ជាតិ
«រហាលកេះ ឬ អាវៀន» តំបន់ទេសចរណ៍សត្វស្លាប និងព្រៃលិចទឹកក្នុងទឹកដីខបន្ទាយមានជ័យ
15, Mar 2021 , 7:59 am        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ តំបន់ទេសចរណ៍ធម្មជាតិ «រហាលកេះ ឬអាវៀន» ជាតំបន់អភិរក្សមួយកន្លែង ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តំបន់មួយនេះ ជាទីតាំងអភិរក្សបែបធម្មជាតិ ដែលសម្បូរទៅដោយសត្វស្លាបរាប់ពាន់ក្បាល និងព្រៃលិចទឹក។ ទេសចរអាចអុំទូក ទស្សនាសត្វស្លាប បោះតង់ ក្នុងរហាលកេះនេះ។ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តំបន់មួយនេះ មានសក្ដានុពលខ្លាំង ពីរចំណុចគឺ សម្បូរទៅដោយជីវចម្រុះ និងព្រៃលិចទឹក។

 
«រហាលកេះ ឬអាវៀន» ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ លើផ្ទៃដីប្រមាណជា ២៨ហិកតា ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត លើកឡើងថា ទីតាំងទេសចរណ៍មួយនេះទាក់ទាញខ្លាំងក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ លោក ឈឿន សេរីវុធ បន្តថា រៀងរាល់ចុងសប្ដាហ៍មានភ្ញៀវទៅទស្សនាប្រមាណជា ៥០០នាក់ផងដែរ។
 
បើតាមលោក សេរីវុធ សត្វស្លាប ព្រៃឈើ និងស្ទឹង ជាសក្ដានុពលទាក់ទាញទេសចរមកកាន់តំបន់នេះ។ លោកបានបញ្ជាក់ថា៖ «ទាក់ទាញដោយសារ មានព្រៃឈើ សត្វស្លាប និងអាចជិះទូកតាមស្ទឹង មើលសត្វ»។ ទោះបីបច្ចុប្បន្ន «រហាលកេះ» កំពុងទទួលបានការចាប់អារម្មណ៍ពីទេសចរក៏ដោយ ប៉ុន្តែផ្លូវទៅកាន់ទីតាំងមួយនេះ នៅមានការលំបាកនៅឡើយ ជាពិសេសគឺរដូវវស្សា។ នេះជាការលើកឡើងរបស់លោក សេរីវុធ ដោយបន្ថែមថា មន្ទីរទេសចរណ៍ខេត្ត នឹងមានគម្រោងស្នើសុំជំនួយ ដើម្បីយកមកស្ថាបនាផ្លូវ ទៅកាន់តំបន់ទេសចរណ៍មួយនេះ ពិសេសការរៀបចំនូវសេវាម្ហូបអាហារ និងរានសម្រាប់មើលសត្វជាដើម។


រូបភាពពីលោក ភឿន ភព
 
ដោយឡែកសម្រាប់ លោក ភឿន ភព ជាអ្នកទេសចរមួយរូបបានទៅទស្សនា រហាលកេះ ជាលើកដំបូង បានប្រាប់សារព័ត៌មាន ThmeyThmey25ថា រហាលកេះនេះមានភ្ញៀវទៅទស្សនាច្រើនគួរសម ដោយសារសម្រស់ដ៏ស្រស់ស្អាត និងជាពិសេសសត្វស្លាបជាច្រើន រួមទាំងព្រៃលិចទឹកផងដែរ។
 
បើតាមរបាយការណ៍ស្ដីពី «ការចុះសិក្សាទិន្នន័យធនធានធម្មជាតិជម្រកសត្វស្លាបតំបន់រហាលកេះ (អាវៀន)»របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ តំបន់អភិរក្សនេះមានសត្វស្លាបជាច្រើនប្រភេទរួមមាន ចង្គៀលខ្យង រនាល ក្រសារ ក្អែកទឹក កុក ត្រដក់ ខ្វែកធំ មាន់ទឹក ទោម ត្លុម អាអ៊ូត រីក គ្រលីងគ្រលង កំប៉ុកកដប រងាវកក សន្ទូចព្រះ ប្រវឹក ដុំដោវ ប្រភេទមច្ឆាជាតិ រក្ខជាតិ និងជីវៈចម្រុះផ្សេងៗទៀតផងដែរ។ ក្រៅពីជាតំបន់អភិរក្ស និងទេសចរណ៍ធម្មជាតិ របាយការណ៍ដដែលនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះមានជំនឿលើអ្នកតា រហាលកេះ និងតែងតែទៅបន់ស្រន់នៅទីនោះផងដែរ។
 
សូមជម្រាបផងដែរថា តាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត ទីតាំងទេសចរណ៍ រហាលកេះ ឬអាវៀន ស្ថិតនៅលើដីទំហំ២៨ហិកតា និងមានភូមិចំនួន៥ នៅជុំវិញរួមមាន ភូមិឫស្សីកណ្ដាល ឫស្សីខាង សំរោងតូច ឈ្នួរ និងភូមិគោល ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕

រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ៖







Tag:
 រហាលកេះ
  អាវៀន
© រក្សាសិទ្ធិដោយ thmeythmey.com