COVID-19
ជាតិ
ស្រ្តីវៀតណាម២នាក់ បានជិះឡានពីភ្នំពេញទៅក្រុងបាវិត ក្រោយមកដឹងថា ផ្ទុកកូវីដ
03, Mar 2021 , 5:00 pm        
រូបភាព
​ច្រក​ព្រំដែន​​បាវិត (រូបពីទំព័រហ្វេសប៊ុក ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-Bavet International Border)
​ច្រក​ព្រំដែន​​បាវិត (រូបពីទំព័រហ្វេសប៊ុក ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-Bavet International Border)
ភ្នំពេញ៖ ស្រ្តីវៀតណាម២នាក់ ដោយម្នាក់អាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ បានធ្វើដំណើតាមតាក់ស៊ីម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 ពីរាជធានីភ្នំពេញ ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅម៉ោង៨កន្លះយប់ ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានបំណងចូលទៅវៀតណាមវិញ។ ប៉ុន្តែ ដោយសារតែឯកសារច្បាប់មិនគ្រប់គ្រាន់និងមានភាពមិនប្រក្រតី ស្រ្តីទាំង២នាក់នោះ ក៏ត្រូវបានមន្រ្តីអន្តោប្រវេសន៍នៅព្រំដែនបាវិត ឃាត់មិនទាន់ឲ្យឆ្លងដែនចូលទៅវៀតណាម។


បន្ទាប់មក មន្រ្តីមន្ទីរសុខាភិបាល បានចុះទៅយកសំណាកស្រ្តីវៀតណាមទាំង២នាក់នោះ ដើម្បីធ្វើតេស្ត ហើយទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា អ្នកទាំង២ មានវិជ្ជមានជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តស្វាយវៀង បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្ត្រីវៀតណាមទាំង២នាក់នោះ នៅថ្ងៃទី៣ ខែមីនានេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពេលត្រូវហាមឃាត់មិនឲ្យឆ្លងដែនចូលទៅវៀតណាម ស្រ្តីទាំង២នាក់នោះ ត្រូវបានអាជ្ញាធរ យកទៅឲ្យស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារ ហេងហេង សិរីរ័ត្ន ក្នុងក្រុងបាវិត។ ក្រោយលទ្ធផលបង្ហាញថាផ្ទុកជំងឺកូវីដ-១៩ អាជ្ញាធរ បានយកស្រ្តីវៀតណាមទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ ហើយសណ្ឋាគារ ហេងហេង សិរីរ័ត្ន ត្រូវផ្អាកបណ្តោះអាសន្ន។ បើតាមសេចក្តីប្រកាសព័ត៌មាន ថៅកែ បុគ្គលិក និង ភ្ញៀវ នៅសណ្ឋាគារនេះ ត្រូវបានយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័ក។

លោកវេជ្ជបណ្ឌិត កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗថា មកដល់ពេលនេះ អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធ២៥នាក់ហើយ ដោយក្នុងចំណោមនោះ អ្នកខ្លះ ស្ថិតនៅក្នុងសណ្ឋាគារ ហេងហេង សិរីរ័ត្ន និងអ្នកខ្លះ ជាអ្នកលក់ដូរនៅមុខសណ្ឋាគារ ហើយមួយចំនួនទៀត ជាកម្លាំងសមត្ថកិច្ច។ លោក បន្តថា ក្រៅពីនេះ អាជ្ញាធរ រកឃើញអ្នករត់ម៉ូតូឌុប៣នាក់ ដែលឌុបស្រ្តីវៀតណាមទាំង២នាក់នោះ ទៅកាន់ព្រំដែន។ លោក អះអាងថា អ្នកពាក់ព័ន្ធទាំងនោះ ត្រូវបានយកសំណាកទៅធ្វើតេស្ត និងដាក់ឲ្យចត្តាឡីស័ក។ លោក បន្ថែមថា នៅមានអ្នករត់ម៉ូតូឌុបម្នាក់ ដែលបានឌុបស្រ្តីវៀតណាមទាំង២នាក់ដែរ តែអាជ្ញាធរ រកមិនទាន់ឃើញ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លើកឡើងថា ស្រ្តីវៀតណាមទាំង២នាក់នោះ បានម៉ៅរថយន្តឡាយឡែនឌ័រនោះ ដូច្នេះ អ្នកដែលជិះរថយន្តនោះ មានតែ៣នាក់ប៉ុណ្ណោះ ដោយម្នាក់ទៀត ជាអ្នកបើកបរ។ លោក ផ្តល់ព័ត៌មានថា មកដល់ពេលនេះ អាជ្ញាធរបានរកឃើញអ្នកបើករថយន្តនោះហើយ ហើយបានយកគាត់និងភរិយារបស់គាត់ ទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក។

បើតាមលោកអភិបាលរងខេត្តរូបនេះដដែល ពេលដឹកស្រ្តីវៀតណាមទាំង២នាក់ ទៅដល់ក្រុងបាវិញ អ្នកបើករថយន្តហាយឡែនឌ័រនោះ ក៏ត្រឡប់ទៅភ្នំពេញវិញ ហើយបន្ទាប់មក បានដឹកភ្ញៀវ៣នាក់ទៀត ទៅកំពង់សោម។ លោក ថ្លែងថា អាជ្ញាធរកំពង់សោម បានទាក់ទងនិងយកអ្នកទាំង៣នាក់នោះ ទៅធ្វើចត្តាឡីស័កហើយ។

លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«យើង គ្រប់គ្រងសភាពការណ៍ហ្នឹងបានច្រើនហើយ អត់មានអីបារម្ភទេ»។

តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវឲ្យអ្នកផ្សេងទៀត ដែលដឹងខ្លួនថា ពាក់ព័ន្ធនិងប៉ះពាល់ជាមួយស្រ្តីវៀតណាមទាំង២នាក់នោះ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩៕

Tag:
 COVID-19
  អ្នកកូវីដជិះឡាន
© រក្សាសិទ្ធិដោយ thmeythmey.com