ជាតិ
សង្គមជាតិ
ក្រសួងអប់រំចេញលិខិតស្តីបន្ទោសគ្រូម្នាក់នៅតាកែវ ដែលទៅចូលរួមមង្គលការ
18, Mar 2021 , 4:33 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែមីនា បានចេញលិខិតស្តីបន្ទោសលើលោកគ្រូបង្រៀនម្នាក់ ដែលបានចូលរួមពិធីមង្គលការមួយ នៅស្រុកសំរោង ខេត្តតាកែវ ។ ការស្តីបន្ទោសលើគ្រូបង្រៀន នៅក្នុងវិទ្យាល័យអង្គតាសោមរូបនេះ  ដោយសារតែពិធីមង្គលការនោះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចួលរួមដែរ។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា លោកគ្រូបង្រៀនគីមីវិទ្យាម្នាក់នេះ បានប្រព្រឹត្តកំហុសឆ្គង ដោយបានចូលរួមក្នុងពិធីជួបជុំមនុស្សច្រើន ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ចូលរួមផងដែរ។ រដ្ឋមន្ត្រីអប់រំ បានសង្កត់ធ្ងន់ថា ក្រោយចូលពិធីមង្គលការនោះហើយ លោកគ្រូរូបនេះ មិនបានគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឡើយ ដោយទៅបង្រៀនសិស្សផ្ទាល់ នៅក្នុងថ្នាក់រៀន។
 
«ស្តីបន្ទោសលោកគ្រូដែលបានប្រព្រឹត្តកំហុសឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន»។ នេះបើតាម លោក ហង់ជួន ណារ៉ុន ដែលរៀបរាប់ក្នុងលិខិតស្តីបន្ទោសទៅលោកគ្រូនោះ។
 
ទាក់ទិននឹងបញ្ហានេះ លោក ស៊ូ យៀង នាយកវិទ្យាល័យអង្គតាសោម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា លិខិតស្តីបន្ទោសលើលោកគ្រូខាងលើ មានសពុលភាពរយៈពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នំានេះ បើលោកគ្រូរូបនោះនៅតែប្រព្រឹត្តខុសទៀត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
 
«ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយមិនឲ្យមានការចូលរួមក្នុងពិធីជួបជុំធំដំ និងមានមនុស្សច្រើន។ លិខិតនេះគ្រាន់តែជាលិខិតណែនាំទៅបុគ្គល(គ្រូបង្រៀននោះ)កុំឲ្យមានការខុសឆ្គងជាលើកទី២ទៀត និងជាការណែនាំកុំឲ្យមានសកម្មភាពលើអ្នកគ្រូ លោកគ្រូផ្សេងៗទៀត ដែលធ្វើឲ្យខាតពេលវេលារៀនសូត្រ និងប៉ះពាល់ដល់សហគមន៍ គ្រូ និងក្រសួងអប់រំ»។ នេះជាការលើកឡើងរបស់លោកនាយកវិទ្យាល័យអង្គតាសោម។
 
លោកគ្រូបង្រៀនគីមីវិទ្យានៅវិទ្យាល័យអង្គតាសោម ដែលរងការស្តីបន្ទោសនេះ បានទៅចូលរួមក្នុងពិធីមង្គលការមួយក្នុងស្រុកសំរោង កាលពីថ្ងៃទី១២ ខែមីនា ។ ក្នុងពិធីមង្គលការនោះ មានអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ ដែលគេស្គាល់ឈ្មោះថា កក្កដា សុភណ្ឌ បានចូលរួមផងដែរ។ បច្ចុប្បន្នលោកគ្រូម្នាក់នោះកំពុងធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិភាគខេត្តតាកែវ។ នេះបើតាមលោក ស៊ូ យៀង នាយកវិទ្យាល័យអង្គតាសោម៕
 
 

Tag:
 អប់រំ
 គ្រូ
© រក្សាសិទ្ធិដោយ thmeythmey.com