អន្តរជាតិ
អ្នកជំនាញ UN ថារុស្ស៊ីត្រូវទទួលខុសត្រូវចំពោះការបំពុលលោក Navalny 02, Mar 2021 , 7:59 pm
អ្នកនយោបាយប្រឆាំងនៅរុស្ស៊ី Alexei Navalny ។ រូបថត AFP
× អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការប្រជាជាតិ (UN) និយាយថា រុស្ស៊ីជាអ្នកត្រូវទទួលខុសត្រូវ ចំពោះករណីបំពុលមេដឹកនាំអ្នកនយោបាយប្រឆាំងAlexei Navalny។ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ទាមទារផងដែរឱ្យមានការស៊ើបអង្កេតជាអន្តរជាតិចំពោះករណីបំពុលដោយសារធាតុគីមីនេះ។
ការប៉ុនប៉ងសម្លាប់លោក Alexei Navalny ជាផ្នែកមួយនៃការវាយប្រហារលើអ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ដោយមានបំណងបំបិទសំឡេងអ្នកប្រឆាំង។ លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងលោកស្រី Irene Khan អ្នកជំនាញផ្នែកផ្នែកសេរីភាពនៃការបញ្ចេញមតិលើកឡើងបែបនេះក្នុងរបាយការណ៍រួមគ្នាមួយ។
«ជាសេចក្តីសន្និដ្ឋានរបស់យើង រុស្ស៊ីជាអ្នកទទួលខុសត្រូវក្នុងការប៉ុនប៉ងសម្លាប់លោក Navalny »។ នេះជាការលើកឡើងរបស់លោកស្រី Callamard ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១ ខែមីនា ដែលបង្ហាញពីរបាយការណ៍បឋមនៃការស៊ើបអង្កេត។
ទាក់ទងរឿងនេះ រដ្ឋាភិបាលរុស្ស៊ី ច្រានចោលពីការពាក់ព័ន្ធរបស់ខ្លួនក្នុងការបំពុលលោក Navalny ដោយថា មិនមានភស្តុតាងអ្វីឡើយ។ ចំណែកលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា រដ្ឋាភិបាលរុស្ស៊ីសង្ឃឹមថា ការស៊ើបអង្កេតនេះ នឹងនាំឱ្យអាល្លឺម៉ង់ដែលទទួលព្យាបាលលោក Navalny ផ្តល់ទិន្ន័យវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រស្តីពីការបំពុលនោះ។ លោកស្រី Zakharova និយាយថារុស្ស៊ី ក៏ចង់ដឹងពីការពិតនៃហេតុការណ៍បំពុលនោះដែរ។
ក្រោយធ្លាក់ខ្លួនឈឺភ្លាមៗ លោកNavalny ត្រូវបានបញ្ជូនពីតំបន់ស៊ីបេរី ទៅអាល្លឺម៉ង់កាលពីខែសីហា។ ក្រោយពេលសម្រាកព្យាបាលអស់រយៈពេលជាង៤ខែដោយសារតែការបំពុលសារធាតុ Novichok លោកNavalny បានត្រឡប់មករុស្ស៊ីវិញក្នុងខែមករា និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំ២ឆ្នាំកន្លះចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។
ចំពោះការបំពុលខាងលើនេះ អ្នកជំនាញ UN និយាយថា ដោយពិនិត្យមើលទៅលើការឆ្លើយតបមិនគ្រប់សព្វរបស់អាជ្ញាធររុស្ស៊ី ការប្រើប្រាស់អាវុធគីមី និងទម្លាប់ក្នុងការវាយប្រហារលើអ្នកប្រឆាំង ការស៊ើបអង្កេតអន្តរជាតិមួយត្រូវធ្វើឡើងជាបន្ទាន់ដើម្បីស្វែងរកការពិត និងបញ្ជាក់រាល់ហេតុការណ៍ដែលកើតឡើងលើលោកNavalny។
អ្នកជំនាញទាំងពីរ ក៏សង្កត់ធ្ងន់ផងដែរថា ការប្រើប្រាស់សារធាតុគីមី Novichok ជាការបំពានកាតព្វកិច្ចរបស់រុស្ស៊ីក្រោមអនុសញ្ញាអាវុធគីមី។ អ្នកជំនាញទាំងពីរហៅការប្រើប្រាស់សារធាតុនេះក្នុងបំណងសម្លាប់អ្នកនយោបាយប្រឆាំង ចាត់ទុកជា ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com