ជាតិ
បុរស៣នាក់ត្រូវបានចាប់បញ្ជូនទៅស្នងការខេត្តព្រះសីហនុ ក្រោយចូលកាប់រានព្រៃអាកាស្យាខុសច្បាប់
14, Mar 2021 , 5:36 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
មន្រ្តីឧទ្យានុរក្សខេត្តព្រះសីហនុ បាននាំខ្លួនបុរស៣នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រោយលួចចូលកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយកាលពីថ្ងៃទី១៣ ខែមីនា ដើម្បីសាកសួរតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ។

 
កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសកាប់ទន្រ្ទានព្រៃអាកាស្យា ក្នុងតំបន់ក្បាលឆាយ នៅចំណុចចម្ការម្រេច ជាប់គន្លងបង្គោលខ្សែភ្លើង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។  បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ មានជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពអារផ្ដួលរលំដើមអាកាស្យា ដោយប្រើរណារយន្តចំនួន ២គ្រឿង។
 
ក្រោយឃ្លាំមើលសកម្មភាពរបស់ជនសង្ស័យជាង៨ម៉ោង ទើបក្រុមមន្ត្រីឧទ្យានុរក្ស អាចធ្វើសកម្មភាពបង្រ្កាបបទល្មើសនេះបាន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។  សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ បញ្ជាក់យ៉ាងដូច្នេះ៖ «ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាម កម្លាំងមន្រ្តីឧទ្យានុរក្សបានចេញមកឃាត់ខ្លួនតែម្តង ដែលមានជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងគោយន្ត ២គ្រឿង និងរណារយន្តចំនួន ២គ្រឿង»។
 
សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សកម្មភាពនៃការកាប់ទន្ទ្រានកាន់កាប់ដីរដ្ឋមានការកើនឡើងគូរឱ្យកត់សម្គាល់ ជាពិសេសនៅចំណុចភូមិសាស្រ្តក្បែរគន្លងផ្លូវល្បឿនលឿន និងគន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕







Tag:
 ឧទ្យានុរក្ស
  ព្រះសីហនុ
  បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com