COVID-19
ជាតិ
អាជ្ញាធរ បិទផ្សារវិហារសួគ៌ នៅស្រុកខ្សាច់កណ្តាល ក្រោយអ្នកផ្ទុកកូវីដ-១៩ម្នាក់ ធ្លាប់បានទៅ
12, Mar 2021 , 4:30 pm        
រូបភាព
ទិដ្ឋភាពបិទផ្សារវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ (រូបពីគណនីហ្វេសប៊ុក ព្រះគ្រូញាណរក្ខិតោ ក្លំ ចិន្តា)
ទិដ្ឋភាពបិទផ្សារវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ (រូបពីគណនីហ្វេសប៊ុក ព្រះគ្រូញាណរក្ខិតោ ក្លំ ចិន្តា)
អាជ្ញាធរ បានបិទផ្សារវិហារសួគ៌ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាបណ្តោះអាសន្ន ក្រោយស្រាវជ្រាវដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ បានចូលផ្សារនេះ។ នេះបើតាមការអះអាងរបស់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។


លោក ប៊ុន ផេង ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា ការសម្រេចបិទផ្សារវិហារសួគ៌បណ្ដោះអាសន្ន គឺដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ជាមួយគ្នាដែរ លោក ផ្តល់ព័ត៌មានថា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធ១១នាក់ ដែលនឹងត្រូវយកសំណាកទៅធ្វើតេស្ត។ 
 
លោកអភិបាលស្រុកខ្សាច់កណ្តាលរូបនេះ មានប្រសាសន៍ថា៖««ករណីបិទផ្សារវិហារសួគ៌ ដោយសារទាក់ទងនឹងឯកឧត្តមអ្នកធ្វើការនៅក្រសួងយុត្តិធម៌ គាត់មានកូវីដ ហើយគាត់មកលេងបងប្អូននៅហ្នឹង ហើយដើម្បីសុវត្ថិភាពទាំងអស់គ្នា អាជ្ញាធរស្រុក សម្រេចបិទបណ្ដោះអាសន្ន ហើយយកសំណាកអ្នកពាក់ព័ន្ធទៅពិនិត្យ។ អ្នកពាក់ព័ន្ធទាំងអស់មិនមែនមានតែកន្លែងហ្នឹង (ផ្សារវិហារសួរ) មួយទេ មានបីទៅបួនកន្លែងទៀត នៅឃុំជាប់ៗគ្នា តែអ្នកជាប់ពាក់ព័ន្ធមិនច្រើនទេ មានតែ១១នាក់តែ នឹងត្រូវយកសំណាក់ទៅពិនិត្យ»។ 
 
នៅខេត្តកណ្តាល មិនមែនទើបតែមានផ្សាយវិហារសួគ៌នេះទេ ដែលត្រូវបិទ ថ្មីៗនេះ តំបន់ទីប្រជុំជនជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ និងផ្នែកខ្លះនៃភូមិវាលធំ ក្នុងឃុំឧកញ៉ាអុង ស្រុកល្វាឯម ក៏ត្រូវបិទបណ្តោះអាសន្នដែរ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៕ 
 
 

Tag:
 បិទផ្សារវិហារសួគ៌
  បង្ការកូវីដ-១៩ កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com