COVID-19
ជាតិ
វិទ្យាល័យចំនួន៤ ក្នុងខេត្តកណ្តាល ត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋ និងពលករខ្មែរមកពីថៃ
13, Mar 2021 , 5:59 pm        
រូបភាព
មណ្ឌលចត្តាឡីស័កក្នុងខេត្តកណ្ដាល(រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល)
មណ្ឌលចត្តាឡីស័កក្នុងខេត្តកណ្ដាល(រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល)
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវិទ្យាល័យចំនួន ៤កន្លែង ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលរដ្ឋ និងសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ តាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្តាល ទីតាំងចត្តាឡីស័កទាំង៤ ខាងលើមាន វិទ្យាល័យទេពប្រណម្យ ស្ថិតក្នុងឃុំវិហារហ្លួង ស្រុកពញាឮ, វិទ្យាល័យសិរីមង្គល ស្ថិតនៅឃុំរកាកោង២ ស្រុកមុខកំពូល, វិទ្យាល័យកំពង់កន្ទួត ស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង និងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល។
 
គិតត្រឹមថ្ងៃទី១២មីនា មានមនុស្សចំនួន១១ ៥៣៨នាក់ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ  ខណៈពលករខ្មែរមកពីប្រទេសថៃ មានចំនួន ១១៨នាក់។ 
 
រដ្ឋបាលខេត្តកណ្ដាល ក៏បានស្រង់សម្តីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មកសរសេរដែរថា អាជ្ញាធរនៅតែបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទៀត ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
 
ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគំន៍២០កុម្ភៈ ខេត្តកណ្តាលមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១២ មីនា ក្នុងនោះ៣នាក់បានជាសះស្បើយ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់ បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com