ជាតិ
សង្គមជាតិ
កិច្ចសន្យាក្រោយការបង្ហោះរូបបំបៅដោះកូនក្នុងម៉ោងការងារ បង្កឲ្យមានប្រតិកម្ម
10, Mar 2021 , 3:21 pm        
រូបភាព
ករណីបង្ហោះរូបថតបំបៅកូនរបស់អ្នកស្រី ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានក្លាយជាប្រធានបទពិភាក្សាពេញបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ កាន់តែមានការជជែកគ្នាបន្ថែមទៀតនោះ គឺការតម្រូវឲ្យធ្វើកិច្ចសន្យា ក្រោយការបង្ហោះរូបនេះ។ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង អះអាង កិច្ចសន្យានោះ គឺជាការអប់រំឲ្យបំពេញការងារត្រឹមត្រូវ មិនដាក់ពិន័យអ្វីនោះឡើយ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងអង្គការសង្គមស៊ីវិល សុទ្ធតែលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបបំបៅដោះកូន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
 
«ព្រោះតែពាក្យថាម្តាយ មិនថា ក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស។ នេះហើយជីវិតពិត»។ នេះជាចំណងជើងនៅលើរូបថតមួយសន្លឹកដែលបង្ហាញពីសកម្មភាពបំបៅដោះកូនក្នុងឯកសណ្ឋាននគរបាល ដោយអង្គុយលើកៅអីជ័រពណ៌ក្រហម ក្បែរតុមួយ ខណៈកំពុងបំពេញការងាររបស់អ្នកស្រី ស៊ីថុង សុខា។
 
រូបថតបានចែករំលែក និងយកទៅបង្ហោះបន្តពាសពេញបណ្តាញសង្គម ដោយទទួលបាននូវការកោតសរសើរជាច្រើន ប៉ុន្តែក្រោយមក អ្នកស្រីអធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង បានបង្ហោះសារ និងលិខិតមួយដែលបង្ហាញពីការសុំទោសជាសាធារណៈ។ «សូមចេញមុខសុំទោសជាសារធារណៈក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ។ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។ អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាដោយក្តីអនុគ្រោះ»។ អ្នកស្រី សុខា បានសរសេរយ៉ាងដូច្នេះ។


 
អធិការអះអាងថា មិនមែនជាការពិន័យនោះឡើយ
 
«ហេតុអ្វីត្រូវសុំទោស? តើគាត់ខុសអីគ្រាន់តែបំបៅកូន?»។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចោទសួរបែបនេះ ខណៈសាម៉ីខ្លួន មិនអធិប្បាយអ្វីបន្ថែមទៀតនោះឡើយ។ នៅថ្ងៃទី១០ ខែមីនានេះ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ជឹម អេន អធិការស្រុកសៀមប៉ាង ដើម្បីសុំការបកស្រាយបន្ថែម។
 
លោក ជឹម អេន មិនបានពន្យល់អ្វីច្រើននោះឡើយ ដោយលោកបានអះអាងថា លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានរៀបរាប់អស់ហើយទាក់ទងនឹងកិច្ចសន្យាកាលពីថ្ងៃទី៩ ខែមីនា។ លោកបានបញ្ជាក់តាមទូរសព្ទថា ការធ្វើកិច្ចសន្យានេះ គឺធ្វើឡើងតាមការណែនាំពីការិយាល័យជំនាញថ្នាក់ខេត្ត។ 
 
អធិការនគរបាលស្រុករូបនេះថ្លែងយ៉ាងដូច្នេះថា៖ «ការបំបៅដោះកូនជាកាតព្វកិច្ចរបស់ម្ដាយគ្រប់រូប តែការផ្ដល់ព័ត៌មានឬរូបភាពនៅកន្លែងប្រតិបត្តិការរបស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់ពិន័យ គឺគ្រាន់តែជាការអប់រំឲ្យចេះបំពេញការងារឲ្យបានត្រឹមត្រូវ»។ លោក ជឹម អេន ក៏បានបញ្ជាក់ថា អង្គភាពរបស់លោកក៏បានលើកទឹកចិត្តដល់ស្រី្តនគរបាលក្នុងអង្គភាពរបស់ខ្លួនដែរ ដោយមានការចែកអំណោយ និងថវិការមួយចំនួន។

តាមមាត្រា១៨៤នៃច្បាប់ស្តីពីការងារ ក្នុងរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ត្រីដែលឲ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ។ រយៈពេលមួយម៉ោងនេះ អាចចែកជាពីរវគ្គដែលមាន៣០នាទីក្នុង១វគ្គ គឺពេលធ្វើការព្រឹកម្តង ពេលធ្វើការរសៀលម្តង នៅម៉ោងណាដែលស្ត្រីនោះព្រមព្រៀងជាមួយនិយោជក។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្តាលពេលនៃរយៈពេលម៉ោងធ្វើការនីមួយៗ។ 
 
សកម្មភាពគួរតែត្រូវបានលើកទឹកចិត្ត
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller ប្រចាំកម្ពុជា យល់ថា ករណីបំបៅដោះកូនរបស់ស្រី្តនគរបាលនេះ គឺជារឿងល្អ ជាស្រី្តគំរូដែលបំបៅកូនដោយទឹកដោះម្ដាយគ្រប់កាលៈទេសៈ។ លោកស្នើឲ្យគ្រប់ស្ថានប័នឯកជននិងរដ្ឋទាំងអស់ គួរជួយលើកម្ពស់ដល់ស្រី្តឲ្យបំបៅដោះកូន ដើម្បីសុខភាពទារក។ 
 
 

