ជាតិ
សេដ្ឋកិច្ច
រៀនភ្ញាស់កូនក្រួចតាម YouTube អាចឲ្យគ្រួសារអ្នកស្រី សុខ ស្រីណុច មានជីវភាពធូរធារ និងមិនបាច់ធ្វើការឆ្ងាយផ្ទះ
14, Mar 2021 , 11:29 pm        
រូបភាព
(រូបផ្ដល់ឲ្យដោយអ្នកស្រី សុខ​ ស្រីណុច)
(រូបផ្ដល់ឲ្យដោយអ្នកស្រី សុខ​ ស្រីណុច)
ដោយ:
អ្នកស្រី សុខ ស្រីណុច ជាអ្នកភ្ញាស់កូនក្រួចលក់ ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ រយៈពេលជាងមួយឆ្នាំហើយ ដែលគ្រួសារអ្នកស្រីចាប់យករបរភ្ញាស់កូនក្រួចលក់ ដោយសារងាយចិញ្ចឹម ចំណាយពេលខ្លី និងមានទីផ្សារ។ តាមរយៈរបរនេះ បានធ្វើឲ្យគ្រួសារអ្នកស្រី សុខ ស្រីណុច មានជីវភាពធូរធារ និងមិនបាច់ធ្វើការឆ្ងាយផ្ទះ។
 
របរចិញ្ចឹមក្រួច មិនចាំបាច់ទាល់តែបុរសនោះទេ ស្ត្រីជាមេផ្ទះក៏អាចធ្វើបានដែរ។ «វាស្រួលចិញ្ចឹម មិនចំណាយកម្លាំងច្រើនក្នុងការថែទាំ។ ជាស្រ្តីមេផ្ទះក៏អាចធ្វើបាន ម្យ៉ាងមិនចាំបាច់ត្រូវទៅធ្វើការងារឆ្ងាយផ្ទះ»។ នេះជាការលើកឡើងរបស់អ្នកស្រី សុខ ស្រីណុច ដោយអះអាងថា អាចរកចំណូលបានពី ២ទៅ ៣លានរៀល ក្នុងការភ្ញាស់កូនក្រួចលក់មួយវគ្គ(មួយវគ្គមាន ១៦ថ្ងៃ)។ 
 
បើតាមអ្នកស្រី ស្រីណុច ការភ្ញាស់កូនក្រួចត្រូវប្រើពេល ១៦ថ្ងៃ ហើយក្រោយកូនក្រួចញាស់បាន ៣ថ្ងៃទើបអាចលក់កូនបាន។ អ្នកស្រី សុខ ស្រីណុច បានរៀនពីរបៀបភ្ញាស់កូនក្រួចតាមបណ្ដាញ YouTube ហើយចំណេះមួយនេះ បានជួយឲ្យគ្រួសារមានជីវភាពធូរធារ និងរស់នៅជុំគ្រួសារ។ 
 
កូនក្រួចរបស់អ្នកស្រី ស្រីណុច អាចលក់បានក្នុងតម្លៃសមរម្យមួយ ប៉ុន្តែក្នុងបរិការណ៍កូវីដ-១៩នេះ បានធ្វើឲ្យកូនក្រួចរបស់អ្នកស្រី មានតម្លៃថោក។ ស្រ្តីចិញ្ចឹមក្រួចរូបនេះ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ៖«ក្រួចមានការពេញនិយម ទើបមានទីផ្សារទូលាយ។ កាលលក់ដំបូង អាចលក់បានតម្លៃ ១ ០០០រៀលទៅ ១ ២០០រៀល ក្នុងមួយក្បាល។ តែអំឡុងផ្ទុះជំងឺកូវីដ-១៩ កូនក្រួចមួយក្បាល អាចលក់បានតម្លៃ ៦០០រៀលប៉ុណ្ណោះ»។
 
អ្នកចិញ្ចឹមក្រួចមកពីខេត្តកំពតរូបនេះ បានបន្ថែមថា ទោះបីក្រួចងាយចិញ្ចឹម តែសម្រាប់អ្នកដែលចង់ចិញ្ចឹមក៏គិតត្រូវនូវចំណុចសំខាន់ៗ មួយចំនួនដែរ ដូចជាពូជក្រួច ការផ្ដល់ចំណី និងការថែទាំ។ ជាទូទៅការចិញ្ចឹមក្រួចសាច់ មានរយៈពេលត្រឹម ៣៥ថ្ងៃទៅ ៤០ថ្ងៃប៉ុណ្ណោះអាចលក់បាន៕
 

ទូភ្ញាស់កូនក្រួចរបស់អ្នកស្រី សុខ ស្រីណុច(រូបពីហ្វេសប៊ុកកសិដ្ឋានចិញ្ចឹមក្រួច ខេត្តកំពត)


សត្វក្រួចរបស់អ្នកស្រី សុខ ស្រីណុច


Tag:
 ចិញ្ចឹមក្រួច
© រក្សាសិទ្ធិដោយ thmeythmey.com