COVID-19
ជាតិ
បន្ទាប់ពីកំពង់ស្ពឺ អាជ្ញាធរកំពង់ចាមក៏ឲ្យផ្អាកពិធីមង្គលការ និងពិធីផ្សេងៗទូទាំងខេត្តផងដែរ
11, Mar 2021 , 8:29 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្ត
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្ត
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា សម្រេចឲ្យពលរដ្ឋផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានា រយៈពេល២សប្ដាហ៍នៅទូទាំងខេត្តកំពង់ចាម ដើម្បីបង្ការការឆ្លងរីករាលដាលកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បើតាមលិខិតជម្រាបទៅអាជ្ញាធរមូលដ្ឋានរបស់អភិបាលខេត្តកាលពីថ្ងៃទី១១មីនានេះ។
 
ដោយសារលោក អ៊ុន ចាន់ដា សង្កេតឃើញថា ការឆ្លងរីករាលដាលកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើង ហើយពលរដ្ឋមួយចំនួននៅតែបន្តរៀបចំពីធីមង្គលការនិងពិធីផ្សេងៗ ដែលបង្កជាហានិភ័យនៃការឆ្លងរាលដាលកូវីដ ទើបលោកសម្រេចឲ្យផ្អាកការប្រារព្ធពិធីទាំងនេះ។ 
 
ទន្ទឹមនឹងនេះ ដើម្បីកាត់ផ្ដាច់ការឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ និងងាយស្រួលស្រាវជ្រាវមុខសញ្ញា រដ្ឋបាលខេត្តបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការណែនាំដល់ម្ចាស់រៀបចំកម្មវិធីផ្សេងៗ ឲ្យលើកពេលឬផ្អាកការជួបជុំមនុស្សច្រើនរយៈពេល២សប្ដាហ៍។ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើង ការរៀបចំពិធីជួបជុំនេះ នឹងបន្តផ្អាកជាបណ្ដោះអាសន្នបន្ថែមទៀត រហូតដល់រដ្ឋបាលខេត្តជូនដំណឹងជាថ្មីឡើងវិញ។ 
 
លោក អភិបាលខេត្ត សង្កត់ធ្ងន់ថា ប្រសិនបើម្ចាស់រៀបចំកម្មវិធីមិនចូលរួមសហការ ដោយនៅតែបន្តរៀបចំពិធី អាជ្ញាធរមូលដ្ឋាននឹងចុះបិទការជួបជុំ ហើយត្រូវអនុវត្តតាមវិធានការច្បាប់។ 
 
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ រហូតមកដល់ពេលនេះ មានតំបន់មួយចំនួនក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺ ក៏ត្រូវអភិបាលនៃខេត្តរបស់ខ្លួន សម្រេចផ្អាកការរៀបចំកម្មវិធីមង្គលការនិងការជួបជុំផ្សេងៗផងដែរ។ ក្នុងខេត្តកំពង់ស្ពឺ សម្រេចផ្អាកការរៀបចំកម្មវិធីជួបជុំផ្សេង នៅទូទាំងខេត្តកាលពីថ្ងៃទី១០មីនា។ ដោយឡែក ខេត្តកោះកុង ក្នុងស្រុកមណ្ឌលសីមា គឺសម្រេចផ្អាកកាលពីថ្ងៃទី៩ មិនផ្អាកទូទាំងខេត្តឡើយ។ 
 
គិតមកដល់ពេលនេះ តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជា ឡើងដល់១១៦៣នាក់ ក្នុងនោះ៦៥២នាក់ ជាករណីសហគមន៍២០កុម្ភៈ ដែលផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ខេត្តព្រះសីហនុ ព្រៃវែង កោះកុង ស្វាយរៀង កំពង់ធំ កំពង់ចាម និងសៀមរាប។ បាត់ដំបងក្លាយជាខេត្តទី១០ដែលមានករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៥៩៧នាក់ បានជាសះស្បើយ (១១០នាក់សហគមន៍) ខណៈ៥៦៤នាក់ទៀតបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងទីតាំងដែលក្រសួងសុខាភិបាលបានរៀបចំ។ ករណីស្លាប់ដំបូងនៅកម្ពុជា គឺជាបុរសជនជាតិខ្មែរអាយុ៥០ឆ្នាំម្នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com