ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​! “​ស្ត្រេ​ស​” អាច​បង្កបញ្ហា​គួរឱ្យ​បារម្ភ​អ្វីខ្លះ​ចំពោះ​ស្បែក​?
04, Mar 2021 , 10:59 pm        
រូបភាព
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាចជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជំងឺ​ជាច្រើន​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​ស​កាត់បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​គួរឱ្យ​បារម្ភ​ដែល​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះ​ផលប៉ះពាល់​ដល់​ស្បែក​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ចំពោះ​ស្បែក ៖
 
១. រោគ​មុន​
 
​ជាពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ដែល​ងាយ​នឹង​កើតមុន​! ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​កុំឱ្យ​ខ្ពស់​ពេក​។ ការ​រលាក​អាច​នឹង​កើតឡើង​ដោយសារ​កំណើន​នៃ​អ័រម៉ូន​ក្នុង​រាងកាយ ហើយ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ គឺ​រោគ​មុន​តែង​ផ្សារភ្ជាប់​នឹង​ការ​រលាក​។​
 
២. ស្នាម​ជ្រីវជ្រួញ​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ស្ត្រេ​ស​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ​។ នេះ​ក៏​ព្រោះតែ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​កើនឡើង​ខ្ពស់​អាច​ព​ន្លឿ​ន​ការ​បំបែក​កូ​ឡា​ជែ​ន​។​
 
៣. ស្បែក​ឡើង​ខ្លាញ់​ខ្លាំង ឬ​ស្ងួត​ពេក​
 
​មិន​ថា​អ្នកមាន​ស្បែក​ស្ងួត ឬ​ខ្លាញ់​នោះទេ វា​ចាំបាច់​ណាស់​ក្នុងការ​រក្សា​កម្រិត​នៃ​ភាព​ស្ត្រេ​ស​មិនឱ្យ​ខ្ពស់​ពេក​។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ស្បែក​ផ្សេងៗ​កាន់តែ​គួរឱ្យ​បារម្ភ​។ អ័រម៉ូន​ស្ត្រេ​ស​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ប្រភេទ​លើ​ស្បែក​។ អ្នកខ្លះ​អាច​ជួប​បញ្ហា​ស្បែក​ស្ងួត​ខ្លាំង ខណៈដែល​អ្នកមួយ​ចំនួន​ទៀត​ជួបប្រទះ​បញ្ហា​ស្បែក​ឡើង​ខ្លាញ់​លើស​។​
 
៤. ជំងឺ​សើ​ស្បែក​ត្រអក (Eczema)
 
​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​កើនឡើង​ខ្ពស់​ក៏​ជា​កត្តា​ចម្បង​មួយ​នៃ​ជំងឺ​សើ​ស្បែក​ត្រអក​ដែរ​។ ហើយ​ជំងឺ​សើ​ស្បែក​នេះ​អាច​នឹង​បណ្ដាលឱ្យ​អ្នក​កាន់តែ​ស្ត្រេ​ស​លើស​ដើម​ថែមទៀត​។​
 
៥. ជំងឺ​ពងបែក​មាត់​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​ដែល​បង្កបញ្ហា​ពងបែក​មាត់​នោះ គឺ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀស​ផុតពី​បញ្ហា​នេះ អ្នក​គួរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​មិនឱ្យ​កើនឡើង​ខ្ពស់​ពេក​។​
 
​សម្គាល់ ៖ អ្នកជំនាញ​ជាច្រើន​បាន​បង្ហាញថា​បញ្ហា​ស្បែក​ផ្សេងៗ​ក៏​អាច​កើតមានឡើង​ដោយសារតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង​ផងដែរ​។ កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្ពស់​ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ឆ្លង​មេរោគ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com