COVID-19
រថយន្ត
អន្តរជាតិ
មនុស្សរាប់លាននាក់នៅអង់គ្លេសអាចទទួលការចាក់វ៉ាក់សាំងដោយមិនចាំបាច់ចេញពីរថយន្ត
16, Mar 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
មនុស្សរាប់លាននាក់អាចនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមជ្ឈមណ្ឌលសុខាភិបាលនានានៅចក្រភពអង់គ្លេសដោយមិនចាំបាច់ចុះពីរថយន្ត (Drive-Through)។ នេះជាការផ្តួចផ្តើមគំនិតសាកល្បងរបស់មជ្ឈមណ្ឌលសុខាភិបាល GP ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩។
 
មនុស្សប្រមាណ២៣០០នាក់ ទទួលបាននូវការចាក់វ៉ាក់សាំងក្នុង១ថ្ងៃតាមមជ្ឈមណ្ឌលនានា ហើយបើតាមគំនិតសាកល្បងនេះ ចំនួននឹងឡើងដល់ប្រមាណ៣០ភាគរយ ឬឈានលើសទ្វេរដង ពោលគឺរហូតដល់៦០០០នាក់ ប្រសិនបើមានការផ្គត់ផ្គង់បន្ថែមបានគ្រប់គ្រាន់។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Chronicle Live។
 
ខណៈដែលកូវីដ-១៩ បន្តរាលដាលឥតឈប់ឈរ ជាពិសេសមេរោគបំប្លែងថ្មី ក្នុងនោះករណីនៅចក្រភពអង់គ្លេសឡើងដល់ជាង៤លាន រដ្ឋាភិបាល បានពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់អ្នកមានអាយុលើសពី៤០ឆ្នាំ ខណៈក្រុមក្មេងៗ អាចទទួលបានអាចហោចណាស់ដូសទី១ នៅមុនថ្ងៃទី១០ ខែមិថុនា។
 
វ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការការពារប្រឆាំងមេរោគបំប្លែង ក៏កំពុងតែបោះជំហានទៅមុខផងដែរ ដោយត្រូវអនុវត្តសម្រាប់ព្រឹត្តិការណ៍កីឡាដែលមានមនុស្សច្រើនដូចជាវគ្គផ្តាច់ព្រ័ត្រ FA CUP និង World Snooker Championship ជាដើម។
 
គម្រោងសាកល្បងចាក់វ៉ាក់សាំងពីក្នុងរថយន្តនៅក្នុងចំណតរថយន្តក្បែរតំបន់ Bury St Edmunds មានអត្រាកើនឡើងគួរឲ្យកត់សម្គាល់ ដោយស្ទើរតែ៥ដង ជាងការចាក់ធម្មតា។
 
វេជ្ជបណ្ឌិត Richard West នៃមជ្ឈមណ្ឌល Woolpit Health Centre បានអះអាង៖ «លក្ខខណ្ឌចាក់វ៉ាក់សាំង Drive-through ច្បាស់ជាអាចទទួលបានមនុស្សរាប់លាននាក់ក្នុង១សប្តាហ៍។ បើសិនជារដ្ឋាភិបាលពិតជាចង់ឲ្យស្ថានភាពវិលទៅរកភាពប្រក្រតី នេះជាវិធីឆ្ពោះទៅមុខដ៏ល្អមួយ»។
បច្ចុប្បន្ន ការចាក់វ៉ាក់សាំងពីក្នុងរថយន្ត មិនទាន់ស្ថិតក្នុងក្របខណ្ឌថ្នាក់ជាតិនៅឡើយទេ ប៉ុន្តែគម្រោងនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្តនៅស្កុតឡេន និងវេលស៍ ផងដែរ។
 
អ្នកដែលចាក់វ៉ាក់សាំងហើយភ្លាមៗ ត្រូវបន្តនៅក្នុងរថយន្តខ្លួន១៥នាទី ដើម្បីរង់ចាំពិនិត្យមើលក្រែងមានប្រតិកម្មថ្នាំ ជាយថាហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះ ត្រូវការពិភាក្សាច្រើនបន្ថែមទៀត ជាពិសេសស្ថានភាពសុខភាពរបស់អ្នកដែលត្រៀមទទួលវ៉ាក់សាំង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com