ជាតិ
សង្គមជាតិ
ទោះកូវីដ-១៩ «អង្គរវត្ត»នៅតែបង្កើតចំណូលប្រយោលជូនពលរដ្ឋខ្មែរមួយចំនួន
02, Mar 2021 , 11:14 am        
រូបភាព
ភ្នំពេញ៖ ចំណូលបានមកពីការចូលទស្សនាប្រាសាទនានាដោយផ្ទាល់នៅឧទ្យានអង្គរមានការថយចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីមានការរាតត្បាតនៃមេរោគកូវីដ-១៩ កាលពីដើមឆ្នាំ២០២០មក។ ទេសចរទាំងជាតិ និងអន្តរជាតិ មិនបានធ្វើដំណើរទៅកាន់ប្រាសាទអង្គរច្រើនដូចកាលពីមុនការផ្ទុះមេរោគកូវីដឡើយ។ ចំណូលផ្ទាល់ពីប្រាសាទអង្គរវត្តមានការថយចុះខ្លាំង តែចំណូលប្រយោលពីប្រាសាទអង្គរវត្តនៅបន្តជួយជីវភាពគ្រួសារមួយចំនួនផងដែរ។ ចំណូលប្រយោលពីអង្គរវត្ត គឺចម្លាក់អង្គរវត្ត ឬរូបគំនូរអង្គរវត្តជាដើម។
 
«ខ្ញុំជួយលើកតម្កើង និងផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការឆ្លាក់រូបប្រាសាទអង្គរវត្ត។ តែអង្គរវត្តក៏ជួយជីវភាពខ្ញុំវិញដែរ»។ នេះ គឺជាការលើកឡើងរបស់លោក អែម ជាងចម្លាក់រូបអង្គរវត្ត និងរូបបាយ័នអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
 
ស្ថិតក្នុងវ័យជាង៣០ឆ្នាំប្លាយ លោក អែម បានដឹងយ៉ាងច្បាស់ថា ចាប់តាំងពីការរាតត្បាតនៃមេរោគកូវីដ១៩មក អង្គរវត្តមិនអាចរកប្រាក់ចំណូលបានច្រើនដូចមុនឡើយ ព្រោះ ចំនួនភ្ញៀវទៅទស្សនាអង្គរវត្តដោយផ្ទាល់ពិតជាមានការថយចុះ។ តែទោះជាយ៉ាងណា កិច្ចការប្រចាំថ្ងៃរបស់លោក អែម ដែលជាជាងឆ្លាក់រូបអង្គរវត្ត រូបសត្វដំរី ឬរូបប្រាសាទបាយ័ននៅតែដំណើរការតិចតួចគ្រាន់ចិញ្ចឹមជីវិតដដែល។ 
 
ក្នុងអំឡុងពេលកូវីដ-១៩នេះ លោក អែម ទទួលបានការបញ្ជាឲ្យឆ្លាក់រូបប្រាសាទអង្គរ បាយ័ន ឬរូបដំរី គ្រប់ខ្នាតបានមួយចំនួនដែរ។ ចេះចំណេះតពីជីតាដែលមានវ័យជិត៨០ឆ្នាំទៅហើយនោះ ជាងចម្លាក់ អែម បាននិយាយថា ខ្លួនគេមានទេព្យកោសល្យពិសេសចំពោះកិច្ចការចម្លាក់ឈើនេះ។ ក្រៅពីចម្លាក់រូបអង្គរវត្តលើឈើ ជាងគំនូររូបអង្គវត្ត ឬរូបប្រាសាទបាយ័នមួយចំនួនផ្សេងទៀត ក៏អាចនៅបន្តអាជីពបានខ្លះដែរនៅក្នុងបរិបទកូវីដនេះ។ 
 
រូបប្រាសាទអង្គរវត្តពិតនៅក្នុងខេត្តសៀមរាបបង្កើតចំណូលផ្ទាល់ជាច្រើនជូនជាតិ។ រីឯ រូបប្រាសាទអង្គរវត្ត ជារូបថត ជារូបគំនូរ ជាចម្លាក់លើក្រណាត់ លើឈើ លើថ្ម។ល។ បានចូលរួមបង្កើតចំណូលដោយប្រយោល និងបង្កើតការងារដោយប្រយោលបានច្រើនពាន់-ម៉ឺន កន្លែងផ្សេងទៀត។ អ្នកជំនាញខ្លះបាននិយាយថា ចំណូលពីឧទ្យានអង្គរ(ទេសចរណ៍វប្បធម៌) គឺជាចំណូលមិនចេះរីងស្ងួត ហើយវាមានរយៈពេលយូរជាងចំណួលប្រេងកាតទៅទៀត៕ លេខទំនាក់ទំនងលោក អែម៖ ០១៥ ២០៨ ៤៩១)៕ 





Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com