COVID-19
ជាតិ
អាជ្ញាធរព្រះសីហនុ ណែនាំឲ្យមន្ទីរពេទ្យឯកជន ពង្រឹងសុវត្ថិភាពទីតាំងខ្លួនឲ្យច្បាស់លាស់
21, Mar 2021 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឲ្យម្ចាស់មន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់ ត្រូវពង្រឹងវិធានសុវត្ថិភាព ចំពោះអ្នកជំងឺដែលទៅទទួលការព្យាបាលក្នុងមន្ទីរពេទ្យខ្លួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
 
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង ឲ្យម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់ ពិសេសពង្រឹងសុវត្ថិភាពសម្រាប់ពលរដ្ឋទៅទទួលការព្យាបាលនៅទីកន្លែងរបស់ខ្លួន។ ការពង្រឹងសុវត្ថិភាពនៅតាមមន្ទីរពេទ្យឯកជន និងគ្លីនិកឯកជនទូទាំងខេត្តនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវដ-១៩។
 
ម្ចាស់មន្ទីរពេទ្យឯកជន និងម្ចាស់គ្លីនិកឯកជនទាំងអស់ ត្រូវកត់ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិនិត្យព្យាបាលឲ្យបានច្បាស់លាស់ តាមអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។ ម្ចាស់មន្ទីរពេទ្យ ត្រូវពិនិត្យអាការៈអ្នកជំងឺឲ្យច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម និងរក្សាទុកទិន្នន័យ ដើម្បីផ្ទៀងផ្ទាត់ក្នុងករណីមានជំងឺកូវីដ-១៩។ ប្រសិនបើមានការសង្ស័យថាមានករណីកូវីដ-១៩ ត្រូវឲ្យអ្នកជំងឺនោះនៅដាច់ដោយឡែកក្នុងទីតាំងមន្ទីរពេទ្យខ្លួន ហើយផ្ដល់ព័ត៌មានទៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ ០១២ ៨៨៨ ៧៣៧ ឬ ០១៦ ៥២៦ ៥២០។ 
 
អ្វីដែលចាំបាច់នោះ មន្ទីរពេទ្យឯកជន និងគ្លីនិកឯកជនទាំងអស់ត្រូវ សហការជាមួយមន្ទីរសុខាភិបាល ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
 
បើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងនេះ កន្លងមកមានអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន២នាក់ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន ហើយម្ចាស់មន្ទីរឯកជននោះ បានអនុញ្ញាតឲ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ដែលជាហេតុធ្វើឲ្យមានការឆ្លងជំងឺកូវីដ-១៩ ទៅអ្នកផ្សេងទៀតនៅខេត្តព្រះសីហនុ។
 
នៅខេត្តសៀមរាបឯណោះវិញ រដ្ឋបាលខេត្តកាលពីថ្ងៃទី២០ ខែមីនា បានសម្រេចផ្អាកជាបណ្តោះអាសន្នមន្ទីរពេទ្យសម្រាកព្យាបាល៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះជម្ងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែអ្នកជំងឺកូវីដ-១៩ម្នាក់ធ្លាប់មានប្រវត្តិទៅកាន់ទីតាំងទាំងនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com