COVID-19
ជាតិ
កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន​២៤នាក់ទៀតដោយ១៧នាក់នៅខេត្តព្រះសីហនុ
02, Mar 2021 , 7:05 am        
រូបភាព
ករណីវិជ្ជមានម្នាក់នៅបន្ទប់ជួល បុរីចម្ការដូង ខណ្ឌដង្កោ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រូបថត Keng Tha
ករណីវិជ្ជមានម្នាក់នៅបន្ទប់ជួល បុរីចម្ការដូង ខណ្ឌដង្កោ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រូបថត Keng Tha
ដោយ: ថ្មីៗ
កម្ពុជាមាន​ករណី​វិជ្ជមាន​កូវីដ-១៩ ចំនួន២៤ករណីទៀត ដែលសុទ្ធតែជាករណីសហគមន៍២០កុម្ភៈ ក្នុងនោះ១៧នាក់នៅខេត្តព្រះសីហនុ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល​នា​ថ្ងៃអង្គារ ទី២ ខែមីនា ដែល​ធ្វើឲ្យករណី​សរុប​នៅ​កម្ពុជាឡើង​ដល់៨៤៤ករណី។ ក្នុងចំណោម​ករណីទាំងនោះ មាន​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ចំនួន៣៤០ករណី។



ក្នុងចំណោមករណីសហគមន៍២០កុម្ភៈ ទាំង​២៤ករណីនោះ មាន​៧នាក់ (ចិន​៥នាក់ ខ្មែរ២នាក់) នៅរាជធានីភ្នំពេញ និង១៧នាក់ (ចិន១២នាក់, ស្ត្រីវៀតណាម៤នាក់, បុរសខ្មែរ១នាក់) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ពលករខ្មែរអាយុ៤៧ឆ្នាំ ម្នាក់ បានជាសះស្បើយ ហើយ​ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សរុបនៅកម្ពុជា ករណីកូវីដ-១៩ ឡើងដល់៨៤៤ករណី ក្នុងនោះ៣៤០ករណីពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ និង៩០ករណីជាពលករមកពីថៃ។ អ្នកជំងឺ៤៧៨នាក់ បានជាសះស្បើយ។

ក្នុងចំណោមអ្នកជំងឺដែលកំពុងសម្រាកព្យាបាល៣៦៦នាក់នៅមន្ទីរពេទ្យ មាន​១៤៤នាក់នៅមណ្ឌលចត្តាឡីស័កភ្នំពេញ ៥៤នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ៥២នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ  ៤៧នាក់នៅមណ្ឌលសុខភាពចាក់អង្រែ ៤០នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ២០នាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ៨នាក់នៅ​សាលាកងរក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ និង១នាក់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

© រក្សាសិទ្ធិដោយ thmeythmey.com