្ញាតឲ្យចាក់ចំនួន ៤ ៦៤០នាក់។ 
 
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមរបស់សាធារណៈប្រជានិតចិន តាំងពីថ្ងៃទី១០កុម្ភៈ មក។ វ៉ាក់សាំងកូវីដ-១៩ ប្រភេទនេះ អាចចាក់បានសម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលស្ថិតនៅក្នុងចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។
 
វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូស ប្រគល់ឲ្យក្រសួងការពារជាតិ។
 
គិតត្រឹមថ្ងៃទី១ មីនា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៨២០នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ និង៣៤៣កំពុងបន្តព្យាបាល។ ក្នុងចំណោមអ្នកជំងឺសរុប អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ឡើងដល់៣១៦នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com