COVID-19
ជាតិ
អាជ្ញាធរស្រុកឈូកបន្តរកអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ម្នាក់ពីភ្នំពេញដែលបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍
15, Mar 2021 , 10:11 am        
រូបភាព
អាជ្ញាធរបានចុះទៅដល់ទីតាំងរៀបចំមង្គលការនៅក្នុងស្រុកឈូក កាលពីយប់ថ្ងៃទី១៤មីនា ដែលមានអ្នកជំងឺកូវីដ-១៩ ម្នាក់បានទៅចូលរួម។ (រូបភាពពីហ្វេសប៊ុកលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក)
អាជ្ញាធរបានចុះទៅដល់ទីតាំងរៀបចំមង្គលការនៅក្នុងស្រុកឈូក កាលពីយប់ថ្ងៃទី១៤មីនា ដែលមានអ្នកជំងឺកូវីដ-១៩ ម្នាក់បានទៅចូលរួម។ (រូបភាពពីហ្វេសប៊ុកលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក)
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មានមនុស្សចំនួន៥នាក់ បានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលបានទៅចូលរួមពិធីមង្គលការ នៅក្នុងឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី១៤មីនា។ «អ្នកប៉ះពាល់ផ្ទាល់ មាន៥នាក់ មានតៃកុងឡាន១នាក់ អ្នករួមដំណើរ ១នាក់ និងរួមតុ៣នាក់»។  នេះបើតាមលោក  ខៀវ រិទ្ធិភ័ណ្ឌ ដែលបានបន្តថា បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង៥នាក់ ជាអ្នករស់នៅក្នុងស្រុកឈូកតែម្តង ហើយត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ ហើយដាក់ឱ្យធ្វើចត្តាឡីស័កតាមសុខភាពបន្ត។ 
 
បើតាមលោកអភិបាលស្រុកឈូក  ក្រៅពីអ្នកស្រុកឈូកទាំង៥នាក់នេះ នៅមានអ្នកពាក់ព័ន្ធផ្ទាល់មួយចំនួនទៀត ដែលធ្វើដំណើរមកភ្នំពេញវិញជាមួយអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នេះ។ 
 
ដោយឡែកសម្រាប់ ម្ចាស់ដើមការ និងអ្នកភូមិផ្សេងទៀត ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានអភិបាលស្រុកឈូក អះអាងថា មិនបានប៉ះពាល់ដោយផ្ទាល់នោះទេ ដោយសារបុគ្គលដែលវិជ្ជមានកូវីដ-១៩រូបនេះ ហាក់បានដឹងខ្លួន ហើយក៏បានឡើងឡានត្រឡប់មកភ្នំពេញវិញ។ ដ្បិតលោក រិទ្ធិភ័ណ្ឌ មិនទាន់អាចប៉ាន់ស្មានថា មានមនុស្សប៉ុន្មាននាក់ដែលប៉ះពាល់ប្រយោល ប៉ុន្តែអាជ្ញាធរ នឹងប្រកាសឱ្យពួកគាត់ធ្វើចត្តាឡីស័ក តាមដានសុខភាពដូចគ្នា។
 
ក្រោយករណីនេះ រដ្ឋបាលខេត្តកំពត បានប្រាប់ឱ្យអភិបាលក្រុង និងស្រុកនានានៃខេត្តកំពត ឱ្យផ្អាកការរៀបចពិធីមង្គលការ ជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពត។ 
 
តាមលិខិតរបស់រដ្ឋបាលខេត្តកំពត ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៥ មីនានេះ បានណែនាំឱ្យអភិបាលក្រុង និងស្រុក និងអាជ្ញាធរភូមិ ឃុំ នានានៃខេត្តកំពត ត្រូវផ្អាកបណ្តោះអាសន្ន នូវការអនុញ្ញាតច្បា់បសម្រាប់រៀបពិធីមង្គលការ ពិធីចប់លៀង និងការជួបជុំបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥មីនានេះតទៅ។ ក្រៅពីនេះ ត្រូវអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួច ឱ្យគាត់លើកពេល ឬផ្អាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល២សប្តាហ៍សិន។ នេះបើតាមសេចក្តីជូនដំណឹងដដែល ដោយបានបញ្ជាក់ថា ក្នុងករណីដែលបានចេញលិខិតអនុញ្ញាតរួចហើយ ត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី ៥នាក់។ បើម្ចាស់ពិធី មិនសហការ និងគោរពតាមការណែនាំ អាជ្ញាធរត្រូវចុះបិទ ឬផ្អាក ការរៀបចំពិធីជាបន្ទាន់។
 
ទាក់ទងនឹងករណីបុរសម្នាក់ដែលបានធ្វើតេស្តរកកូវីដ-១៩ ប៉ុន្តែឆ្លៀតចល័តទៅចូលរួមពិធីអាពាហ៍ពិពាហ៍នៅខេត្តកំពត អ្នកស្រី ឱ វណ្ណឌីន បានអះអាងថា គ្មានការលើកលែងនោះឡើយ ព្រោះទង្វើនេះ បង្ហាញពីការមិនគោរពច្បាប់។ 
 
«និយាយហើយ អប់រំហើយ ច្បាប់មានហើយ បុគ្គលដែលធ្វើតេស្តយកសំណាក ត្រូវបន្តធ្វើចត្តាឡីស័ក។ បើមានវិជ្ជមាន នឹងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងករណីវិជ្ជមាន ត្រូវបន្តចត្តាឡីស័ក ហើយថ្ងៃទី១៣ នឹងត្រូវធ្វើតេស្តជាលើកទី២»។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មានស្តីពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩។
 
គិតមកដល់ពេលនេះ កម្ពុជា អ្នកជំងឺកូវីដ-១៩ សរុប១ ៣២៥នាក់ ដោយករណីសហគមន៍២០កុម្ភៈ មានដល់ទៅ ៨១០នាក់ ដែលរាលដាលដល់១០រាជធានី-ខេត្ត រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង ក្នុងនោះអ្នកជំងឺភាគច្រើនជាជនជាតិចិន ខ្មែរ បន្ទាប់មកវៀតណាម និងជាតិសាសន៍ផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com