COVID-19
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ឲ្យទប់ស្កាត់ការចល័តមនុស្សពីខេត្តព្រះសីហនុ តែរក្សាចរាចរណ៍ទំនិញ
03, Mar 2021 , 11:00 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងនៅ​ក្នុង​ពិធី​បើក​គម្រោង​សាង​សង់ស្ពានឆ្លងទន្លេបាសាក់កាលពីខែតុលាឆ្នាំ ២០២០។ រូបថត៖ AFP
សម្តេច ហ៊ុន សែន ថ្លែងនៅ​ក្នុង​ពិធី​បើក​គម្រោង​សាង​សង់ស្ពានឆ្លងទន្លេបាសាក់កាលពីខែតុលាឆ្នាំ ២០២០។ រូបថត៖ AFP
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃពុធ ទី ៣​ខែមីនា បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ចរន្តមនុស្សចេញពីខេត្តព្រះសីហនុទៅខេត្តនានានៅក្បែរខាងដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ លើកលែងតែការដឹកជញ្ជូនទំនិញចេញចូល។

ការ
បន្តកើនឡើងនៃករណីវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ កំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាលកម្ពុជា។ ឆ្លើយតបនឹងស្ថានការណ៍នេះ សម្តេច ហ៊ុន សែន នាយប់ថ្ងៃទី ៣ ខែមីនា បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់ដើម្បីរឹតបន្តឹងការចល័តមនុស្សរបស់ប្រជាជនពីខេត្តនេះទៅកាន់ខេត្តដទៃ។ 
 
«វិធានការទីមួយ បិទចរាចរណ៍មនុស្សទៅកាន់ខេត្តផ្សេងគឺ ធ្វើម៉េចកាត់បន្ថយចលនាមនុស្សកុំឲ្យចេញ។  តាមវិធីនៃការគ្រប់គ្រង ដែលយើងបានកំណត់នៅតាមទីតាំងនានា អាហ្នឹងគឺ យើងបានបិទហើយ។ ប៉ុន្តែអ្នកដទៃដែលយើងមិនទាន់បានពិនិត្យ គួរតែត្រូវបានរារាំងកុំឲ្យធ្វើដំណើរ»។ សម្តេច បានថ្លែងបែបនេះក្នុងសារសំឡេង ដែលមានរយៈពេលប្រហែល ៤នាទី។
 
បើតាមប្រសាសន៍សម្តេច ការបិទក្រុងទាំងមូល មិនអាចធ្វើទៅបានទេ ដោយវាធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងនាំចូលទំនិញ។ ដូច្នេះហើយ សម្តេចមានប្រសាសន៍ថា វាជារឿងចាំបាច់ដែលត្រូវទប់ស្កាត់រថយន្តនានា ក្រៅពីរថយន្តដឹកទំនិញដើម្បីជំរុញការទប់ស្កាត់ករណីបន្តឆ្លងមេរោគនេះ។
 
ក្រៅពីវិធានការរឹតបន្តឹងការធ្វើដំណើរចេញពីក្រុងព្រះសីហនុ ក្នុងសារដដែលនោះ សម្តេចក៏បានណែនាំដល់អាជ្ញាធរអនុវត្តវិធានការមួយទៀតគឺ ជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ស្របពេលដែលកម្ពុជាបច្ចុប្បន្នទទួលបានវ៉ាក់សាំងពីរប្រភេទរួចហើយក្នុងនោះមានវ៉ាក់សាំងជាអំណោយរបស់ប្រទេសចិន Sinopharm និង វ៉ាក់សាំងផលិតនៅឥណ្ឌា AstraZeneca។ 
អត្ថបទទាក់ទង
 
«ទីពីរគឺ ជំរុញការចាក់វ៉ាក់សាំងដែលនឹងបន្តចាក់ សម្រាប់អ្នកដែលអាយុក្រោម ៥៩ឆ្នាំ និងថែមទៅ  វ៉ាក់សាំង AstraZeneca សម្រាប់មនុស្ស ៦០ឆ្នាំឡើង សម្រាប់ពលរដ្ឋផង សម្រាប់មន្ត្រីរាជការដែលមានអាយុលើសពី ៦០ រាប់ទាំងជនចូលនិវត្តន៍»។ សម្តេចមានប្រសាសន៍បន្តដូច្នេះ។
 
សូមបញ្ជាក់ថា កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ៨៧៨ករណី គិតត្រឹមថ្ងៃ ៣ ខែមីនា ក្នុងនោះមានករណីសះស្បើយ ៤៨២ និង ៣៩៦ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាល។
។ ក្នុងចំណោមករណីសរុប អ្នកជំងឺចំនួន ៣៧៤នាក់ឯណោះ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com