COVID-19
ជាតិ
សង្គមជាតិ
បិទវត្តប្រាសាទនាងខ្មៅ និងភូមិ២ទៀតនៅស្រុកសំរោង ខេត្តតាកែវ ក្រោយវត្តមានអ្នកមានកូវីដ-១៩
17, Mar 2021 , 3:50 pm        
រូបភាព
រូបភាពពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ
រូបភាពពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ
ភ្នំពេញ៖ អាជ្ញាធរខេត្តតាកែវបានបន្តបិទភូមិចំនួន២ទៀត គឺភូមិជំរះពេន និងភូមិត្បាចឃុំជើងគួន ក្នុងស្រុកសំរោង នៃខេត្តតាកែវ ក្រោយពីមានបុរសម្នាក់ដែលជាបុគ្គលិកស៊ីនទ្រីបានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ ស្របពេលជាមួយគ្នានេះ វត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នផងដែរដោយសារជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយលោក កក្កដា សុភ័ណ្ឌ។
 
 
នៅខេត្តតាកែវគឺមានករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូង លើបុរសម្នាក់វ័យ៣២ឆ្នាំ ស្ថិតនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ។ ទាក់ទងនឹងចំណុចនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានពន្យល់ថា បុរសម្នាក់ ដែលមានផ្ទុកកូវីដ-១៩នេះ គឺជាអ្នកមកពីភ្នំពេញ ហើយត្រឡប់មកស្រុកកំណើតនៅខេត្តតាកែវ ដោយមិនពាក់ព័ន្ធនឹងបុគ្គល កក្កដា សុភ័ណ្ឌ ឡើយ។ 
 
«គាត់ជាបុគ្គលិកប្រមូលសំរាមស៊ីនទ្រី នៅភ្នំពេញ។ ហើយគាត់មកភូមិគាត់នេះ កាលពីថ្ងៃទី១៣ ខែមីនា គាត់ក៏មានអាការក្តៅខ្លួន ថប់ដង្ហើម ខុសពីធម្មតា។ អ៊ីចឹងខាងពេទ្យឃុំហ្នឹង គាត់ក៏សង្ស័យ ក៏បញ្ជូនគាត់មកមណ្ឌលពេទ្យខេត្តដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកនៅថ្ងៃទី១៥។ រហូតដល់ថ្ងៃទី១៧នេះបានដឹងលទ្ធផលគាត់វិជ្ជមានកូវីដ-១៩»។ នេះជាការរៀបរាប់របស់លោក នុត ស៊ីណាត។
 
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ថាក្រុមគ្រូពេទ្យបានប្រមូលសំណាកអ្នកដែលពាក់ព័ន្ធផ្ទាល់នឹងបុរសនោះចំនួន៤នាក់ដែលពួកគេសុទ្ធសឹងជាក្រុមគ្រួសាររបស់បុរសនោះ។ 
 
បើតាមលោកអភិបាលស្រុកសំរោង បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង៤នាក់ជាមួយនឹងបុរសនោះគឺត្រូវបានធ្វើតេស្ត និងកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់ពួកគេដែលស្ថិតនៅក្នុងភូមិជំរះពេន និងភូមិត្បាចឃុំជើងគួន ដោយមានការឃ្លាំមើលពីអាជ្ញាធរខេត្តតាកែវ។ 
 
ថ្វីដ្បិត ចំនួនអ្នកពាក់ព័ន្ធនឹងបុរសនោះមានចំនួនតិច ប៉ុន្តែដើម្បីធានាបាននូវសុវត្ថិភាព អាជ្ញាធរស្រុកសំរោងបានបិទភូមិទាំងពីរនោះដោយពុំអនុញ្ញាតឲ្យអ្នកដំណើរក្រៅពីអ្នកនៅក្នុងភូមិទាំងពីរនោះចេញចូលឡើយ។ 
 

 រូបពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ

«យើងបើកឲ្យប្រជាពលរដ្ឋនៅក្នុងភូមិចេញចូលបានជាធម្មតា ដោយអ្នករកស៊ីព្រឹកល្ងាចគឺចេញចូលបាន។ ប៉ុន្តែប្រជាពលរដ្ឋក្រៅ យើងមិនឲ្យមានការចេញចូលទេ។ យើងបិទអ្នកដែលមកពីក្រៅ។ យើងបិទ ឡានផ្សេងមិនឲ្យចូល និងអ្នកមកពីខេត្តផ្សេងយើងមិនឲ្យចូលទេ»។ នេះជាការលើកឡើងរបស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង។
 
