ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រជាសហគមន៍ភ្នំពក-ភ្នំត្នោត សប្បាយចិត្តចំពោះការងារអភិរក្សព្រៃឈើ និងសត្វព្រៃ
15, Mar 2021 , 9:45 am        
រូបភាព
ព្រះវិហារ៖ ប្រជាសហគមន៍ នៅដែនជម្រកសត្វព្រៃភ្នំពក-ភ្នំត្នោត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ សប្បាយចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការងារអភិរក្សសត្វព្រៃ និងព្រៃឈើក្នុងតំបន់នេះ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល ជនបរទេស និងអង្គការអន្តរជាតិផង ប្រជាសហគមន៍សង្ឃឹមថា ជីវចម្រុះ ដូចជាសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិកម្រៗជាច្រើនប្រភេទទៀត នៅក្នុងតំបន់អភិរក្សនេះ នឹងរក្សាបានយូរអង្វែងតកូនចៅ។



តទៅនេះ សូមលោកអ្នកអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖






 
នាម៉ោងប្រមាណ៧យប់ ស្ថិតនៅកណ្ដាលព្រៃ នាបរិវេណផ្ទះរបស់លោក បេន ដេវីស ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ ប្រជាសហគមន៍ការពារព្រៃឈើមួយចំនួន កំពុងរៀបចំទាញម៉ូតូរបស់ខ្លួន ដើម្បីធ្វើដំណើរទៅផ្ទះរៀងៗខ្លួន។ ដោយសារខ្លាចព្រឹកឡើង ខ្ញុំពុំបានជួបពួកគាត់ម្ដងទៀត ខ្ញុំបានស្កាត់ទៅជួបប្រជាសហគមន៍មួយរូប ដើម្បីសុំគាត់សម្ភាសន៍។
 
ប្រជាសហគមន៍រូបនេះ ឈ្មោះ លឹម សាប់ គាត់មានអាយុ៥៤ឆ្នាំ រស់នៅក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ អង្គុយលើម៉ូតូរបស់ខ្លួន ដែលមានដាក់កាបូបស្ពាយនៅពីលើទូកម៉ូតូផងនោះ បុរសសម្បុរស្រអែមរូបនេះ ជាអតីតទាហានរបស់រដ្ឋាភិបាលកាលពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩៩។ ក្រោយពីមេភូមិបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧ ដោយមានការគាំទ្រពីរដ្ឋាភិបាល លោក លឹម សាប់ ក៏បានស្ម័គ្រចិត្តបម្រើការក្នុងសហគមន៍នោះ។ 


 
លោក លឹម សាប់ បញ្ជាក់ពីទឹកចិត្តរបស់លោក៖«ខ្ញុំមានចិត្តស្រឡាញ់ព្រៃឈើ។ ខ្ញុំមិនចេះអាឈើអ្វីទាំងអស់ អាចទៅមើលផ្ទះខ្ញុំបាន មិនមានជញ្ជាំងទេ។ ខ្ញុំស្ដាយចេះតែការពារទៅ តែទប់មិនចង់ឈ្នះ ប៉ុន្តែសព្វថ្ងៃឈើគ្រាន់បានសល់ខ្លះដែរ។ កាលឆ្នាំ២០០៧ ឈើច្រើនជាងនេះ ប៉ុន្តែសត្វព្រៃទើបតែកើនឥឡូវ»។ 
 
ចំណែកលោក សុខ ឡូ អាយុ៤៨ឆ្នាំ ក៏កំពុងអង្គុយលើម៉ូតូ បម្រុងចេញដំណើរទៅផ្ទះវិញជាមួយលោក លឹម សាប់ ដែរ។ ប៉ុន្តែដោយសារដៃគូរបស់គាត់ នៅជាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតផ្សេងទៀត លោកក៏មិនអាចទៅផ្ទះបាន ហើយខ្ញុំក៏ឆ្លៀតពេលនោះ ទៅសួរនាំគាត់បន្ថែម។
 
