ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​! ក្រហាយ​ទ្រូង​ពេល​មាន​ផ្ទៃពោះ​? កុំ​រំលង​អត្ថបទ​
06, Mar 2021 , 6:59 am        
រូបភាព
​ក្រហាយ​ទ្រូង​ជា​អាកា​រៈ​ទូទៅ​បំផុត​មួយ​ដែល​តែង​កើតឡើង​កំឡុងពេល​មាន​ផ្ទៃពោះ​។  ទោះបី​វា​ពិបាក​នឹង​បំបាត់​ទាំងស្រុង ប៉ុន្តែ​ក៏មាន​គន្លឹះ​មួយចំនួន​អាចជួយ​សម្រាល​អាកា​រៈ​បាន​គួរសម​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​កំឡុងពេល​មាន​ផ្ទៃពោះ ៖
 
១. ចៀសវាង​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​
 
​ចៀសវាង​ទទួលទាន​អាហារ ព្រមទាំង​ភេសជ្ជៈ​ណា​ដែល​អាច​បង្កបញ្ហា​នេះ​រួមមាន​កាហ្វេ​អ៊ី​ន កាបូ​ណាត អាហារ​មាន​ជាតិ​អាស៊ីត សូកូឡា ទឹកខ្មេះ និង​ផ្លែ​ប៉េងប៉ោះ​ជាដើម​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​មិន​ត្រូវបាន​លើកទឹកចិត្ត ឬ​ណែនាំ​ដូចគ្នា ខណៈដែល​វា​ងាយ​នឹង​បង្កបញ្ហា​ក្រហាយ​ទ្រូង​។​
 
២. ទទួលទាន​តិចៗ ប៉ុន្តែ​ច្រើនដង​
 
​ការទទួល​ទាន​អាហារ​ច្រើន គឺ​មិនល្អ​សោះឡើយ​កំឡុងពេល​មាន​ផ្ទៃពោះ​ដោយ​វា​អាច​បង្កបញ្ហា​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ដើម្បី​ជាការ​ប្រសើរ​ជំនួស​ឱ្យ​ការទទួល​ទាន​អាហារ​ច្រើន​ក្នុងពេល​តែមួយ អ្នក​គួរ​ទទួលទាន​តិចៗ ប៉ុន្តែ​ច្រើនដង​វិញ​។ អ្នកជំនាញ​ជាច្រើន​ណែ​នាំឱ្យ​ទទួលទាន​អាហារ​រាវៗ​ដូចជា​ស៊ុប ទឹក​ផ្លែឈើ​ក្រឡុក និង​យ៉ា​អួរ​ពីមួយ​ពេល​ទៅមួយ​ពេល ខណៈដែល​វា​មិន​ធ្វើទុក្ខ​ដល់​ក្រពះ​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ទោះបីជា​អ្នក​ចាំបាច់​ត្រូវ​គ្រប់គ្រង​ការទទួល​ទាន​សារធាតុ​រាវ​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ហើមពោះ​។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ការ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ គឺ​នៅតែ​សំខាន់​ណាស់​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
៤. គេង​ភ្លាមៗ​ក្រោយពេល​អាហារ​
 
​ជាធម្មតា​អាស៊ីត​ត្រូវបាន​ផលិតឡើង​នៅពេល​រំលាយ​អាហារ​ដែលមាន​ផ្ទុក​នៅក្នុង​ក្រពះ​។​ហើយ​ការ​គេង​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ គឺអាច​នឹង​បណ្ដាលឱ្យ​អាស៊ីត​ក្រពះ​មិន​ហូរ​ចុះក្រោម ប៉ុន្តែ​បែរជា​ហូរ​ឆ្លងកាត់​ក្រពះ​ទៅ​ប៉ះ​ផ្នែក​ណាមួយ​នៃ​បំពង់​អាហារ​វិញ​ដែល​បង្ក​ជា​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ជា​លទ្ធផល​អ្នក​អាច​នឹង​ក្រហាយ​ទ្រូង ឬ​ក្នុង​បំពង់ក​។ ប្រសិនបើ​អ្នក​ចង់​សម្រាក ចូរ​កុំ​គេង​ផ្ងារ​រាបស្មើ គឺ​ត្រូវ​ព្យាយាម​កល់​ខ្នើយ​ឱ្យ​ផ្នែក​ខាងលើ​នៃ​រាងកាយ​ខ្ពស់​បន្តិច​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ក្រ​ពេះ​មិនឱ្យ​ច្រាល​ឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com