អន្តរជាតិ
វិបត្តិមីយ៉ាន់ម៉ា៖ ប្រធានអាស៊ាន ស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី
03, Mar 2021 , 11:59 am        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែមីនា។ រូបថតហ្វេសប៊ុករដ្ឋមន្ត្រីការបរទេសកម្ពុជា
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែមីនា។ រូបថតហ្វេសប៊ុករដ្ឋមន្ត្រីការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃ២ ខែមីនា បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយដើម្បីជជែកពីវិបត្តិនៅមីយ៉ាន់ម៉ា។ ប្រមុខការទូតនានា បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដោះស្រាយបញ្ហាដោយសន្តិវិធី និងរឹតត្បិតសកម្មភាពរបស់ខ្លួន ដើម្បីបង្ការវិបត្តិកុំឱ្យរីកធំឡើង។ ដ្បិតគ្មានសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានជំរុញឱ្យបណ្តាប្រទេសអាស៊ានផ្សេងទៀតរួមគ្នាតែមួយ និងកុំយកគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដាក់ពីមុខ។
 
 
 
នេះជាលើកដំបូងហើយដែលអាស៊ានបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្រៅផ្លូវការជជែកពីបញ្ហាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ។ យ៉ាងណាមិញ កិច្ចប្រជុំនេះ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយព្រុយណេដែលជាប្រធានអាស៊ានផ្លាស់វេន បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមប្រធានអាស៊ានវិញ។ 
 
ក្រោយកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន បានបន្តបង្ហាញពីក្តីបារម្ភលើស្ថានការណ៍នៅមីយ៉ាន់ម៉ា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធ កុំប្រើប្រាស់ហិង្សា និងគ្រប់គ្រងសកម្មភាពរបស់ខ្លួន ក្នុងការបង្ការវិបត្តិមិនឱ្យរីកធំឡើងនៅក្នុងប្រទេស។ «យើងផងដែរអំពាវនាវឱ្យភាគីទាំងអស់ ស្វែងរកសេចក្តីសម្រេចដោយសន្តិវិធី តាមរយៈកិច្ចចរចា និងបង្រួបបង្រួម ដើម្បីផលប្រយោជន៍ និងជីវភាពរបស់ប្រជាជន»។ សេចក្តីថ្លែងការណ៍ប្រធានអាស៊ានបានបញ្ជាក់បែបនេះ។ 
 
មិនតែប៉ុណ្ណោះ ប្រធានអាស៊ានក៏បញ្ជាក់ពីជំហររបស់អង្គការតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលត្រៀមខ្លួនរួចរាល់ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហាក្នុងបែបបទវិជ្ជមាន សន្តិភាព និងដោយស្ថាបនា។ 
 
នៅក្រោយកិច្ចប្រជុំក្រៅផ្លូវការនេះ រដ្ឋមន្រ្តីប្រទេសសមាជិកខ្លះ ចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ឥណ្ឌូណេស៊ី បានជំរុញឱ្យបណ្តាប្រទេសអាស៊ានផ្សេងទៀត កុំយកគោលការណ៍ មិនជ្រែកជ្រៀតកិច្ចការផ្ទៃក្នុងដាក់ពីមុខ ព្រោះគោលការណ៍ផ្សេងទៀត ក៏សំខាន់ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានអះអាងថា សិង្ហបុរី គាំទ្រយ៉ាងពេញទំហឹងលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ 
 
«នេះជាពេលដ៏សំខាន់ ដែលអាស៊ានត្រូវអនុវត្តគោលការណ៍ណែនាំរបស់ខ្លួនលើស្ថានការណ៍នៅមីយ៉ាន់ម៉ា»។ ប្រមុខការទូតសិង្ហបុរីបានលើកឡើងបែបនេះ ដែលបន្តអំពាវនាវឱ្យមានកិច្ចពិភាក្សា បង្រួបបង្រួម និងការត្រលប់ទៅរកភាពប្រក្រតីក្នុងប្រទេសវិញផងដែរ។ លោក Balakrishnan ក៏បានបញ្ជាក់ផងដែរថា អាស៊ានមិនត្រឹមមានតែគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ ប៉ុន្តែក៏មានការគោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ចល្អ និងគោរព និងការពារសិទ្ធិមនុស្សផងដែរ។
 
មិនខុសពីសមភាគីសិង្ហបុរីឡើយ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងថា គ្មានប្រទេសអាស៊ានណាមួយ ចង់បំពានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ ប៉ុន្តែការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ នីតិរដ្ឋ  ក៏សំខាន់ដូចគ្នាដែរ ព្រោះក៏មានចែងក្នុងធម្មនុញ្ញអាស៊ានដូចគ្នា។ ក្នុងន័យនេះ សមាជិកអាស៊ាន ត្រូវគោរពតាមគោលការណ៍ទាំងនោះ។ 
 
ទន្ទឹមនេះ ឥណ្ឌូណេស៊ី ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាផងដែរ។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី ឆន្ទៈល្អមិនអាចជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបានឡើយ ប្រសិនបើរដ្ឋាភិបាលយោធា មិនបើកទ្វារឱ្យ។ មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី ជំរុញឱ្យភាគីក្នុងប្រទេសមីយ៉ាន់ម៉ាទាំងអស់ ដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។ 
 
រីឯរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein វិញ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដ្បិតស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ជាបញ្ហាផ្ទៃក្នុងក្ដី ម៉ាឡេស៊ីសង្ឃឹមថា ភាគីមីយ៉ាន់ម៉ា នឹងចេះទទួលយកសំណើ និងការព្រួយបារម្ភ ដែលលើកដោយអាស៊ាន។ លើសពីនេះ អាស៊ានក៏គួរពិចារណាផងដែរថា បញ្ហានៅមីយ៉ាន់ម៉ាជាដើរបកក្រោយនៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឬយ៉ាងណា៕
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com