«ច្បាប់ការងារនៅខ្មែរយើងគឺលើកកម្ពស់ស្រី្តបំបៅដោះកូននៅអំឡុងពេលធ្វើការ ដោយបាននិយាយច្បាស់ហើយក្នុងមួយថ្ងៃស្រី្តអាចសម្រាកមួយម៉ោងនៃម៉ោងធ្វើការដើម្បីបំបៅដោះកូន។ អ៊ីចឹង ខ្ញុំគិតស្ថាប័នឯកជននិងរដ្ឋទាំងអស់គួរលើកម្ពស់តាមច្បាប់ការងារដែលមាន។ ខ្ញុំគិតថាគាត់(ស្រី្តនគរបាល) ធ្វើល្អហើយដែលបំបៅដោះកូនគ្រប់កាលៈទេសៈ»។ 

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខធិការក្រសួងមហាផ្ទៃ ក៏បានប្រតិកម្មទាក់ទងនឹងការតម្រូវឲ្យធ្វើកិច្ចសន្យានោះដែរ។ ក្នុងនាមជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ លោកស្រីបានសរសេរលិខិតទៅកាន់លោកអភិបាលខេត្តស្ទឹងត្រែង ដោយសំណូមពរឲ្យមានលើកទឹកចិត្តស្ត្រីនគរបាលទាក់ទងនឹងកាតាព្វកិច្ចចិញ្ចឹមកូន។
 
«លោកអធិការ គួរតែសម្ដែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយ ឲ្យមន្រី្តស្រី្តបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់ និងឲ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំកូន ដូចម្ដាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ»។ នេះជាខ្លឹមសារក្នុងលិខិតចុះថ្ងៃទី១០ ខែមីនា។
 
 

លោកស្រី ជូ ប៊ុនអេង បានសរសេរសង្កត់ធ្ងន់ថា ស្ត្រីនគរបាល មិនបានសម្តែងការបញ្ចេញភាពសិចស៊ីដើម្បីថតទាក់ទាញសាធារណជនដូចអ្នករកស៊ីលក់ភាពសិចស៊ីឡើយ តែជាការបង្ហាញភស្តុតាងថា នេះហើយជាស្ត្រី ជាតិជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន។
 
ទន្ទឹមនឹងនេះ លោកស្រី ជូ ប៊ុនអេង ស្នើឲ្យអភិបាលខេត្ត អភិបាលខេត្តរង ស្នងការ និងថ្នាក់ដឹកនាំទាំងអស់ ពិនិត្យលើករណីនេះ ដើម្បីកុំឲ្យស្រី្តដទៃទៀតបាក់ទឹកចិត្ត និងស្នើឲ្យបន្តយកចិត្តទុកដាក់ការលំបាករបស់មន្ត្រីជាស្ត្រី។

ករណីកន្លងមកនៅលើពិភពលោក
ករណីបំបៅដោះកូន និងយកកូនតូចទៅតាមក្នុងពេលបំពេញការងារមិនមែនជារឿងថ្មីនោះឡើយនៅលើពិភពលោក។ កាលពីខែកញ្ញា ឆ្នាំ២០១០ អ្នកស្រី Licia Ronzulli អ្នកនយោបាយអ៊ីតាលី និងជាអតីតសមាជិកសភាអឺរ៉ុប បានបីកូនស្រីអាយុ៤៤ថ្ងៃ ខណៈគាត់ចូលរួមកិច្ចប្រជុំនៅសភាអឺរ៉ុប។ អ្នកស្រីបានអះអាងថា មិនចង់ទុកកូនស្រីរបស់ខ្លួននៅផ្ទះនោះឡើយ ហើយនេះជាកាយវិការមួយក្នុងការទាមទារសិទ្ធិបន្ថែមដល់ស្ត្រីជុំវិញជីវិតការងារ និងគ្រួសារ។
 
 

កាលពីឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី  Jacinda Ardern បង្ហាញវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កជាមួយប្រមុខរដ្ឋប្រមុខ និងរដ្ឋាភិបាលជាង ១២០ទៀតដោយបាននាំយកកូនស្រីអាយុ ៣ ខែទៅជាមួយផងដែរ។
 
 

អ្នកស្រី Tammy Duckworth អតីតសមាជិកព្រឹទ្ធសភារដ្ឋ Illinois សហរដ្ឋអាមេរិក លោកស្រី Saumya Pandey មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងកូវីដ-១៩នៅឥណ្ឌា និងស្ត្រីថ្នាក់ដឹកនាំជាច្រើនទៀត សុទ្ធតែមានប្រវត្តិបំពេញការងារដោយមានកូននៅជាប់នឹងខ្លួនផងដែរ។
 
កាលពីឆ្នាំ២០១៧ ប៉ូលិសស្ត្រីម្នាក់ឈ្មោះ Hao Lina នៅខេត្តសានស៊ី ប្រទេសចិន ក៏បានល្បីល្បាញពេញបណ្តាញសង្គម ដោយគាត់យកទារក៤ខែម្នាក់ទៅបំបៅដោះ ខណៈម្តាយរបស់គេកំពុងស្ថិតក្នុងសវនាការកាត់ទោសក្នុងសំណុំរឿងឆបោកមួយ។ 
 
 

Hao Lina ដែលទទួលបានការកោសសរសើរពេញបណ្តាញសង្គមនោះ បានអះអាងថា ពេលគាត់លឺសំឡេងក្មេងយំ គាត់មិនបានគិតអ្វីច្រើននោះឡើយ ហើយក៏សម្រេចចិត្តរកកន្លែងស្ងាត់បំបៅកូនតែម្តង។ គាត់ជឿជាក់ថា ស្ត្រីគ្រប់រូបពិតជាធ្វើយ៉ាងដូច្នេះ ប្រសិនបើជួបស្ថានភាពស្រដៀងគ្នា៕
 

Tag:
 ស្រី្តនគរបាល ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com