COVID-19
ជាតិ
នាយករដ្ឋមន្ត្រីចេញសារបន្ទាន់ ខណៈ COVID-19 កាន់តែរាលដាលនៅភ្នំពេញ ព្រះសីហនុ ព្រៃវែង និងកណ្តាល
08, Mar 2021 , 9:35 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារាត្រីថ្ងៃទី៨ ខែមីនា នេះ បានចេញសារបន្ទាន់មួយដោយអំពាវនាវឲ្យស្ថាប័នរដ្ឋ និងឯកជន ផ្អាករាល់ការជួបជុំដែលមិនមានការចាំបាច់ ខណៈករណីកូវីដ-១៩ កាន់តែរាលដាលខ្លាំង។ បើគិតតាមពេលវេលាដែលសម្តេចថ្លែងសារ យ៉ាងហោចណាស់ មានករណីថ្មី៤៩នាក់បន្ថែមទៀតនៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។ សម្តេចបានអះអាងថា ករណីឆ្លងនេះ បានរាលដាលចូលដល់ជួរមន្ត្រីរាជការ ក្របខណ្ឌនគរបាលជាតិ និងសិល្បករ សិល្បការិនី។


សម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ស្នើទៅកាន់ស្ថាប័នឯកជនកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ដោតបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។ ដោយឡែក សម្ដេច ស្នើពលរដ្ឋកុំឲ្យចេញពីផ្ទះ ករណីមិនចាំបាច់ និងផ្អាករាល់កម្មវិធីមិនចាំបាច់ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com