ជាតិ
សង្គមជាតិ
អ្នកប៉ះពាល់លោក កក្កដា សុភ័ណ្ឌ ផ្ទាល់ចំនួន១០១នាក់ អវិជ្ជមានកូវីដ-១៩ នៃការធ្វើតេស្តលើកទី១
17, Mar 2021 , 12:47 pm        
រូបភាព
ដោយ:
ភ្នំពេញ៖  អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយលោក កក្កដា សុភ័ណ្ឌ នៅខេត្តតាកែវ គឺសុទ្ធតែអវិជ្ជមានកូវីដ-១៩ នៃលទ្ធផលធ្វើតេស្តលើកទី១ ។ នេះបើតាមលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី១៧ ខែមីនា។
 
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយលោក កក្កដា សុភ័ណ្ណ ជិត៤០០នាក់ ដែលស្ថិតនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកតាំកក់ និងស្រុកព្រៃកប្បាស។ ប៉ុន្តែក្រុមគ្រូពេទ្យទើបតែបានប្រមូលលើក្រុមអ្នកដែលប៉ះពាល់ផ្ទាល់នឹងលោក កក្កដា សុភ័ណ្ឌ ចំនួន១០១នាក់សិនប៉ុណ្ណោះ។
 
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លទ្ធផលសំណាកលើកទី១ របស់អ្នកពាក់ព័ន្ធផ្ទាល់នឹងបុគ្គលនេះ គឺអវិជ្ជមានទាំងអស់។ លទ្ធផលនេះត្រូវបានប្រកាសចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា។ លោក ស៊ីណាត បានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធប្រយោលគឺស្ថិតនៅក្រោមការតាមដានសុខភាព និងបន្តធ្វើតេស្តជាបន្តទៀត។
 
«យើងប្រមូលតែអ្នកដែលប៉ះពាល់ផ្ទាល់មុនសិន។ តែអ្នកដែលពាក់ព័ន្ធប្រយោលគឺយើងមានការឃ្លាំមើលដោយអាជ្ញាធរមូលដ្ឋាន ដោយមិនឲ្យចេញពីផ្ទះ ដោយឲ្យធ្វើចត្តាឡីស័ក»។ នេះជាការលើកឡើងរបស់លោក នុត ស៊ីណាត។ 
 
បើតាមលោក នុត ស៊ីណាត ក្រុមគ្រូពេទ្យនឹងបន្តប្រមូលសំណាកលើអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងលោក កក្កដា សុភ័ណ្ឌ នៅថ្ងៃនេះទៀត។ លោកប្រធានមន្ទីរសុខាភិបាល បានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធផ្ទាល់នឹងលោក កក្កដា សុភ័ណ្ឌ គឺត្រូវធ្វើតេស្តចំនួន២លើកទៀត ខណៈអ្នកពាក់ព័ន្ធប្រយោល នឹងធ្វើតេស្តតែមួយលើកទៀតប៉ុណ្ណោះ។
 
«យើងត្រូវធ្វើតេស្តអ្នកដែលប៉ះពាល់ផ្ទាល់ចំនួន៣ដង។ ប៉ុន្តែបើគ្រាន់តែប៉ះពាល់ប្រយោលទេគឺយើងធ្វើតេស្តចំនួន២ដង»។ នេះជាការលើកឡើងរបស់លោក នុត ស៊ីណាត ដែលបានបញ្ជាក់ថា មកដល់ពេលនេះ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទាំងអស់នោះ គឺមិនមានបញ្ហាសុខភាពណាមួយគួរឲ្យកត់សម្គាល់ឡើយ។
 
ដ្បិតអ្នកពាក់ព័ន្ធនឹងលោក កក្កដា សុភ័ណ្ឌ អវិជ្ជមានក្តី ប៉ុន្តែនៅក្នុងខេត្តតាកែវ ក៏មានករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូង លើបុរសម្នាក់វ័យ៣២ឆ្នាំ ស្ថិតនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ។ ទាក់ទងនឹងចំណុចនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានពន្យល់ថា បុរសម្នាក់ ដែលមានផ្ទុកកូវីដ-១៩នេះ គឺជាអ្នកមកពីភ្នំពេញ ហើយត្រឡប់មកស្រុកកំណើតនៅខេត្តតាកែវ ដោយមិនពាក់ព័ន្ធនឹងបុគ្គល កក្កដា សុភ័ណ្ឌ ឡើយ។ 
 
«គាត់ជាបុគ្គលិកប្រមូលសំរាមស៊ីនទ្រី នៅភ្នំពេញ។ ហើយគាត់មកភូមិគាត់នេះ កាលពីថ្ងៃទី១៣ ខែមីនា គាត់ក៏មានអាការក្តៅខ្លួន ថប់ដង្ហើម ខុសពីធម្មតា។ អ៊ីចឹងខាងពេទ្យឃុំហ្នឹង គាត់ក៏សង្ស័យ ក៏បញ្ជូនគាត់មកមណ្ឌលពេទ្យខេត្តដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកនៅថ្ងៃទី១៥។ រហូតដល់ថ្ងៃទី១៧នេះបានដឹងលទ្ធផលគាត់វិជ្ជមានកូវីដ-១៩»។ នេះជាការរៀបរាប់របស់លោក នុត ស៊ីណាត។
 
បើតាមលោកស៊ីណាត បច្ចុប្បន្នអ្នកជំងឺនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ហើយអាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងបន្តរកអ្នកពាក់ព័ន្ធជាមួយនឹងបុរសរូបនោះ ដើម្បីយកធ្វើចត្តាឡីស័ក និងធ្វើតេស្ត។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥០៥នាក់ ដោយ៩៩០នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានសរុប ៨៤០នាក់ ករណីស្លាប់១នាក់ ខណៈអ្នកជំងឺ ៦៦២នាក់ទៀត កំពុងបន្តការព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា៕
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com