គិតមកដល់ពេលនេះអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងអ្នកជំងឺ កក្កដា សុភ័ណ្ឌ គឺមានជាង៥០០នាក់ហើយដែលស្ថិតនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស។ នេះបើតាមលោកអភិបាលស្រុកសំរោង។
 
ចំពោះលទ្ធផលតេស្តលើកទី១លើអ្នកពាក់ព័ន្ធផ្ទាល់ចំនួន១០១នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ធជាង៥០០គឺលទ្ធផលអវិជ្ជមានកូវីដ-១៩។ នេះបើតាម លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ 
 
ជាមួយគ្នានេះ វត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានផ្អាកបណ្ដោះអាសន្ន ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយសារជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយលោក កក្កដា សុភ័ណ្ឌ។ លោក កក្កដា សុភ័ណ្ឌ ជាអតីតព្រះសង្ឃដែលបានបួសនៅវត្តមួយនេះ ហើយបានប្រកាសខ្លួនឯងថា មានវិជ្ជមានកូវីដ-១៩។


 ទិដ្ឋភាពនៃវត្តប្រាសាទនាងខ្មៅ (រូបពីទំព័រហ្វេសប៊ុករបស់ព្រះអង្គ ជួន កក្កដា)
 
ព្រះអង្គ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ បានបញ្ជាក់ថា ថ្នាក់ដឹកនាំវត្ត សម្រេចបិទវត្តមួយរយៈសិន ពោលគឺហាមពុទ្ធបរិស័ទចេញ-ចូលវត្ត ខណៈព្រះសង្ឃក៏មិនចេញក្រៅវត្តដែរ ដើម្បីរក្សាសុវត្ថិភាព ជាពិសេសព្រះសង្ឃតូចៗជាង៣០០អង្គ និងកូនសិស្សកំព្រាក្នុងវត្តប្រមាណ៤០អង្គ។ តាមរយៈការឡាយលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ មីនានេះ ព្រះអង្គ ជួន កក្កដា មានសង្ឃដីកាថា ការបង្កើនភាពប្រុងប្រយ័ត្នមួយនេះ ដោយសារជាប់ពាក់ព័ន្ធដោយប្រយោលនឹងលោក កក្កដា សុភ័ណ្ឌ ដែលផ្ទុកកូវីដ-១៩។
 

ព្រះអង្គមានសង្ឃដីកា ពន្យល់ថា ព្រះអង្គនៅវត្តផ្សេងបានទៅសូត្រមន្តនៅពិធីមង្គលការ ដែលជាទីតាំងលោក កក្កដា សុភ័ណ្ឌ ចូលរួម ហើយព្រះសង្ឃអង្គនោះ ជាប់ប្រាស័្រយជាមួយព្រះអង្គ គង់នៅវត្តភ្នំជីសូរ។ ជាមួយគ្នាដែរ ព្រះអង្គវត្តភ្នំជីសូរ គឺតែងតែនិមន្តចេញចូលនៅវត្តប្រាសាទនាងខ្មៅ ទើបមានក្ដីបារម្ភនិងការពារសុខភាព ព្រោះមានព្រះសង្ឃតូចៗច្រើនអង្គ។ 
 
ព្រះអង្គ ជួន កក្កដា បញ្ជាក់ដែរថា ការសម្រេចបិទនេះ គឺមិនមែនធ្វើក្រោមបញ្ជាអាជ្ញាធរឡើយ គឺសម្រេចដោយព្រះអង្គនៃគណៈគ្រប់គ្រងវត្ត។ បើតាមព្រះអង្គ កក្កដា ព្រះអង្គក្នុងវត្តប្រាសាទនាងខ្មៅដែលជាប់សង្ស័យមួយចំនួន ក៏បានយកសំណាកទៅពិនិត្យដែរ ហើយលទ្ធផលលើកទី១ គឺអវិជ្ជមាន។ យ៉ាងណាក៏ដោយ ព្រះអង្គនៅតែបន្តបិទវត្ដមួយរយៈពេលទៀត រហូតចេញលទ្ធផលចុងក្រោយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com