ពីនេះ ពីនោះ
អ្នកសង្ឃឹមចំណេញពីដីធ្លីបន្តគាំង? ក្រោយកូវីដ តើអ្នកជំនួញចិនត្រឡប់មកវិញឬទេ?
08, Mar 2021 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
នៅដើមសប្តាហ៍នេះ សុធីរ និងសំណាង នៅតែបន្តព្រួយបារម្ភរឿងមេរោគកូវីដ-១៩។ ក្លើទាំងពីរនាក់នៅបន្តគោរពគោលការណ៍របស់រដ្ឋាភិបាល។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរជជែកគ្នាពីរឿងទីផ្សារអចលនទ្រព្យនៅកម្ពុជា។


សុធីរ៖ អា សំណាង! អញចង់ឈប់ធ្វើការងារអាជីពរបស់អញ ហើយអញចង់រកស៊ីដីធ្លីនឹងគេដែរ ក្រែងលោក្លាយជាអ្នកមាននឹងគេ។ គួរអត់ អា សំណាង? 
 
សំណាង៖ មានអ្នកគិត និងចង់ធ្វើដូចអ្ហែងច្រើននាក់ដែរតើ!  
 
សុធីរ៖ តែមានអ្នកធ្វើហើយឬនៅ? 
 
សំណាង៖ មានហើយ ហើយច្រើននាក់គួរសមដែរ។  
 
សុធីរ៖ ចុះពួកគេរកលុយបានឬទេ? 
 
សំណាង៖ អា សុធីរ! ខ្មែរច្រើនមានពាក្យនិយាយតៗគ្នាថា បើគេហៅកុំខាន បើគេបានកុំទៅ។ ឃ្លានេះមានអត្ថន័យខ្លាំងណាស់។ គេចង់និយាយថា មិនមែនឃើញគេរកបាន ហើយ យើងទៅរកវាពិតជាបានដូចគេដែរនោះទេ។ បើគេរកបាន យើងទៅរកក៏បាន ពេលនោះ ប្រហែលជាលែងមានអ្នកក្រទៀតហើយ។ 
 
សុធីរ៖ អា សំណាង កុំនិយាយច្រើនពេក អញចង់សួរអ្ហែងថា បើអញឈប់ធ្វើការងារអញ ហើយអញទៅរកស៊ីដីធ្លី តើគួរឬទេ?  
 
សំណាង៖ អញគ្រាន់តែប្រាប់អ្ហែងថា អ្នកឈប់ពីអាជីពមួយចំនួន ហើយហក់ចូលក្នុងជំនួញដីធ្លី ប្រឈមនឹងបរាជ័យច្រើនគ្នាហើយ។ ពេលពួកគេហក់ចូល ទើបពួកគេដឹងថា ជំនួញអចលនទ្រព្យ មិនមែនជាជំនួញកើបលុយដូចគេនាំគ្នាគិតនោះទេ។ បើតាមអញដឹង អ្នកងាប់នឹងជំនួញនេះក៏មានច្រើននាក់ដែរ។ ជំពាក់បំណុលគេច្រើន បង់ការប្រាក់ច្រើន ដី ឬផ្ទះដែលទិញទុកយកចំណេញ គ្មានអតិថិជនមកសួរសូម្បីមួយម៉ាត់។ ជាពិសេស នៅក្នុងដំណាក់កាលកូវីដនេះតែម្តង។ 
 
សុធីរ៖ ចុះបើចប់កូវីដ អ្នកវិនិយោគចិននឹងប្រឡប់មកកម្ពុជាវិញឬទេ? 
 
សំណាង៖ នរណាដឹងថា អ្នកវិនិយោគចិនត្រឡប់មកវិញដូចមុន? អ្វីៗមិនប្រាកដទេនៅលើលោកយើងនេះ។ អញគិតថា អ្នកជំនួញចិន ប្រហែលជាមិនត្រឡប់មកច្រើនដូចមុនទៀតទេ ព្រោះ ពួកគេវិនិយោគលើកមុនមិនទាន់ទាញបានប្រាក់ចំណេញផងស្រាប់តែកូវីដមកសម្លាប់ពួកគេតែម្តង។ តាមអញដឹង អ្នកទិញដីមួយចំនួនបានតែដីទេ រីឯ លុយសុទ្ធគាំងអស់ហើយ ហើយម្ចាស់បំណុលធនគារតាមទាររហូត។ អ្នកខ្លះ សឹងតែលែងហ៊ានលើកលេខទូរសព្ទខាងធនគារទៅទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com