COVID-19
អន្តរជាតិ
WHO ព្រមានជាថ្មី ពិភពលោកនឹងមិនបញ្ចប់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២១ ឡើយ
02, Mar 2021 , 3:19 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus (ស្ដាំ) អគ្គនាយក WHO និងលោក Michael Ryan ប្រធានកម្មវិធីអាសន្នរបស់​ WHO ។ រូបថត Xinhua
លោក Tedros Adhanom Ghebreyesus (ស្ដាំ) អគ្គនាយក WHO និងលោក Michael Ryan ប្រធានកម្មវិធីអាសន្នរបស់​ WHO ។ រូបថត Xinhua
ដោយ:
អង្គការសុខភាពពិភពលោក(WHO) ព្រមានជាថ្មីនៅថ្ងៃទី១ ខែមីនា ថា ជំងឺកូវីដ-១៩ នឹងមិនបាត់ទៅណានៅចុងឆ្នាំ២០២១ នេះឡើយ។ ការព្រមានរបស់ WHO ធ្វើឡើងចំពេលដែលប្រទេសមួយចំនួនចាប់ផ្តើមទទួលបានវ៉ាក់សាំង និងនៅពេលដែលករណីឆ្លងកើនឡើងសារជាថ្មីបន្ទាប់ពីធ្លាក់ចុះអស់រយៈពេល៦សប្តាហ៍ជាប់គ្នា ខណៈដែលការអនុវត្តវិធានការសុខាភិបាលហាក់ធូររលុងច្រើន។

«វាជារឿងរហ័សជ្រុល និងមិនសមហេតុផលដែលគិតថាយើងអាចនឹងយកឈ្នះជំងឺឆ្លងនេះនៅចុងឆ្នាំ២០២១»។ នេះជាការលើកឡើងរបស់លោក Michael Ryan មន្ត្រីទទួលបន្ទុកកិច្ចការបន្ទាន់ WHO ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែមីនា។ យ៉ាងណាក្តី លោក Ryan សង្កត់ធ្ងន់ថា បើប្រទេសនីមួយៗប្រុងប្រយ័ត្ន នោះចំនួនអ្នកស្លាប់ និងស្នាក់នៅក្នុងមន្ទីរពេទ្យមានការធ្លាក់ចុះ។ 
 
សប្ដាហ៍មុន ជាពេលដំបូងដែលករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកកើនឡើង ក្រោយធ្លាក់ចុះ៦សប្ដាហ៍មកហើយ។ ចំនួនឆ្លងថ្មី កើនឡើងវិញនៅតំបន់អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងមេឌីទែរ៉ាណេខាងកើត។  លោកTedros Adhanom Ghebreyesus អគ្គនាយក WHO ចាត់ទុកការកើនឡើងនេះ ជារឿងគួរឱ្យខកចិត្ត តែលោកមិនភ្ញាក់ផ្អើលឡើយ ព្រោះប្រទេសក្នុងតំបន់ទាំងនោះបន្ធូរវិធានសុខភាពសាធារណៈ ដែលធ្វើឱ្យទម្រង់ថ្មីនៃជំងឺឆ្លងពីមួយកន្លែងទៅមួយកន្លែង ហើយប្រជាជនក៏ចាប់ផ្តើមធ្វេសប្រហែសដែរ។
 
ចំណែកលោកស្រី Maria Van Kerkhove អ្នកបច្ចេកទេសនាំមុខរបស់ WHO និយាយថា ចំនួនឆ្លងកាលពីសប្តាហ៍មុនជាមេរៀនដែលបង្ហាញថា ករណីឆ្លងនឹងកើនឡើងជាថ្មីបើសិនជាមានការធ្វេសប្រហែស។  គិតត្រឹមថ្ងៃទី១ ខែមីនា ពិភពលោកទាំងមូលមានករណីឆ្លងចំនួន១១៤លានករណី ស្លាប់ចំនួន២,៥៤លាននាក់ និងជាសះស្បើយចំនួន៦៤,៦លានករណី។
 
នាសន្និសីទដដែលនោះ លោក Tedros ព្រមានពីការពឹងផ្អែកជ្រុលលើវ៉ាក់សាំង។ លោកសង្កត់ធ្ងន់ថា វ៉ាក់សាំងអាចជួយសង្គ្រោះជីវិតមនុស្ស ប៉ុន្តែការពឹងផ្អែកលើវ៉ាក់សាំងទាំងស្រុងជាកំហុស ព្រោះវិធានសុខាភិបាលសាធារណៈត្រូវបន្តជាមូលដ្ឋានគ្រឹះក្នុងការឆ្លើយតបទៅនឹងជំងឺឆ្លង។ លោក Tedros មានផែនការចង់ឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងក្នុងរយៈពេល១០០ថ្ងៃដំបូង នៃឆ្នាំ២០២១ ស្របពេលវ៉ាក់សាំងចាប់ផ្ដើមដឹកទៅកាន់ប្រទេសនានាហើយនោះ។ 
 
«វាជារឿងដ៏គួរឱ្យលើកទឹកចិត្ត ដែលឃើញបុគ្គលិកសុខាភិបាលក្នុងប្រទេសមានចំណូលតិចតួចទទួលបានវ៉ាក់សាំង»។ នេះជាការលើកឡើងរបស់លោកTedros តែលោកក៏ខកចិត្តដែរដែលប្រទេសមានចំណូលតិច ទទួលបានវ៉ាក់សាំង៣ខែក្រោយប្រទេសអ្នកមាន។ ត្រង់នេះលោករិះគន់ប្រទេសខ្លះថាផ្តល់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ដែលមានសុខភាពល្អ និងមានហានិភ័យសុខភាពទាប តែមិនផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល និងមនុស្សវ័យចំណាស់។
 
ចំពោះមជ្ឈមណ្ឌល COVAX វិញ លោកបានបញ្ជាក់ថា COVAX បានផ្តល់វ៉ាក់សាំងចំនួន១១លានដូសកាលពីសប្តាហ៍មុន ហើយនឹងបន្តចែកចាយវ៉ាក់សាំងចំនួន២៣៧លានដូសបន្ថែមទៀតដល់ប្រទេសចំនួន១៤២ នៅត្រឹមចុងខែឧសភា៕
 
 

Tag:
 កូវីដ-១៩
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com