រស់នៅក្នុងភូមិតាបោះ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោក សុខ ឡូ ក៏បានចូលជាប្រជាសហគម៍ ការពារព្រៃឈើក្នុងឆ្នាំ២០០៧ដែរ។ សម្បុរស្រអែម សក់ស្លូតខ្លី ពាក់អាវពណ៌ទឹកប៊ឹកដៃវែងឆ្នូតសត្រង់ដៃ លោក សុខ ឡូ ថាដំបូងឡើយ លោកពិតជាពិបាកក្នុងការការពារព្រៃ ប៉ុន្តែបន្ទាប់ពី លោក បេន ដេវីស ដែលជាជនជាតិអាមេរិក បានចូលមកដល់ព្រៃនេះ ធ្វើឱ្យលោកមានសង្ឃឹមវិញ៖«ខ្ញុំសប្បាយចិត្តណាស់ តាំងពីបេនមកទីនេះ កុំអីខ្ញុំមិនមកទេ។ បេនមកបានសល់ព្រៃច្រើន បើមិនមានបេនកុំអី ឈើនៅទីនេះអស់បាត់ទៅហើយ។ កាលខ្ញុំធ្វើ ទប់មិនឈ្នះ ទាល់តែគាត់មក ទើបទប់ឈ្នះ»។  


 
ងាកមកចាប់អារម្មណ៍លោក ស៊ីវ សំនៀង វិញ លោក ក៏ជាប្រជាសហគមន៍ តាំងពីឆ្នាំ២០០៧ដែរ។ មានអាយុ៥០ឆ្នាំ បុរសពាក់អាវរងាពណ៌ទឹកប៊ិកចាស់ដៃវែងរូបនេះ ប្រាប់ពីការប្រឈមខ្លាំង ក្នុងការដើរល្បាតព្រៃម្ដងៗ ខណៈពេលមិនមានប៉ូលិស ឬទាហានទៅជាមួយ៖«អ្នកបទល្មើសគេគុំកួនយើង ពេលយើងចាប់គោយន្តគេ ចាប់ម៉ូតូគេ ពេលគេទៅឆក់ត្រី ទៅដាក់អន្ទាក់។ ចុះល្បាតម្ដងៗ បញ្ហាធំបំផុតគឺអ្នកដឹកឈើហ្នឹងឯង គេមិនខ្លាចយើងទេ បើយើងមិនមានកងកម្លាំងទៅជាមួយ។ គេឃើញយើងគេរកចាប់ រកចាក់យើងវិញ។ ពួកខ្ញុំគេចចេញសិន រង់ចាំកងកម្លាំងទៅដល់។ នៅតំបន់ដែលមិនសូវមានសេវា ហើយត្រូវជួបបទល្មើស យើងដើរឡើងតាមដើមឈើ តាមភ្នំ នៅកន្លែងខ្លះមានសេវាដែរ»។
 
លោក ស៊ីវ សំនៀង ប្រាប់សារព័ត៌មានថ្មីៗន្ថែម ពីការងារដើរល្បាតព្រៃ ខណៈពេលលោកកំពុងឈរនៅជិតចង្ក្រានបាយ នាម៉ោងប្រហែលជាង៧ព្រឹក ៖«ខ្ញុំដើរពីម៉ោង៧ ដល់ម៉ោង៥ល្ងាច។ ខ្ញុំធ្វើការថ្ងៃ យប់សម្រាក។ បញ្ហារាល់ថ្ងៃនេះ មានអ្នកលួចឆក់ត្រីតាមស្ទឹង។ សំខាន់រឿងដឹកឈើ ឈើសុក្រំ ឈើផ្ចឹក។ បើបរបាញ់វិញ រៀងស្ងាត់៣ ទៅ៤ខែហើយ។ ចុះល្បាតព្រៃម្ដងៗ ជួន២នាក់គឺអត់ទៀងទេ ដើម្បីសង្កេត បើមានបទល្មើសដឹកឈើ កាប់ឈើ ទើបហៅកងកម្លាំងទៅ»។   
 
ពាក់អាវប៉ារ៉ា ដោយមានពាក់ភ្លើងហ្វាបំភ្លឺផ្លូវ ជាប់នៅនឹងក្បាលផងនោះ លោក លឹម សាប់ ថាកាលពីបង្កើតសហគមន៍ដំបូង មានសមាជិកការពារព្រៃច្រើន ប៉ុន្តែក្រោយមកគេឈប់ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន នៅសល់តែប្រាំនាក់ប៉ុណ្ណោះ។ 


