ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទំនាក់ទំនង​មិនត្រូវ​គ្នា​រវាង​ដៃគូ​ស្នេហា​
04, Mar 2021 , 6:59 am        
រូបភាព
​គេហទំព័រ GoodTherapy បានឱ្យដឹងថា ទំនាក់ទំនង​មិនត្រូវ​គ្នា​គឺជា​មូលហេតុ​ចម្បង​នៃ​ការរស់នៅ​ផ្សេងគ្នា​និង​លែងលះគ្នា​។ គូស្នេហ៍​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ទំនាក់ទំនង​សាមញ្ញ​ឬ​ជួបពិភាក្សា​ជាមួយនឹង​អ្នកផ្តល់​ប្រឹក្សា​អាពាហ៍ពិពាហ៍​ដើម្បី​ស្វែងរក​និង​ដោះស្រាយ​បញ្ហា ដូច្នេះ​ពួកគេ​អាច​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយគ្នា​ដោយ​សប្បាយរីករាយ​។​
 
​ទំនាក់ទំនង​មិនត្រូវ​គ្នា​តាមរយៈ​ពាក្យសម្តី​
 
 ទំនាក់ទំនង​មិនត្រូវ​គ្នា​តាមរយៈ​ពាក្យសម្តី​បង្ហាញ​ចេញមក​ខុសៗ​គ្នា ប៉ុន្តែ​កត្តា​ទូទៅ​គឺ​មិនឱ្យ​ដៃគូរ​របស់​អ្នក​បង្ហាញ​គំនិត​ឬ​មតិ​របស់គេ​បាន​ពេញលេញ​។ ជាធម្មតា ភាគី​ម្ខាង​នឹង​បង្អាក់​ភាគី​ម្ខាង​ទៀត​ដើម្បី​ស្វែងរក​កំហុស ពិភាក្សា​ពី​ការពិត ឬ​ប្តូរ​ទៅ​និយាយ​ពី​ប្រធានបទ​ផ្សេង​ក្នុងពេល​ឈ្លោះ​គ្នា​។​
 
​ទំនាក់ទំនង​មិន​ប្រើពាក្យ​សម្តី​
 
 មហាវិទ្យាល័យ​រដ្ឋ Montana បានឱ្យដឹងថា ប្រហែលជា ៩០​ភាគរយ​នៃ​ទំនាក់ទំនង​គឺធ្វើឡើង​ដោយ​មិន​ប្រើពាក្យ​សម្តី ដូចជា​ការប៉ះពាល់ និង​ការសម្តែង​លើទឹក​មុខ​។ ស្ត្រី​ច្រើនតែ​ស្ទាត់ជំនាញ​ជាង​ក្នុង​ការយល់​ពី​ទំនាក់​មិន​ប្រើ​ពាក្យសម្តី ប៉ុន្តែ​ពេលខ្លះ​ស្ត្រី​ច្រើនតែ​កាត់​យល់​ពីអ្វី​ដែល​ភាគី​របស់គេ​កំពុង​គិត មុននឹង​ភាគី​នោះ​មានឱកាស​និយាយ​។​
 
​សារសំខាន់​
 
 សាស្ត្រាចារ្យ​សង្គមសាស្ត្រ Todd Migliaccio នៃ​មហាវិទ្យាល័យ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា បាន​សម្ភាសន៍​ប្តី​ប្រពន្ធ​ដែល​បាន​រៀបការ​យូរ​ជាង ៣០​ឆ្នាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ថា​តើ​ពួកគេ​រស់នៅ​ជាមួយ​ដោយ​របៀប​ណា​។ គ្រប់​គូ​សុទ្ធតែ​និយាយថា ការទំនាក់ទំនង ភាព​បើកចំហរ ការគោរព និង​ការ​មាន​ចំណូលចិត្ត​រួមគ្នា គឺជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​របស់​ពួកគេ​។ ការរួមបញ្ចូល​គ្នា​នៃ​គុណភាព​ទាំងអស់នេះ​ធ្វើឱ្យ​ពួកគេ​រួមរស់​ជាមួយគ្នា​និង​ដោះស្រាយ​បញ្ហា​រួមគ្នា​។​
 
​ដំណោះស្រាយ​
 
 ដំបូង​ឡើយ ដៃគូ​ស្នេហា​គួរ​លើកឡើង​ពី​បញ្ហា​ទំនាក់ទំនង​របស់​ពួកគេ​ដោយ​ការនិយាយ​គ្នា​ពី​បញ្ហា​នោះ​ភ្លាមៗ​និង​ដោយ​គោរព​គ្នា​ទៅវិញទៅមក​។ ប្រសិនបើ​ពួកគេ​មិនអាច​ដោះស្រាយ​បញ្ហា​នោះបាន​ដោយ​ខ្លួនឯង ពួកគេ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​អ្នកផ្តល់​ព្រឹក្សា​អាពាហ៍ពិពាហ៍​។​
 
​ការពិចារណា​
 
 នៅ​ចំណុច​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា ទំនាក់ទំនង​មិនត្រូវ​គ្នា​គឺ​មិនអាច​ជៀសវាង​បានទេ ប៉ុន្តែ​ទំនាក់ទំនង​មិន​ចុះសម្រុង​គ្នា​និង​អាកប្បកិរិយា​អវិជ្ជមាន​ដទៃទៀត ដូចជា​ភាព​ឆេវឆាវ អាចជា​សញ្ញា​នៃ​ទំនាក់ទំនង​ដែលមាន​បញ្ហា​។ ប្រសិនបើ​ភាគី​ម្ខាង​មាន​ជំងឺផ្លូវចិត្ត​ឬ​ជំងឺ​ផ្សេងៗ អ្នក​គួរ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com