ជាតិ
សេដ្ឋកិច្ច
លោក ឡុង ឈុននី អស់ជំនឿក្នុងការចិញ្ចឹមត្រីបន្តទៀត ព្រោះតែគ្មានទីផ្សារ
14, Mar 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ត្រីនានាដែលប្រជាពលរដ្ឋចិញ្ចឹមបាន ពិសេសត្រីបា្រ ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ មាននៅចាល់ពេញស្រះ គ្រប់រាជធានី-ខេត្ត ព្រោះតែគ្មានឈ្មួញចុះទិញ ឬគ្មានទីផ្សារ។ សម្រាប់លោក ឡុង ឈុននី អ្នកប្រកបមុខរបរចិញ្ចឹមត្រីនៅខេត្តកណ្តាលអស់រយៈពេល៥ឆ្នាំមកហើយ បានបាក់ទឹកចិត្ត និងអស់ជំនឿយ៉ាងខ្លាំង ក្នុងការបន្តរបរនេះទៀត។
 
នៅកម្ពុជាបច្ចុប្បន្ន ត្រីដែលពលរដ្ឋ ឬវារីវប្បករចិញ្ចឹមបានទិន្នផល និងមានគុណភាពល្អហើយ បែរជាគ្មានអ្នកបញ្ជាទិញទៅវិញ ហើយបើទោះបីជាមានអ្នកបញ្ជាទិញ ក៏ទិញក្នុងតម្លៃថោកដែលអ្នកចិញ្ចឹមមិនអាចទទួលបានដែរ។ ត្រីឆ្តោ ល្មមចាប់លក់ប្រមាណ១០០តោន ដែលមាននៅក្នុងស្រះ របស់លោក ឡុង ឈុននី គ្មានអ្នកបញ្ជាទិញ តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដែលធ្វើឱ្យវារីវប្បករវ័យ៤០ឆ្នាំរូបនេះ មានបំណងបោះបង់មុខរបរចោលទាំងស្រុង នារយៈពេលដ៏ខ្លីខាងមុខ។ 
 
អត្ថបទទាក់ទង
 
«ខ្ញុំមិនដែលជួបបញ្ហាទីផ្សារ ខ្លាំងដូចឆ្នាំនេះទេ»។ លោក ឈុននី បន្តនិយាយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ៖« ឆ្នាំមុនៗ ត្រីឆ្តោមួយគីឡូក្រាម ១,៣ម៉ឺន ទៅ១,៤ម៉ឺនរៀល រកតែត្រីលក់ឱ្យគេគ្មាន។ តែឆ្នាំនេះ ត្រឹមមួយគីឡូក្រាម តម្លៃ១ម៉ឺនរៀល ឈ្មួញមិនទិញផង។ ខ្ញុំគ្មានទឹកចិត្តចិញ្ចឹមទៀតទេ ព្រោះការចិញ្ចឹមត្រី គឺពិបាក និងប្រឈមនឹងហានិភ័យច្រើនណាស់»។ 
 
បើតាមលោក ឈុននី មុខរបរចិញ្ចឹម មានហានិភ័យតាំងពីការដាក់កូនត្រីចិញ្ចឹម រហូតដល់ពេលប្រមូលផល ដោយប្រឈមនឹងបញ្ហាត្រីឈឺ, បញ្ហាប្រែប្រួលអាកាសធាតុ មេឃក្តៅខ្លាំង ដែលនាំឱ្យត្រីងាប់ត្រី រួមទាំងថ្លៃចំណាយខ្ពស់លើចំណីត្រី ជាដើម។ លោក បន្តរៀបរាប់ដោយសង្កត់ដូច្នេះ៖«ពេលខ្លះយើងខាត លើបច្ចេកទេសនៃការចិញ្ចឹមត្រីហ្នឹងហើយ  ដល់ពេលបានផលអត់ត្រីទីផ្សារទៀត។ អ៊ីចឹង! ចិញ្ចឹមត្រីតិច ឬច្រើន គឺខាតដូចគ្នា គ្រាន់ចិញ្ចឹមតិច ខាតតិច! ចិញ្ចឹមច្រើន ខាតច្រើន! ហើយពេលនេះ មិនថាខ្ញុំ និងអ្នកចិញ្ចឹមត្រីឯទៀតទេ គឺទឹកកំពុងលិចដល់ច្រមុះហើយ»។
 

 
ពលរដ្ឋ ក៏ដូចវារីវប្បករនានាបច្ចុប្បន្ន ដែលប្រកបរបរចិញ្ចឹមត្រី កំពុងប្រឈមនឹងរឿងខ្វះទឹក ប្រឈមនឹងរឿងថ្លៃចំណីត្រី ប្រឈមនឹងជំពាក់បំណុលធនាគារ ព្រោះតែត្រីដែលចិញ្ចឹមបានហើយ  គ្មានទីផ្សារ គ្មានការបញ្ជាទិញពីឈ្មួញទៅវិញ។  លោក សុខ រ៉ាដែន ប្រធានសមាគមន៍វារីវប្បករកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា សមាជិកវារីវប្បករប្រមាណ៤០០គ្រួសារ បាក់ចិត្តជាខ្លាំងក្នុងការចិញ្ចឹមត្រីបន្ត ទៅទៀត។
 
«យើងខំតស៊ូចិញ្ចឹមត្រីតាំងពីតូច រហូតដល់ពេលប្រមូលផល បែរជាគ្មានការគាំទ្រ គ្មានឈ្មួញមកទិញត្រីរបស់យើង! ឈ្មួញទាំងអស់នោះ បែរជានាំចូលត្រីវៀតណាម មកលក់នៅស្រុកខ្មែរវិញ! ពួកវារីវប្បករយើង គឺបាក់ចិត្តអស់ហើយ»។ នេះជារៀបរាប់របស់លោក សុខ រ៉ាដែន ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាការងារជាអន្តរក្រសួងជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុកទាប អាចប្រកួតប្រជែងជាមួយការនាំចូលត្រីពីប្រទេសវៀតណាមបាន។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមន៍វារីវប្បករកម្ពុជា កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១  ត្រីប្រា ឆ្តោ ពោ និងត្រីអណ្តែង ដែលល្មមចាប់លក់ ដែលមាននៅក្នុងស្រះចំនួន មានជាង៩ពាន់តោន៕ 
 

ស្រះត្រីឆ្តោ របស់់លោក ឡុង ឈុននី នៅស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

Tag:
 ឡុង ឈុននី
  សុខ រ៉ាដែន
  កសិកម្ម
  ត្រី
  វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com