ជាតិ
សង្គមជាតិ
សិស្ស២០នាក់ នៅវិទ្យាល័យភ្នំធំខេត្តបន្ទាយមានជ័យ ដួលសន្លប់ដោយសារអាកាសធាតុក្តៅ
17, Mar 2021 , 3:06 pm        
រូបភាព
រូបភាពពីលោក ឡៅ សំពរ ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
រូបភាពពីលោក ឡៅ សំពរ ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ដោយ:
ភ្នំពេញ៖ សិស្សចំនួន២០នាក់នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដួលសន្លប់កាលពីព្រឹកថ្ងៃទី១៧ ខែមីនា។ នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សិស្សទាំងនោះដួលសន្លប់ដោយសារអាកាសធាតុក្តៅខ្លាំង។
 
 
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមីនានេះ សិស្សទាំង២០នាក់នោះបានដួលសន្លប់តៗគ្នា នៅពេលដែលកំពុងរៀននៅក្នុងថ្នាក់ ដោយសារចាញ់អាកាសធាតុក្តៅ។ 
 
«តាមខ្ញុំចុះទៅកន្លែងនោះផ្ទាល់ ហើយជួបគ្រូបង្រៀន និងនាយកអីហ្នឹង។ ប្រហែលម៉ោង៩ ដល់ម៉ោង១០ ព្រឹកអីហ្នឹង គឺវាហប់ខ្យល់ និងក្តៅខ្លាំង ហើយធ្វើឲ្យពួកគាត់ដួលសន្លប់តៗគ្នា»។ នេះជាការលើកឡើងរបស់លោក រ័ត្ន ដាស៊ីណង់ ដែលបញ្ជាក់ថា សិស្សទាំងនោះ រៀនថ្នាក់ទី១០ និងទី១១។
 
បើតាមលោកអភិបាលស្រុកមង្គលបូរី ក្រោយពីសិស្សដួលសន្លប់ភ្លាមៗនោះ គ្រូ និងអាណាព្យាបាលសិស្សបានបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ,មណ្ឌលសុខាភិបាលភ្នំតូច ,មណ្ឌលសុខភាពអូរប្រាសាទ និងតាមគ្លីនិកមួយចំនួនក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
 
ក្នុងចំណោមសិស្សទាំងនោះ គឺមានសិស្សចំនួន៥នាក់ដែលមានអាការធ្ងន់ធ្ងរ ក្រៅពីនោះគឺមានអាការតិចតួច។ នេះបើតាមការបញ្ជាក់ពីលោកអភិបាលស្រុកមង្គលបូរី ៕ 


 
 រូបពីលោក ឡៅ សំពរ ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
 

Tag:
 សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com