ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តព្រះសីហនុ កំពុងរកមុខអ្នកលួចចាក់ដីចូលសមុទ្រ មកដោះស្រាយតាមច្បាប់
16, Mar 2021 , 10:35 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
អាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រកាសឲ្យអ្នកលួចចាក់ដីនិងថ្មចូលសមុទ្រ នៅទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ចូលខ្លួនមកដោះស្រាយ នៅចំពោះមុខច្បាប់។
 
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី១៦ មីនា នេះថា អាជ្ញាធរស្រុកកំពុងរកមុខអ្នកលួចចាក់ដី ចូលសមុទ្រមកទទួលខុសត្រូវចំពោះមុខច្បាប់។ «យើងមិនស្គាល់មុខអ្នកលួចចាក់នោះទេ ព្រោះគេលួចចាក់នៅពេលយប់។ អាជ្ញាធរកំពុងស្វែងរកមុខអ្នកលួចចាក់ដីនោះ ដើម្បីមកទទួលខុសត្រូវ ធ្វើកិច្ចសន្យា ឬអាចឈានដល់ការផាកពិន័យ»។ នេះបើតាមការបញ្ជាក់របស់ លោក ឆាយ សុគន្ធដា។
 
លោកអភិបាលស្រុកបានបន្ថែមទៀតថា ករណីនេះទើបតែកើតមានថ្មីៗនេះប៉ុណ្ណោះ ។ លោកបន្ថែមថា ដីដែលបានចាក់ចូលសមុទ្រនេះ មានទំហំប្រមាណ ៤០ម៉ែត្រ ហើយពេលនេះអាជ្ញាធរកំពុងចាត់វិធានការ កាយដីនោះចេញពីសមុទ្រវិញ។
 
លោក សុគន្ធដា ប្រាប់ទៀតថា៖«អាជ្ញាធរនឹងអនុញ្ញាត(ឲ្យចាក់ដី) បើសិនមានការសុំច្បាប់ត្រឹមត្រូវ ពីភាគីវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍគម្រោងអ្វីមួយ។ តែក្នុងករណីលួចចាក់ដី ដែលជាកន្លែងទីសាធារណៈដោយមិនសុំការអនុញ្ញាត ត្រូវមកទទួលខុសត្រូវមុខច្បាប់»។ 


រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ 

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកស្ទឹងហាវ នៅថ្ងៃទី១៥ មីនា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ប្រយោជន៍សាធារណៈ។ 
 
ក្នុងសេចក្ដីប្រកាសបន្តថា ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រ ត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសេចក្ដីណែនាំលម្អិត សម្រាប់អនុវត្ត និងបទបញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន៕
 

Tag:
 សង្គម
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com