ជាតិ
សង្គមជាតិ
សាលារៀនរដ្ឋ និងឯកជន១៧ នៅស្រុកសំរោង និងស្រុកបាទី ត្រូវផ្អាកបណ្តោះអាសន្ន
15, Mar 2021 , 5:49 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី
ដោយ:
ភ្នំពេញ៖ អភិបាលខេត្តតាកែវ បានសម្រេចផ្អាកសាលារៀនរដ្ឋ និងឯកជនចំនួន១៧ ក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ ជាបណ្តោះអាសន្នសិន ក្រោយពីយុវជនឈ្មោះ កក្កដា សុភ័ណ្ឌ បានទៅចូលរួមមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១២ ខែមីនា ហើយអាជ្ញាធរ រកឃើញថា យុវជនរូបនេះ ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលលោក លី សាវេត អភិបាលរងខេត្តតាកែវ ដែលបានផ្ញើមកសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
 
ក្នុងចំណោមសាលារៀនរដ្ឋ និងឯកជនទាំង១៧ ដែលត្រូវបិទនោះ មាន៨សាលា ស្ថិតក្នុងស្រុកសំរោង មាន និង៩សាលាស្ថិតក្នុងស្រុកបាទី។ សាលារៀនចំនួន៨ នៅស្រុកសំរោងនោះ គឺមានវិទ្យាល័យចំនួន១ សាលាបឋមសិក្សាចំនួន៦ និង សាលារៀនឯកជនចំនួន១ទៀត។ ចំណែកសាលារៀនទាំង៩នៅស្រុកបាទី គឺមានវិទ្យាល័យចំនួន៣ និងសាលាបឋមសិក្សាចំនួន៦។  
 
លោក លី សាវេត បានបញ្ជាក់ថា សាលារៀនទាំង១៧នោះនឹងចាប់ផ្តើមផ្អាកដំណើរការចាប់ពីថ្ងៃទី១៦ ខែមីនាតទៅ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩រាលដាលចូលក្នុងសហគមន៍កាន់តែខ្លាំង។
 
បើតាមលោកអភិបាលរងខេត្តតាកែវរូបនេះ សិស្សានុសិស្សនៅសាលាទាំង១៧ខាងលើ ត្រូវផ្អាកការរៀនជាបណ្តោះអាសិន។ លោក មានប្រសាសន៍ថា៖«ការសិក្សាតាមអនឡាញប្រហែលមិនមានទេ»។ 
 
សាលារៀនទាំង១៧នោះ គឺ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្លារម, បឋមសិក្សា ស្លារម, បឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន នាងខ្មៅ, បឋមសិក្សា ឱម សុផាត, បឋមសិក្សាភ្នំជីសូរ, បឋមសិក្សា ហ៊ុន សែន ស្តុក, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី, វិទ្យាល័យ ហ៊ុន សែន ១មិថុនា, វិទ្យាល័យ គិត ម៉េង ប្រាសាទ,បឋមសិក្សា អង្គសឹង្ហ, បឋមសិក្សា ត្នោត, បឋមសិក្សា ប្រាសាទ, បឋមសិក្សា ឆ្នាត់, បឋមសិក្សាភូមិថ្មី , បឋមសិក្សា តាកឹម, និង សាលា បេះដូងសម្រាប់វិជ្ជា។ ក្នុងចំណោមសាលាទាំង១៧នេះ មានតែសាលាបេះដូងសម្រាប់វិជ្ជាមួយទេ តែជាសាលាឯកជន។ 
 
គិតមកដល់ពេលនេះ អាជ្ញាធរខេត្តតាកែវបានរកឃើញមនុស្សជិត៤០០នាក់ ហើយពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយនឹងយុវជន កក្កដា សុភ័ណ្ឌ។ មិនទាន់ដឹងលទ្ធផលវិជ្ជមានកូវីដ-១៩ មុនយុវជនរូបនេះ បានទៅចូលរួមកម្មវិធីមង្គលការនៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១២ ខែមីនា និងបានប៉ះផ្ទាល់នឹងនារីម្នាក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នារីរូបនោះក៏បានចល័តទៅទីតាំងមួយចំនួនទៀតនៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
 
លទ្ធលធ្វើតេស្តរកវីរុសកូវីដ-១៩ លើនារីរូបនោះ ឬលើមនុស្សជិត៤០០នាក់ ដែលពាក់ព័ន្ធជាមួយយុវជន កក្កដា សុភ័ណ្ឌជិត មិនទាន់ប្រកាសជាផ្លូវការនោះទេ។ ប៉ុន្តែទីតាំងមួយចំនួននៅស្រុកសំរោង ស្រុកបាទី ខេត្តតាកែវ និងទីតាំងមួយចំនួននៅខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរស្រុកនីមួយៗ សម្រេចបិទជាបណ្តោះអាសន្នសិន៕ 
 

Tag:
 ទីតាំង
© រក្សាសិទ្ធិដោយ thmeythmey.com