 
ដ្បិតតែមិនមានប្រាក់ខែ ប៉ុន្តែប្រជាសហគមន៍ការពារព្រៃឈើ ទទួលបានប្រាក់៣ម៉ឺន ៥ពាន់រៀល ពីលោក បែន ដេវីស ក្នុងមួយថ្ងៃ ចំពោះការដើរល្បាតព្រៃ។ ទោះជាយ៉ាងណា ការងារល្បាតនេះ លោក លឹម សាប់ ក៏ដូចជា ប្រជាសហគមន៍ដទៃទៀតដែរ មិនធ្វើការរាល់ថ្ងៃទេ មានន័យថា ប្រសិនបើពួកគាត់រវល់ការងារស្រែចម្ការ ពួកគាត់ ក៏នៅធ្វើស្រែចម្ការសិន៖ «មួយថ្ងៃបាន ៣៥,០០០រៀល ពេលដើរទើបគាត់ឱ្យ អត់ធ្វើការ អត់ដែរ។ ចូលធ្វើការម៉ោង៦ ឬម៉ោង៧ព្រឹក ស្រេចតែយើង។ លុយដែលថ្នាក់លើឱ្យគាត់ មួយឆ្នាំ ២ម៉ឺនដុល្លារ បែងចែកធ្វើផ្លូវផង ឱ្យទៅប្រជាជន ដែលជ្រូកព្រៃស៊ីដំណាំគេផង បែងចែកឱ្យកម្លាំងអ្នកដើរផង។ គាត់មិនមែនយកមកចាយខ្លួនគាត់ទេ។ ខ្ញុំនឹកឃើញស្រណោះគាត់! គេដកថយអស់ ប៉ុន្តែគាត់នាំប្រពន្ធកូនមក»។ 
 
ក្រៅពីបានជួយការពារធនធានធម្មជាតិ សម្រាប់ប្រជាជាតិទាំងមូល ប្រជាសហគមន៍នៅទីនេះ អាចទាញយកអនុផលព្រៃឈើផ្សេងៗ ក៏អាចស្នើសុំកាប់ឈើណា ដែលគ្រប់អាយុយកទៅធ្វើផ្ទះ សម្រាប់គ្រួសាររបស់ពួកគេផងដែរ។ លោក សុខ ឡូ ដែលមានកូន៤នាក់ ប្រាប់ពីការទាញយកអនុផលព្រៃឈើដូច្នេះ៖«ខ្ញុំការពារបែបនេះ គ្រាន់បានចៀរជ័រចុងដែរ បោចវល្លិ កាប់ផ្ដៅ កាប់ទំពាំង តាមស្ទឹង។ កាលពីដើម គេឱ្យមនុស្សចូលច្រើន ប៉ុន្តែឆ្នាំនេះ គេបិទហើយ គេមិនឱ្យអ្នកស្រុកឆ្ងាយចូលទេ។ អ្នកភូមិក្រៅចូលមកកាប់រាល់ឆ្នាំពេក វាចេះតែអស់។ បើឫស្សីវិញមួយឆ្នាំងាប់១គុម្ព ឬ២គុម្ព។ ដូច្នេះវាអស់ទំពាំងដែរ»។


 
លោក លឹម សាប់ ដែលមានកូនតែម្នាក់ ហើយជាញឹកញយ លោកបង្ខំចិត្តមកល្បាតព្រៃ ដោយទុកឱ្យប្រពន្ធ នៅធ្វើស្រែចម្ការតែម្នាក់ឯងនោះ បាននិយាយពោរពេញដោយភាពសប្បាយរីករាយថា លោកមានភាពកក់ក្ដៅ នៅពេលដែលរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះការការពារព្រៃ។ «សព្វថ្ងៃនេះ មានរដ្ឋាភិបាលជួយជ្រោមជ្រែង អារម្មណ៍ខ្ញុំបានធូរ។ រូបខ្ញុំបានល្បីផ្សព្វផ្សាយពេញប្រទេសហើយ។ ដូច្នេះខ្ញុំមានអារម្មណ៍ធ្វើការ។ អ្នកខ្លះគេថា ធ្វើការបម្រើគេអត់ប្រយោជន៍ ប៉ុន្តែខ្ញុំគិតថាអត់ប្រយោជន៍ក៏អត់ចុះ ឱ្យតែបានកេរ្ដិ៍ឈ្មោះ ជាប្រជាពលរដ្ឋមួយដែលខំការពារព្រៃឈើ។ គេបរទេស គេអាចជួយបាន ចុះយើងខ្មែរគ្នាឯង ម្ដេចជួយមិនបាន។ ពេលខ្លះជួបការលំបាកដែរណា ត្រូវប្រទាញប្រទង់គ្នា គេដេញកាប់ផងណា។ ខ្ញុំត្រូវគេដេញកាប់ពីខែ៨ ឆ្នាំ២០០៨។ សព្វថ្ងៃគេជាប់គុកហើយ ព្រោះខ្ញុំថតជាប់ភស្តុតាងបានទាំងអស់»។
 
