អន្តរជាតិ
តុលាការបារាំង កាត់ទោសអតីតប្រធានាធិបតី សាកូហ្ស៊ី ឱ្យជាប់គុកបីឆ្នាំពីបទពុករលួយ
02, Mar 2021 , 10:34 am        
រូបភាព
អតីតប្រធានាធិបតីបារាំង នីកូឡាស់ សាកូហ្ស៊ី ។ រូបថត AFP
អតីតប្រធានាធិបតីបារាំង នីកូឡាស់ សាកូហ្ស៊ី ។ រូបថត AFP
ដោយ:
អតីតប្រធានាធិបតីបារាំង នីកូឡាស់ សាកូហ្ស៊ី នៅថ្ងៃទី១ ខែមីនា ត្រូវបានតុលាការរកឃើញថាមានកំហុសពាក់ព័ន្ធអំពើពុករលួយ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។  លោកសាកូហ្ស៊ី កាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ និងបន្តមានឥទ្ធិពលក្នុងជួរបក្សសាធរណរដ្ឋដែលជាបក្សអភិរក្សនិយម។

សាលក្រមរបស់តុលាការប៉ារីសនាថ្ងៃទី១ ខែមីនា បញ្ជក់ថា លោក នីកូឡាស់ សាកូហ្ស៊ី មានទោសក្នុងសំណុំរឿងសូកប៉ាន់ចៅក្រម ប្រើប្រាស់ឥទ្ធិពលដើម្បីបានព័ត៌មានស្តីពីការស៊ើបអង្កេតលើរូបលោកពាក់ព័ន្ធទៅការបំពានច្បាប់ហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត។ តុលាការក្រុងប៉ារីស ឱ្យលោកជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ តែ២ឆ្នាំត្រូវបានព្យួរ ចំណែកមួយឆ្នាំទៀតអាចនឹងត្រូវជំនួសដោយការជាប់ឃុំឃាំងនៅផ្ទះ។ 
 
«លោកប្រើប្រាស់ផលប្រយោជន៍នៃឋានៈ និងទំនាក់ទំនងដែលបានបង្កើតឡើងកាលជាប្រធានាធិបតី»។ នេះជាការលើកឡើងរបស់ចៅក្រម Christine Mee ក្នុងសវនាការថ្ងៃទី១ ខែមីនា។ តុលាការរកឃើញថា លោកសាកូហ្ស៊ីបានសន្យាផ្តល់តំណែងនៅម៉ូណាកូទៅចៅក្រម Gilbert Azibert ដើម្បីទទួលបានព័ត៌មានស្តីពីការស៊ើបអង្កេតលើរូបលោកក្នុងការទទួលថវិការមិនស្របច្បាប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៧ ។
 
ដំបូងឡើយរដ្ឋអាជ្ញាបារាំងស៊ើបអង្កេតតែលើព័ត៌មានសង្ស័យថាលោក សាកូហ្ស៊ី ទទួលបានប្រាក់ពីមេដឹកនាំផ្តាច់ការលីប៊ី លោក មូអាម៉ា ហ្គាដាហ្វី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៧។ ចេញពីរឿងនេះ អ្នកស៊ើបអង្កេតដឹងពីការពិភាក្សជាច្រើនដងរវាងលោក សាកូហ្ស៊ី និងមេធាវី Thierry Herzog ទាក់ទងនឹងចៅក្រម Azibert ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
 
មេធាវី Herzog និងលោកចៅក្រម Azibert ក៏ត្រូវបានកាត់ទោសជាមួយលោក សាកូហ្ស៊ី និង ត្រូវបានរកឃើញថាមានកំហុសដូចគ្នា។ ចៅក្រម Mee ដែលកាត់ក្តីរឿងនេះសង្កត់ធ្ងន់ថា សកម្មភាពរបស់បុគ្គលទាំងនេះប៉ះពាល់ដល់ទំនុកចិត្តដែលសាធារណជនបានផ្តល់មកលើប្រព័ន្ធយុត្តិធម៌។ 
 
អតីតប្រធានាធិបតីបារាំងរូបនេះ ចេញពីសវនាកាដោយពុំនិយាយអ្វីឡើយ ប៉ុន្តែលោកJacqueline Laffont មេធាវីរបស់លោកនិយាយថា ការកាត់ក្តីនេះធ្ងន់ធ្ងរខ្លាំង និងគ្មានហេតុផល។ លោក សាកូហ្ស៊ី ជាអតីតប្រធានាធិបតីបារាំងទីពីរដែលត្រូវតុលាការចោទប្រកាន់។ លោកអតីតប្រធានាធិបតី Jacque Chirac ត្រូវបានតុលាការបារាំងរកឃើញថា មានទោសក្នុងឆ្នាំ២០១១ ពីបទពុករលួយ។ ក្រៅតែពីសំណុំរឿងពុករលួយ លោកសាកូហ្ស៊ី ក៏ត្រូវឡើងសវនាការជាថ្មីម្តងទៀតនៅចុងខែមីនាចំពោះការបំពាន់ច្បាប់ហិរញ្ញវត្ថុស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១២។
 
ក្រៅពីរឿងខាងលើ រដ្ឋអាជ្ញាបារាំងកំពុងបន្តស៊ើបអង្កេតលើការលើកឡើងថា អតីតមេដឹនាំផ្តាច់ការលីប៊ី មូអាម៉ា ហ្គាដាហ្វ៊ី ផ្តល់ប្រាក់រាប់លានអឺរ៉ូតាមវ៉ាលីមកឲ្យលោក សាកីហ្ស៊ី សម្រាប់ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៧៕
 
 
 
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com