ជាអ្នកអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន ដេវីស (Ben Devis) បច្ចុប្បន្នមានអាយុ៥៤ឆ្នាំ។ បុរសជនជាតិអាមេរិករូបនេះ បានមកដល់ប្រទេសកម្ពុជាដំបូង ក្នុងឆ្នាំ១៩៩២ ដោយធ្វើការផ្នែកអភិវឌ្ឍន៍ជនបទ។ នៅឆ្នាំ២០០៤ លោក បេន ចាប់ផ្ដើមធ្វើការ លើការអភិរក្សព្រៃ និងធម្មជាតិខ្លះៗ ហើយនៅឆ្នាំ២០១២ លោកចាប់ផ្ដើមធ្វើការងារនេះពេញម៉ោង។
 
ចំពោះការងារអភិរក្សព្រៃឈើ និងសត្វព្រៃ លោក បេន ដេវីស បានប្រែក្លាយដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ឱ្យទៅជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ការកែប្រែតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ ក៏ជាផ្នែកមួយជួយកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។
 
លោក បេន ដេវីស ប្រាប់ពីចំនួនភ្ញៀវទេសចរជាតិ ដែលបានទៅកម្សាន្តក្នុងតំបន់ភ្នំត្នោត-ភ្នំពក៖«ខ្ញុំគិតថាប្រហែលជា៣ពាន់នាក់ គិតពីឆ្នាំ២០១៥។ ជំហានដំបូង ខ្ញុំគិតថាភ្ញៀវមកនេះច្រើនដែរ ជាពិសេសខ្មែរប្រហែលជិត២ពាន់នាក់។ ខ្ញុំពីមុនអត់ស្មានថា ខ្មែរចាប់អារម្មណ៍ទេ កាលមួយឆ្នាំមុន ខ្មែរអត់សូវចាប់អារម្មណ៍ដើរព្រៃប៉ុន្មានទេ គឺតិចមែនទែន ប៉ុន្តែបច្ចុប្បន្ននេះ គេចាប់អារម្មណ៍ខ្លាំង។ តាមពិតកូវីដ-១៩ បានបង្ខំគេឱ្យដើរលេងក្នុងស្រុក»។ 


ឈរនៅខាងមុខផ្ទះរបស់ខ្លួន នាម៉ោងប្រមាណ៨ព្រឹក លោក បេន ប្រាប់ពីសត្វព្រៃ ដែលមាននៅក្នុងតំបន់របស់ខ្លួនការពារ៖«យើងរាប់សត្វស្លាបមាន៦៣ប្រភេទ និងសត្វជើង៤ មាន២៦ប្រភេទ ដោយឃើញផ្ទាល់ភ្នែកផង និងថតបានផង។ សត្វកម្របំផុតនៅទៅនេះ ប្រហែលជាសត្វពង្រូល សត្វទន្សោង សត្វភេ ឆ្កែព្រៃ។ សត្វស្លាបពីមុនមានទាព្រៃស្លាបស៣គូ។ ឥឡូវវាបាត់បង់អស់ យើងការពារមិនឈ្នះ ស្លាប់អស់សត្វកម្រជាងគេ»។
 
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីជាង ៤ម៉ឺន ២ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីជីវចម្រុះ និងធនធានធម្មជាតិ ដូចជាភ្នំ ព្រៃឈើ ស្ទឹងបឹងបួ និងសត្វព្រៃនោះ តំបន់អេកូទេសចរណ៍ BeTreed ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញផងដែរ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com